អាមេរិក​និង​ចិន ប្រកាស​ឈប់​វាយ​ពន្ធ​សងសឹក​គ្នា​៩០​ថ្ងៃ ដើម្បី​ចរចា​សំរេច​កិច្ចព្រមព្រៀង​មួយ​

246

ចិននិងអាមេរិកបានព្រមព្រៀងគ្នាថានឹងឈប់វាយពន្ធថ្មី ខណៈប្រទេសទាំង២ខិតខំពិភាក្សាអំពីកិច្ចការពាណិជ្ជកម្ម ក្នុងបំណងសំរេចអោយបានកិច្ចព្រមព្រៀងមួយក្នុងរយៈពេល៩០ថ្ងៃ នេះបើតាមសេតវិមានបាននិយាយកាលពីថ្ងៃសៅរិ៍ទី១ធ្នូ ក្រោយពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង ជួបពិភាក្សាគ្នាជាង២ម៉ោងនៅអាហ្សង់ទីន។

សេតវិមានបាននិយាយថា« ត្រាំបានយល់ព្រមមិនបង្កើនពន្ធលើទំនិញចិនតំលៃ២០០ពាន់លានដុល្លារបន្ថែមរហូតដល់អត្រា២៥ភាគរយនៅថ្ងៃ០១មករា ដូចលោកបានប្រកាសព្រមាននោះទេ ខណៈចិនបានយល់ព្រមទិញទំនិញកសិកម្ម ថាមពល ឧស្សាហកម្មនិងផលិតផលដទៃទៀតរបស់អាមេរិកដ៏ច្រើន»។

សេតវិមានក៏បាននិយាយថា ចិនក៏នឹងយល់ព្រមលើកិច្ចព្រមព្រៀងអំពីក្រុមហ៊ុនQualcomm Inc NXPដែលពីមុនខ្លួនមិនបានយល់ព្រមបើសិនជាវាត្រូវបានស្នើឡើងវិញ។

សេតវិមានបានបន្តថា ប្រសិនបើកិច្ចព្រមព្រៀងអំពីពាណិជ្ជកម្មរួមមាន ការផ្ទេរបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា របាំងមិនមែនពន្ធគយ ចោរកម្មអ៊ិនធឺណិត និងកសិកម្មមិនត្រូវបានសំរេចឡើងក្នុងរយៈពេល៩០ថ្ងៃខាងមុខទេ នោះភាគីទាំងពីរព្រមព្រៀងគ្នាថា អត្រាពន្ធគយលើទំនិងផងគ្នានឹងត្រូវដំឡើងពី១០ទៅ២៥ភាគរយ។

ក្នុងពេលជាមួយគ្នា ជំនួយការសេដ្ឋកិច្ចសេតវិមានលោកឡារី គុតឡូវ បាននិយាយថា កិច្ចប្រជុំលើតុអាហារកាលពីថ្ងៃសៅរិ៍រវាងលោកត្រាំនិងលោកស៊ី អំពីបញ្ហាពាណិជ្ជកម្មបានប្រព្រឹត្តទៅល្អណាស់។

សូមបញ្ជាក់ថា អាមេរិកបានយកពន្ធរួចហើយលើទំនិញចិនតំលៃជាង២៥០ពាន់លានដុល្លារ ស្មើនឹងប្រមាណពាក់កណ្តាលនៃទំនិញអាមេរិកនាំចូលពីចិនជារៀងរាល់ឆ្នាំ ដើម្បីដាក់សម្ពាធអោយចិនប្តូរវិធីនៃការធ្វើពាណិជ្ជកម្ម៕ដោយ:វាសនា