អាមេរិក​ទាក់ទង​ផ្ទាល់​ជាមួយ​យោធា​វេ​ណេ​ស៊ុយ​អេ​ឡា និង​កំពុង​ជំ​រុញឱ្យ​នាំគ្នា​រត់ចោល​ម៉ា​ឌូ​រ៉ូ​

496
ចែករម្លែក

​មន្ត្រីជាន់ខ្ពស់​របស់​សេត​វិមាន​បាន​និយាយថា សហរដ្ឋអាមេរិក​កំពុងធ្វើការ​ទាក់ទង​ដោយផ្ទាល់​ជាមួយ​សមាជិក​នៃ​កងទ័ព​វេ​ណេ​ស៊ុយ​អេ​ឡា ដោយ​ជំរុញ​ឱ្យ​ពួកគេ​បោះបង់ចោល​លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ និង​កំពុង​រៀបចំ​ទណ្ឌកម្ម​ថ្មីៗ​ដើម្បី​បង្កើន​សម្ពាធ​លើ​រូបលោក​។​

​មន្ត្រី​នោះ​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ថា រដ្ឋបាល​ត្រាំ​រំពឹងថា​នឹង​មានការ​រត់ចោលជួរ​យោធា​បន្ថែមទៀត​ពី​ខាង​លោក​ម៉ា​ឌូ​រ៉ូ បើទោះជា​មាន​មន្ត្រីជាន់ខ្ពស់​មួយចំនួន​តូច​បានធ្វើ​ដូច្នេះ​តាំងពី​មេដឹកនាំ​គណបក្សប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ បានប្រកាស​ខ្លួន​គាត់​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​កាលពី​ខែ​មុន ដោយ​ទទួលបាន​ការទទួលស្គាល់​ពី​សហរដ្ឋអាមេរិក​និង​ប្រទេស​រាប់សិប​ផ្សេងទៀត​ក៏ដោយ​។​

​មន្ត្រី​រូបនេះ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​នៅ​សប្តាហ៍​នេះ​ថា “​យើង​ជឿថា​ទាំងនេះ​ជា​ដុំ​គ្រួស​តូចៗ​ដំបូង​គេ មុនពេល​យើង​ចាប់ផ្តើម​មើលឃើញ​ថ្ម​ធំៗ​រមៀល​ចុះ​ពីលើ​ភ្នំ​។ យើង​នៅ​កំពុង​សន្ទនា​ជាមួយ​សមាជិក​នៃ​អតីត​របប​ម៉ា​ឌូ​រ៉ូ ដោយមាន​ទាំង​សមាជិក​យោធា ទោះបីជា​ការសន្ទនា​ទាំងនោះ​នៅមានកម្រិត​ខ្លាំង​ក៏ដោយ​”​។

​មន្ត្រី​រូបនោះ​បាន​បដិសេធ​ផ្តល់ព័ត៌មាន​លម្អិត​ស្តីពី​ការពិភាក្សា​ឬ​កម្រិត​ដែល​ពួកគេ​កំពុង​ពិភាក្សា ហើយ​គេ​មិន​ច្បាស់​ថា​តើ​ការទាក់ទង​បែបនេះ​អាចបង្កើត​ការបែកបាក់​នៅក្នុង​ការ​គាំទ្រ​របស់​មេដឹកនាំ​សង្គមនិយម​វេ​ណេ​ស៊ុយ​អេ​ឡា​ពី​ពួកយោធា ដែលជា​កត្តា​សំខាន់​ចំពោះ​ការក្តោបក្តាប់​អំណាច​របស់គាត់​ឬ​យ៉ាងណា​នោះទេ​។​

​ខណៈដែល​យោធា​វេ​ណេ​ស៊ុយ​អេ​ឡា​នៅតែ​ស្មោះត្រង់​ចំពោះ​លោក​ម៉ា​ឌូ​រ៉ូ ប្រភព​មួយ​នៅ​វ៉ាស៊ីនតោន​ដែល​ជិតស្និទ្ធ​នឹង​ក្រុមប្រឆាំង​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​ចោទ​ជា​មន្ទិល​ថា​តើ​រដ្ឋបាល​ត្រាំ​បានដាក់​ចេញ​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​ដើម្បី​ជំរុញឱ្យមាន​ការបះបោរ​កាន់តែ​ច្រើនឡើង​នៅក្នុង​ជួរ​កងទ័ព កន្លែង​ដែល​ក្រុមមន្ត្រី​ជាច្រើនរូប​ត្រូវគេ​សង្ស័យថា​ទទួលបាន​ផលប្រយោជន៍​ពី​អំពើពុករលួយ​និង​ការជួញដូរ​គ្រឿងញៀន​។​

​លោក​អេ​រិ​ក ហ្វា​ន​ស្វត ប្រធាន​ក្រុមប្រឹក្សា​ផ្តល់យោបល់​របស់​អាមេរិក​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា សមាជិក​នៃ​កងកម្លាំង​សន្តិសុខ​វេ​ណេ​ស៊ុយ​អេ​ឡា​មានការ​ព្រួយបារម្ភ​ថា​ពួកគេ​ឬ​ក្រុមគ្រួសារ​របស់​ពួកគេ​អាច​ត្រូវបាន​កំណត់​គោលដៅ​ដោយ​លោក​ម៉ា​ឌូ​រ៉ូ ប្រសិនបើ​ពួកគេ​រត់ចោល​គាត់ ដូច្នេះ​អាមេរិក​ចាំបាច់​ត្រូវ​ផ្តល់ឱ្យ​ពួកគេ​នូវ​អ្វីមួយ​ដែល​អាច​លុបបំបាត់បាន​រាល់​កង្វល់​ទាំងអស់នេះ​។

​លោក​ហ្វា​ន​ស្វត​បាន​និយាយថា “​វា​អាស្រ័យ​លើ​អ្វីដែល​ពួកគេ​ផ្តល់ជូន​។ តើ​មានការ​លើកទឹកចិត្ត​ណាមួយ​ត្រូវបាន​បង្កើតឡើង​ក្នុងការ​ទាក់ទង​ផ្ទាល់​នេះ ដែល​យ៉ាងហោចណាស់​នឹង​បណ្តា​ឱ្យ​មនុស្ស​នាំគ្នា​ចោទ​ជា​មន្ទិល​អំពី​ភក្ដីភាព​របស់​ពួកគេ​ចំពោះ​របប​នេះដែរ​ឬទេ​?”​។​

​លោក​ក្វា​យ​ដូ​និយាយថា ការបោះឆ្នោត​ខែឧសភា​ឆ្នាំ ២០១៨ ដែល​លោក​ម៉ា​ឌូ​រ៉ូ​ទទួលបាន​អាណត្តិ​ទី​២ ជា​ប្រធានាធិបតី គឺជា​ការ​ក្លែងបន្លំ ហើយ​កាលពី​ថ្ងៃទី ២៣ ខែមករា​បាន​ប្រើ​រដ្ឋធម្មនុញ្ញ​ដើម្បី​ប្រកាស​ខ្លួន​គាត់​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន ដោយ​សន្យា​ឱ្យមាន​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ លើកដៃ​ជាស​ញ្ញា​ជ័យជម្នះ​អំឡុង​ពិធី​ជួបជុំ​យោធា​នៅ​ទីក្រុង​កា​រ៉ា​កាស​កាលពី​ថ្ងៃទី ៣០ មករា