អាមេរិក​ថា​មិន​ខ្លាច​ការ​គំរាម​ស្តីពី​ការវិល​ទៅ​អភិវឌ្ឍ​នុយក្លេអ៊ែរ​ជាថ្មី និង​ថា​នឹង​ជួប​មន្ត្រី​កំពូល​កូរ៉េខាងជើង​នៅ​ញូវយ៉ក​

693
ចែករម្លែក

អ្នកការទូតកំពូលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហាក់មិនត្រូវបានធ្វើអោយរាថយដោយសារតែការគំរាមរបស់កូរ៉េខាងជើងអំពីការប្រើឡើងវិញគោលនយោបាយទ្រោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើអាមេរិកមិនដកទណ្ឌកម្មសេដ្ឋកិច្ចទេនោះ។

រដ្ឋមន្រ្តីការបរទេស ម៉ៃ ផមផេវ បានប្រាប់កម្មវិធីFox News Sundayថា «យើងធ្លាប់បានឃើញការគំរាមបែបនេះ នៅពេលយើងឆ្លងកាត់ការចរចា» លុបបំបាត់នុយក្លេអ៊ែរ។

លោកបានបន្តថា« កម្លាំងចរន្តអគ្គិសនីដែលខ្ចាត់ខ្ចាយរត់ជុំវិញយើង តែមន្រ្តីអាមេរិកដឹងនរណាត្រូវចរចាជាមួយ និងអ្វីជាគោលជំហររបស់គេ។មិនមានការសម្រាលទណ្ឌកម្មសេដ្ឋកិច្ចទេ ទាល់តែយើងសំរេចបានគោលដៅចុងក្រោយរបស់យើង»។

កាលពីថ្ងៃអាទិត្យទី៤វិច្ឆិកា លោកម៉ៃ ផមផេវ ក៏បានបញ្ជាក់ថាលោកនឹងជួបប្រជុំជាមួយជនមានអំណាចបំផុតទី២របស់កូរ៉េខាងជើងនៅទីក្រុងញូវយ៉ក គឺលោក គីម យ៉ុងឆុល ដើម្បីបន្តការពិភាក្សាអំពីការលុបបំបាត់នុយក្លេអ៊ែរ។

លោកម៉ៃ ផមផេវ ជំរាបលាលោក គីម យ៉ុងឆុល មុនឡើងជិះយន្តហោះនៅអាកាសយានដ្ឋានក្រុងព្យុងយ៉ាងកាលពីខែកក្កដា ឆ្នាំ២០១៨

និយាយក្នុងកម្មវិធីFox News Sunday លោករដ្ឋមន្រ្តីបាននិយាយថាវានឹងជា«ឱកាសល្អមួយដើម្បីបន្តរក្សាការពិភាក្សាអំពីការលុបបំបាត់នុយក្លេអ៊ែរ ចាប់តាំងពីជំនួបកំពូលរវាងលោកប្រធានាធិបតី ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីខែមិថុនា។

ការប្រកាសរបស់ផមផេវ កើតឡើងក្រោយពីក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយថា កូរ៉េខាងជើងនឹងពិចារណាយកកម្មវិធីសព្វាវុធនុយក្លេអ៊ែររបស់ខ្លួនមកប្រើវិញ បើអាមេរិកមិនដកទណ្ឌកម្មទេ។

តែផមផេវ បានច្រានចោលការគំរាមនេះ ដោយថា« ខ្ញុំអត់បារម្ភអំពីវាទេ។យើងផ្តោតអារម្មណ៍ណាស់។យើងដឹងថាចរចាជាមួយនរណា យើងដឹងគោលជំហររបស់គេនិងប្រធានាធិបតីត្រាំ បានបញ្ជាក់អំពីជំហររបស់លោកច្បាស់ណាស់រួចហើយ។នឹងមិនមានការបន្ធូរបន្ថយទណ្ឌកម្មទេ រហូតទាល់តែយើងសំរេចគោលដៅចុងក្រោយរបស់យើង»។

នៅជំនួបកំពូលនៅសិង្ហបុរីកាលពីខែមិថុនា ត្រាំនិងគីម បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មិនច្បាស់លាស់មួយអំពីការលុបបំបាត់ចោលនុយគ្លេអ៊ែរ ។តែមានការរីកចំរើនតិចតួចត្រូវបានសំរេចឡើងចាប់តាំងពីពេលនោះមក ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជំរុញរក្សាទណ្ឌកម្មលើកូរ៉េខាងជើង និងរដ្ឋាភិបាលក្រុងព្យុងយ៉ាងថ្កោលទោសការទាមទាររបស់អាមេរិកថាមានចរិត «ដូចក្រុមបងធំ»៕ដោយ៖វាសនា