អាមេរិក​និង​ចិន​សម្តែង​សុទិដ្ឋិនិយម​អំពី​ការចរចា​ពាណិជ្ជកម្ម ប៉ុន្តែ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅតែមាន​ទម្ងន់​

200
ចែករម្លែក
  • 23
    Shares

​ក្រុមមន្ត្រី​អាមេរិក​និង​ចិន​បាន​សម្តែង​ក្តីសង្ឃឹម​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កុម្ភៈ​ថា​កិច្ចចរចា​ជុំ​ថ្មី​នឹង​ធ្វើឱ្យ​ពួកគេ​កាន់តែ​ខិតជិត​គ្នា​ដើម្បី​បន្ធូរបន្ថយ​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​ប្រាំពីរ​ខែ​របស់​ពួកគេ​ប៉ុន្តែ​បេសកកម្ម​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​បាន​ជះ​ស្រមោល​មកលើ​ការចរចា​នៅ​ទីក្រុង​ប៉េកាំង​។​

​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរ​របស់​ពិភពលោក​នេះ​កំពុង​ព្យាយាម​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ឱ្យបាន​មុនពេល​កំណត់​ថ្ងៃទី ១ ខែមីនា ដែល​បន្ទាប់ពីនោះ​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ គ្រោង​នឹង​កើនឡើង​ដល់ ២៥ ភាគរយ​ពី ១០ ភាគរយ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រូវគេ​រំពឹងថា​នឹង​បន្ត​ដាក់​សម្ពាធ​លើ​ប៉េកាំង​លើ​ការទាមទារ​ជា​យូរហើយ​ថា​ចិន​ត្រូវធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ទូលំទូលាយ​ដើម្បី​ការពារ​កម្មសិទ្ធិបញ្ញា (IP) របស់​ក្រុមហ៊ុន​អាមេរិក និង​បញ្ចប់​គោលនយោបាយ​នានា​ក្នុងការ​បង្ខំ​ឱ្យ​ផ្ទេរ​បច្ចេកវិជ្ជា​ឱ្យទៅ​ក្រុមហ៊ុន​ចិន និង ទប់ស្កាត់​ការឧបត្ថម្ភ​ធន​ឧស្សាហកម្ម​។​

​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​សេត​វិមាន​លោក​ខេ​វិ​ន ហាស​សេត បាន​និយាយថា រដ្ឋបាល​ត្រាំ​មាន​សេចក្តី​រីករាយ​ដែល​កិច្ចពិភាក្សា​កំពុងដំណើរការ​ទៅមុខ ប៉ុន្តែ​បាន​ព្រមាន​ថា​កាលកំណត់​ថ្ងៃទី ១​ខែមីនា​គឺជា​ថ្ងៃ​កំណត់​ពិតប្រាកដ​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ​។​

​កិច្ចចរចា​បានចាប់ផ្តើម​នៅក្នុង​ទីក្រុង​ប៉េកាំង​ជាមួយនឹង​ការពិភាក្សាគ្នា​រវាង​ក្រុមមន្ត្រី​ថ្នាក់ក្រោម​កាលពី​ថ្ងៃ​ចន្ទ​មុនពេល​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ធ្វើឡើង​នៅ​អំឡុង​សប្តាហ៍​នេះ​។ កិច្ចចរចា​ជុំ​ចុងក្រោយ​កាលពី​ចុងខែ​មករា​បានបញ្ចប់​ជាមួយ​វឌ្ឍនភាព​មួយចំនួន ប៉ុន្តែ​មិនមាន​កិច្ចព្រមព្រៀង​ទេ និង អាមេរិក​បានប្រកាសថា មាន​ការងារ​ច្រើន​ទៀត​ចាំបាច់​ត្រូវធ្វើ​។​

​លោកហាស​សេត​បាន​ប្រាប់​ទូរទស្សន៍ Fox Business Network ថា “​អ្នកដឹង​ទេ ក្រុមមន្ត្រី​ថ្នាក់ក្រោម​កំពុងធ្វើការ​លើ​កិច្ចការ​មួយចំនួន ព្រោះថា​ពួកគេ​នឹង​បង្ហាញ​ដល់​មន្ត្រីជាន់ខ្ពស់​នៅពេល​ក្រោយ​ទៀត​ក្នុងអំឡុង​សប្តាហ៍​នេះ​។ ហើយ​ពិតណាស់​អ្នកដឹង​ទេ យើង​បានដាក់​អ្វីៗ​គ្រប់យ៉ាង​នៅលើ​តុ​ចរចា រួមទាំង​ការ​លួច IP និង​ការផ្ទេរ​បច្ចេកវិជ្ជា​ដោយ​បង្ខំ​ជាដើម​”​។​

​លោកហាស​សេត​ដែលជា​ប្រធាន​ក្រុមប្រឹក្សា​យោបល់​សេដ្ឋកិច្ច​បាន​បន្ថែមថា សេត​វិមាន “​ទន្ទឹងរង់ចាំ​ចំពោះ​អ្វីដែល​ក្រុមមន្ត្រី​ជាន់ខ្ពស់​នឹង​សម្រេចបាន​នៅ​សប្តាហ៍​នេះ​”​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី​ហួ ឈុន​យី​ង​ក៏បាន​សម្តែង​សុទិដ្ឋិនិយម​អំពី​ការចរចា​នេះដែរ ដោយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា “​យើង​ពិតណាស់​មាន​ក្តីសង្ឃឹម ហើយ​ប្រជាជន​លើ​ពិភពលោក​ចង់ឃើញ​លទ្ធ​ផល​ល្អ​”៕ ដោយ៖ កញ្ញាដាលីស

ចិន​និង​អាមេរិក​ចាប់ផ្តើម​ចរចា​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ចន្ទ