អាមេរិក​ថា “​នាវាមុជទឹក​កូរ៉េខាងជើង ត្រូវបាន​ប្រទះឃើញ​ធ្វើ​សកម្មភាព​ខុសប្លែក​ធម្ម​តា​”

1011
ចែករម្លែក
  • 256
    Shares

​ពីរ​បី​ថ្ងៃ​បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​(ICBM)​មក​នោះ កងទ័ព​អាមេរិក​បាន​និយាយថា ខ្លួន​បានឃើញ​ការធ្វើសកម្មភាព​ខុសប្លែក​ដោយ​នាវាមុជទឹក​របស់​កូរ៉េខាងជើង ។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ី​អ៊ិន​អ៊ិន ដែល​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​ទី​១​ខែសីហា​។​

​មន្ត្រី​អាមេរិក​បាន​និយាយថា មាន​ភស្តុតាង​ផងដែរ​ដែលថា ក្រុង​ព្យុងយ៉ាង បានធ្វើការ​សាកល្បង​អ្វីមួយ​នៅ​សមុទ្រ ។​

​ការសាកល្បង​នៅ​សមុទ្រ គឺ ទំនងជា​ពិសោធ​មើល​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ចេញពី​សមុទ្រ ដោយ​បាញ់​ចេញពី​នាវា​មុខទឹក​របស់ខ្លួន​(​កូរ៉េខាងជើង​)​។ នេះ​បើ​យោងតាម​ស៊ី​អ៊ិន​អ៊ិន​។​

​មន្ត្រី​ការពារជាតិ​អាមេរិក​នេះ បាន​និយាយថា “​ការសាកល្បង​នៅ​សមុទ្រ​បែបនេះ គឺជា​ការ​សា​ល្បង​លើក​ទី​៤ ដោយ​កូរ៉េខាងជើង​នៅ​ទីក្រុង​ស៊ិន​ប៉ូ​” ។​

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ពិចារណា​ថា​តើ​ត្រូវ​ឆ្លើយតប​យ៉ាងណា​ចំពោះ​ការសាកល្បង​មី​ស៊ី​ល​ចុងក្រោយ​បំផុត​ដោយ​កូរ៉េខាងជើង​នេះ ដែល​បង្កឱ្យមាន​ការខឹង​សម្បា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ប៉េកាំង​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ចិន ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​កូរ៉េខាងជើង ដោយ​និយាយថា ខ្លួន​(​ចិន​) គួរ​ធ្វើការ​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​៕ ដោយ៖ សុខា

​រូបភាព​បង្ហាញ កូរ៉េខាងជើង បាញ់​សាកល្បង​មី​ស៊ី​ល​ចេញពី​នាវា​មុខទឹក កាលពី​ពេលមុន