អាមេរិក​និង​ចិន​ជំរុញ​ឱ្យ​មាន​ការអត់ធ្មត់​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​

374
ចែករម្លែក
  • 13
    Shares

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ផ​មផេវ​កំពុង​ជំរុញ​លើកទឹក​ចិត្ត​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ឱ្យ​អត់ធ្មត់​និង​ជៀសវាង​បង្កើន​ភាព​តានតឹង​បន្ទាប់​ពី​ការវាយប្រហារ​ដោយ​ឥណ្ឌា​​ទៅ​លើ​ទឹកដី​ប៉ា​គី​ស្ថាន​។​

​សេចក្តី​ថ្លែងការណ៍​ពី​ការិយាល័យ​អ្នកនាំពាក្យ​របស់​លោក បាន​និយាយថា លោក ម៉ៃ ផ​មផេវ​បាន​បាន​និយាយ​ទៅ​រដ្ឋមន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២​តាម​ទូរស័ព្ទ​ដើម្បី​បញ្ជាក់​​អំពី​គោលដៅ​រួម​នៃ​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​នេះ ។ លោក ម៉ៃ ផ​មផេវ​បាន​និយាយថា​លោក​បាន​សង្កត់ធ្ងន់​ទៅលើ​ប៉ា​គី​ស្ថាន​អំពី​ភាព​បន្ទាន់​នៃ​ការចាត់វិធានការ​​ជាក់ស្តែង​លើ​ក្រុម​ភេរវជន​នៅលើ​ដី​របស់​ខ្លួន​។​

​ចំណែក​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា ខ្លួន​សូម​ធ្វើ​ការអំពាវនាវ​ជា​ថ្មី​អោយ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ធ្វើ​ការអត់ធ្មត់​។​

​ឥណ្ឌា រុស្ស៊ី​និង​ចិន កាលពី​ថ្ងៃ​ពុធ​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ ក្រោយ​មាន​កិច្ចប្រជុំ​មួយ​របស់​រដ្ឋមន្ត្រីការបរទេស​របស់គេ ដោយ​ពួកគេ​បាន​និយាយ​ថា​បណ្តា​ក្រុម​និយម​​ជ្រុល​មិន​អាច​បាន​ការគាំទ្រ និង​អនុញ្ញាត​អោយ​ប្រើ​សំរាប់​គោលដៅ​នយោបាយ​និង​ភូមិសាស្ត្រ​នយោបាយ​ឡើយ ហើយ​អ្នក​ដែល​គាំទ្រ​អំពើ​ភេរវកម្ម​ត្រូវតែ​ទទួលខុសត្រូវ​និង​​នាំ​មក​កាត់ទោស​។​

​ប៉ា​គី​ស្ថាន​បាន​និយាយ​ថា​យន្តហោះ​ចម្បាំង​ឥណ្ឌា​ច្រើន​គ្រឿង​បាន​ទម្លាក់​គ្រាប់បែក​នៅ​ក្បែរ​ទីក្រុង​Balakot ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​និង​រប​យស​ទេ ប៉ុន្តែ ឥណ្ឌា​បាន​និយាយថា ​ការវាយប្រហារ​តាម​អាកាស​របស់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​បាន​វាយប្រហារ​ចំ​ជំរុំ​ហ្វឹកហាត់​ភេរ​វករ​មួយ​កន្លែង​និង​បាន​សម្លាប់​ពួក​សកម្មប្រយុទ្ធ​ជាច្រើន​នាក់​។​

​ការវាយប្រហា​ដោយ​ឥណ្ឌា​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​ក្រុម​ជី​ហាដ​បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​បានសម្លាប់​ទាហាន​ឥណ្ឌា​រាប់សិប​នាក់​នៅ​តំបន់​​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​កាលពីដើម​ខែ​នេះ​។​

​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​បាន​កោះហៅ​អ្នកការទូត​ជាន់ខ្ពស់​របស់​ឥណ្ឌា​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការវាយប្រហារ​តាម​អាកាស​នេះ​និង​បាន​និយាយថា ” ការ​​ឈ្លានពាន​របស់​ឥណ្ឌា​នឹង​ទទួលបាន​ការឆ្លើយតប​ដ៏​សាក​សម​មកវិញ​”៕​ដោយ​៖​សុខា​/​វាសនា​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ផ​ម​ផេវ​