អាមេរិក​និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួមគ្នា​ដើម្បី​ទប់ទល់​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​

516

​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួមគ្នា​ពេញ​សប្តាហ៍​នៅ​ដែនសមុទ្រ​ជុំវិញ​ឧបទ្វីប​កូរ៉េ​នៅ​ថ្ងៃ​ចន្ទ​ទី​១៦​តុលា​នេះ ចំពេល​មាន​ភាព​តានតឹង​ខ្លាំង​អំពី​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កូរ៉េខាងជើង​។​

​អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា នាវាចម្បាំង​ប្រហែល ៤០ គ្រឿង​មកពី​ប្រទេស​ទាំងពីរ រួមទាំង​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ កំពុង​ចូលរួម​នៅក្នុង​សមយុទ្ធ​នៅ​ប៉ែក​ខាងកើត​និង​ខាងលិច​នៃ​ឧបទ្វីប​កូរ៉េ ចាប់ពី​ថ្ងៃទី ១៦ តុលា​ដល់​ថ្ងៃទី ២០ ខែតុលា​។

​កូរ៉េខាងជើង​បាន​ហៅ​សមយុទ្ធ​យោធា​រួមគ្នា​ដោយ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ថា​ជា “​ការហាត់​សម​សម្រាប់​ធ្វើសង្គ្រាម​” ។​

​កាលពី​ថ្ងៃអាទិត្យ ទី​១៥ តុលា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធី​ល​ល័​រ​សុន បាន​និយាយថា លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ណែនាំ​លោក​ឱ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់តែ​កើនឡើង​ជាមួយ​កូរ៉េខាងជើង ដោយ​និយាយថា “​ការប្រឹងប្រែង​ការទូត​ទាំងនោះ​នឹង​បន្ត​រហូតដល់​គ្រាប់បែក​ទី​១ ធ្លាក់​”​។​

​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បន្ទាប់ពី​ការធ្វើ​តេស្ត​អាវុធ​ជា​បន្តបន្ទាប់​ដោយ​ក្រុង​ព្យុងយ៉ាង​ដែល​រួមមាន​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី ៦ ដ៏​មាន​ឥទ្ធិពល​បំផុត​កាលពី​ថ្ងៃទី ៣ ខែកញ្ញា និង​មី​ស៊ី​ល ២ គ្រាប់​បាន​បាញ់​រំលង​លើ​ប្រទេស​ជប៉ុន ព្រមទាំង​សង្គ្រាមពាក្យសម្តី​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​។​

​សមាជិកសភា​រុស្ស៊ី​ម្នាក់​ដែល​ទើប​វិលត្រឡប់​ពី​ទស្សនកិច្ច​ទៅកាន់​ក្រុង​ព្យុងយ៉ាង​កាលពី​ដើមខែ​នេះ​បាន​និយាយថា កូរ៉េខាងជើង​កំពុង​រៀបចំ​ធ្វើការ​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ខ្លួន​ជឿថា​អាច​បាញ់​ដល់​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នៃ​សហរដ្ឋអាមេរិក​។​

​ក្រុមមន្ត្រី​និង​ក្រុមអ្នកវិភាគ​របស់​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​អាច​នឹង​កំណត់ពេល​បង្ករឿង​ហេតុ​ជាថ្មី​ដើម្បី​គាប់​ជួន​គ្នា​ជាមួយ​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​ដ៏​សំខាន់បំផុត ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ ទី​១៨ តុលា​៕ ដោយ៖ កញ្ញាដាលីស

នាវា​ផ្ទុក​យន្តហោះ​អាមេរិក USS Ronald Reagan