រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ៃ ផមផេវ កំពុងអំពាវនាវអោយកងកម្លាំងសន្តិសុខវេណេស៊ុយអេឡា «ធ្វើការងារត្រឹមត្រូវ»ដោយអនុញ្ញាតអោយជំនួយមនុស្សធម៌ចូលក្នុងប្រទេសវេណេស៊ុយអេឡា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ លោកផមផេវ បាននិយាយថាកងកម្លាំងសន្តិសុខគួរការពារជនស៊ីវិលប្រឆាំងនឹងអ្វីដែលលោកហៅថា«ក្រុមបងធំប្រដាប់អាវុធ»របស់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងគាំទ្ររដ្ឋធម្មនុញ្ញព្រមទាំងនីតិរដ្ឋរបស់វេណេស៊ុយអេឡា ។
លោករដ្ឋមន្ត្រីបាននិយាយថា«ឥឡូវវាដល់ពេលចាត់ការដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងឆ្លើយតបចំពោះតំរូវការរបស់ប្រជាជនវេណេស៊ុយអេឡាដែលត្រូវការជាចាំបាច់»។លោកក៏បានធ្វើការព្រមានជាថ្មីពីរដ្ឋាភិបាលអាមេរិកថា អ្នកដែលជំទាស់នឹងការស្តារលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធី នឹងទទួលខុសត្រូវ។
ការអំពាវនាវរបស់ផមផេវ បានកើតឡើងបន្ទាប់ពីកងកម្លាំងសន្តិសុខវេណេស៊ុយអេឡា បាញ់ឧស្ម័នហៀរទឹកភ្នែកលើអ្នកប្រឆាំងតវ៉ាដែលព្យាយាមនាំជំនួយចូលមកពីខាងកូឡុំប៊ីនិងប្រេស៊ីល។មនុស្ស២នាក់ត្រូវបានសម្លាប់និង៣០០នាក់រងរបួស។
ក្នុងពេលជាមួយគ្នា មេដឹកនាំប្រឆាំងលោកហ្ស័ន ក្វាយដូ និយាយថាលោកនឹងស្នើសុំសហគមន៍អន្តរជាតិរក្សា«រាល់ជំរើសទាំងអស់»ដើម្បីបណ្តេញប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ ចេញពីអំណាច។
លោកក្វាយដូ បានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន និងមានការទទួលស្គាល់ពីអាមេរិករួមទាំងប្រទេសប្រមាណ៥០។លោកបាននិយាយថាលោកនឹងជួបប្រជុំជាមួយអនុប្រធានាធិបតីអាមេរិក និងអ្នកការទូតតំបន់នៅក្នុងកិច្ចប្រជុំរបស់ក្រុមLima Groupនៅថ្ងៃចន្ទទី២៥កុម្ភៈ៕ដោយ៖វាសនា