អាមេរិក​ត្រៀម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ដាច់ដោយឡែក​ជាមួយ​សភាព​អឺរ៉ុប ជប៉ុន និង ចក្រភព​អង់គ្លេស​

654
ចែករម្លែក

​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​តុលា​ក្រុមមន្ត្រី​អាមេរិក​បានប្រកាស​ពី​ការចរចា​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដាច់ដោយឡែក​ជាមួយ​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​ជប៉ុន ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ពាណិជ្ជកម្ម​ពិភពលោក​ឡើងវិញ​។​

​តំណាង​ពាណិជ្ជកម្ម​អាមេរិក លោក រ៉ូបឺត ឡៃ​ធី​ស័​រ បាន​និយាយថា រដ្ឋបាល​ត្រាំ​បាន​ជូនដំណឹង​ដល់​សភា​អំពី​ចេតនា​របស់ខ្លួន​ក្នុង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង​៣​ដាច់ដោយឡែក​។​

​លោក ឡៃ​ធី​ស័​រ បាន​និយាយថា “​យើង​ប្តេជ្ញា​សម្រេច​កិច្ចចរចា​ជាមួយ​លទ្ធផល​ទាន់ពេលវេលា​និង​វិជ្ជមាន​សម្រាប់​កម្មករ​កសិក​រ​អ្នក​ចិញ្ចឹមសត្វ​និង​អាជីវកម្ម​របស់​អាមេរិក​” ។​

​ចំណាត់ការ​នេះ​ធ្វើឡើង​បន្ទាប់ពី​ការចរចា​ឡើងវិញ​ដោយ​រដ្ឋបាល​ត្រាំ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង​ជាមួយ​កាណាដា​និង​ម៉ិ​ក​ស៊ិ​ក និង​ការជំរុញ​របស់ខ្លួន​ក្នុងការ​កែតម្រូវ​នូវ​អ្វីដែល​ត្រាំ​អះអាងថា ជា​រូបភាព​ពាណិជ្ជកម្ម​ដែល​គ្មាន​តុល្យភាព​។​

​នៅក្នុង​ការជូនដំណឹង​ទៅ​សភា​ស្តីពី​ជប៉ុន​និង​សហភាព​អឺរ៉ុប លោក​ឡៃ​ធី​ស័​រ​បានលើកឡើង​អំពី “​អតុល្យភាព​ពាណិជ្ជកម្ម​រ៉ាំរ៉ៃ​របស់​សហរដ្ឋអាមេរិក​” ហើយ​បាន​និយាយថា​អ្នក​នាំចេញ​របស់​សហរដ្ឋអាមេរិក​ត្រូវបាន​ប្រឈម​មុខជា​យូរ​មកហើយ​ដោយ​ឧបសគ្គ​ជាប់ពន្ធ​និង​មិន​ជាប់ពន្ធ​នៅក្នុង​ប្រទេស​ជប៉ុន​និង​អឺរ៉ុប​។​

​លោក​បាន​និយាយថា​គោលដៅ​នេះ​គឺ​ដើម្បី​សម្រេចបាន​នូវ​ការធ្វើ​ពាណិជ្ជកម្ម “​ប្រកបដោយ​យុត្តិធម៌​និង​តុល្យភាព​ជាង​មុន​” ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​អាមេរិក​។​

​លោក ឡៃ​ធី​ស័​រ បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​ស្វែងរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចក្រភព​អង់គ្លេស នៅពេលដែល​ប្រទេស​នេះ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ ២០១៩​។​

​លិខិត​ផ្ញើ​ទៅ​សភា​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ព្យាយាម​ដោះស្រាយ​ឧបសគ្គ​ជាប់ពន្ធ​និង​មិន​ជាប់ពន្ធ និង​សម្រេច​ឱ្យបាន​នូវ “​ពាណិជ្ជកម្ម​សេរី​និង​យុត្តិធម៌​” ជាមួយ​ចក្រភព​អង់គ្លេស​។​

​លោក​ត្រាំ​បាន​កំពុង​លេង​ចាស់ដៃ​ធ្ងន់ៗ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​អាមេរិក​ដោយ​ប្រើប្រាស់​ពន្ធគយ​និង​ការគំរាមកំហែង​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការនាំចេញ​របស់​អាមេរិក​និង​ទប់ស្កាត់​ឱនភាព​យូរអង្វែង​នៅក្នុង​ពាណិជ្ជកម្ម​ទំនិញ បើទោះបី​មានការ​ព្រមាន​ពី​សមាជិកសភា​អាមេរិក​ជាច្រើន​និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) ក៏ដោយ​។​

​ប្រមុខ IMF លោកស្រី គ្រីស្ទី​ន ឡា​ហ្គា​ត បាន​និយាយ​នៅឯ​កិច្ចប្រជុំ IMF និង​ធនាគារពិភពលោក​នៅ​កោះ​បាលី​កាលពី​សប្តាហ៍​មុន​ថា “​យើង​ចាំបាច់​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ព​ន្លឿ​ន​និង​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​បច្ចុប្បន្ន​”​។​

​លោក​ត្រាំ​បាន​ដំឡើង​ពន្ធ​ឬ​គំរាម​វាយ​ពន្ធ​លើ​ទំនិញ​ពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ជាពិសេស​ប្រទេស​ចិន​ប៉ុន្តែ​ក៏​លើ​សម្ព័ន្ធមិត្ត​ប្រពៃណី​ដូចជា​សហភាព​អឺរ៉ុប​ផងដែរ​។​

​អង្គការ IMF បាន​ព្រមាន​ថា “​ពន្ធ​និង​វិធានការ​បន្ថែម​របស់​ពួកគេ​អាច​នាំឱ្យ​មានការ​រឹតបន្តឹង​លើ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ ជាមួយ​ផលប៉ះពាល់​អវិជ្ជមាន​ជះ​លើ​សេដ្ឋកិច្ចពិភពលោក​និង​ស្ថិរភាព​ហិរញ្ញវត្ថុ​”៕ ដោយ៖ កញ្ញាដាលីស

#