អាមេរិក​និង​កូរ៉េខាងត្បូង​យល់ព្រម​ផ្អាក​សមយុទ្ធ​យោធា​រួមគ្នា​

657
ចែករម្លែក

​ក្រុមមន្ត្រី​កូរ៉េខាងត្បូង​និង​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​មិថុនា​ថា សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​បាន​ព្រមព្រៀង​ផ្អាក​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ដែល​គ្រោង​ធ្វើ​នៅ​ខែសីហា បន្ទាប់ពី​ការប្តេជ្ញាចិត្ត​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​បញ្ចប់ “​សមយុទ្ធ​” ក្រោយពី​ជំនួប​កំពូល​របស់លោក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន កាលពី​សប្តាហ៍​មុន​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បានឱ្យដឹងថា “​កូរ៉េខាងត្បូង​និង​អាមេរិក​បាន​ព្រមព្រៀង​ផ្អាក​គ្រប់​ផែនការ​សកម្មភាព​ទាំងអស់​ពាក់ព័ន្ធ​នឹង​សមយុទ្ធ​យោធា Freedom Guardian ដែល​គ្រោង​ធ្វើ​នៅ​ខែសីហា​”​។​

​សេចក្តីថ្លែងការណ៍​រប​ស់​មន្ទីរ​បញ្ច​កោណ​បានបញ្ជាក់​ពី​ការផ្អាក​នេះ​និង​បាន​បន្ថែមថា​នឹងមាន​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​និង​ការបរទេស​ព្រមទាំង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ត្រាំ​ចំពោះ​បញ្ហា​នៅ​សប្តាហ៍​នេះ​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោកស្រី ដា​ណា វ៉ា​យ បាន​និយាយថា “​យើង​នៅ​កំពុងធ្វើការ​សម្របសម្រួល​សកម្មភាព​បន្ថែមទៀត​។ មិនទាន់មាន​ការសម្រេច​ចិត្ត​អំពី​សមយុទ្ធ​ជា​បន្តបន្ទាប់​នៅឡើយ​ទេ​”​។​

​កាលពី​ឆ្នាំមុន​ទាហាន​អាមេរិក​ចំនួន ១៧.៥០០ នាក់​និង​កងទ័ព​កូរ៉េខាងត្បូង​ជាង ៥០.០០០ នាក់​បាន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា Ulchi Freedom Guardian បើទោះជា​ការធ្វើ​សមយុទ្ធ​នេះ​ផ្តោតលើ​ការធ្វើ​ពិសោធ​កុំព្យូទ័រ​ជាជាង​ការធ្វើ​សមយុទ្ធ​ផ្ទាល់​នៅលើ​ផ្ទៃ​ដីគោក ដែល​ប្រើប្រាស់​អាវុធ រថក្រោះ ឬ​យន្តហោះ​ក៏ដោយ​។​

​ការសម្រេចចិត្ត​ផ្អាក​លំ​ហាត់​សមយុទ្ធ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ការពារជាតិ​អាមេរិក​បច្ចុប្បន្ន​និង​អតីត​ជាច្រើន​នាក់ ដែល​ទើបតែ​បានដឹង​អំពី​រឿងនេះ នៅពេលដែល​លោក​ត្រាំ​បាន​ថ្លែង​សុន្ទរកថា​៕ ដោយ៖ កញ្ញាដាលីស

អាមេរិក​និង​កូរ៉េខាងត្បូង​យល់ព្រម​ផ្អាក​សមយុទ្ធ​រួមគ្នា