អាមេរិក​និង​តា​លី​បង់​បន្ត​ការចរចា ខណៈ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​កំពុង​ស្វែងរក​តួនាទី​ក្នុង​ដំណើរការ​សន្តិភាព​

685
ចែករម្លែក

​ពួក​មន្ត្រី​អាមេរិក​និង​ពួក​តា​លី​បាន​បន្តធ្វើ​កិច្ចចរចា​នៅ​ប្រទេស​កាតា​កាលពី​ថ្ងៃ​ពុធ​ទី​១​ឧសភា​ក្នុង​គោលបំណង​បញ្ចប់សង្គ្រាម​រយៈពេល ១៧ ឆ្នាំ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បានរៀបចំ​កិច្ចប្រជុំ​ដ៏​កម្រ​មួយ​នៅ​ទីក្រុង​កា​ប៊ុល​ដើម្បី​ធានាថា​ផលប្រយោជន៍​របស់ខ្លួន​ត្រូវបាន​រក្សាទុក​នៅក្នុង​រាល់​កិច្ចព្រមព្រៀង​សន្តិភាព​ណាមួយ​។​

​ពួក​តា​លី​បង់​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​និយាយថា​បេសកជន​ពិសេស​របស់​អាមេរិក​ស​ម្រា​ប់​សន្តិភាព​នៅក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក ហ្សា​ល់​ម៉ា​យ ខា​លី​ល​ហ្សា​ដ (Zalmay Khalilzad) បាន​ជួប​មេដឹកនាំ​នយោបាយ​របស់​ពួក​តា​លី​បង់​លោក មូល​ឡាស អាប់​ឌុល ហ្គា​នី បា​រ៉ា​ដា (Mullah Abdul Ghani Baradar) ដែល​កំពុង​ដឹកនាំ​គណៈប្រតិភូ​របស់​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម​។​

​អ្នកនាំពាក្យ​របស់​ពួក​តា​លី​បង់ លោក ហ្សា​ប៊ី​ហ៊ូ​ឡាស មូ​ចា​ហ៊ី​ដ (Zabihullah Mujahid) បាន​និយាយថា “​ទស្សនៈ​នានា​ត្រូវបាន​ផ្លាស់ប្តូរ​អំពី​ទិដ្ឋភាព​សំខាន់ៗ​សម្រាប់​ដំណោះស្រាយ​សន្តិភាព​នៃ​បញ្ហា​អា​ហ្វ​ហ្គា​នី​ស្ថាន​”​។​

​កិច្ចចរចា​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​ដើម្បី​បញ្ចប់សង្គ្រាម​យូរ​បំផុត​របស់​អាមេរិក ដែល​បានចាប់ផ្តើម នៅពេល​កងកម្លាំង​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក បាន​បណ្តេញ​ពួក​តា​លី​បង់ ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​ការវាយប្រហារ​ថ្ងៃទី ១១ ខែកញ្ញា​ឆ្នាំ ២០០១ ទៅលើ​សហរដ្ឋអាមេរិក​។​

​ចាប់តាំងពី​ខែតុលា​មក ក្រុមមន្ត្រី​អាមេរិក​និង​ពួក​តា​លី​បង់​បានធ្វើ​កិច្ចចរចា​ជាច្រើន​ជុំ​ក្នុង​គោលបំណង​ដើម្បី​ធានា​នូវ​ការចាកចេញ​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​កងក​ម្លាំ​ង​សហរដ្ឋអាមេរិក​ដើម្បី​ជា​ថ្នូរ​នឹង​ការធានា​ពី​ពួក​តា​លី​បង់​ថា​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹងមិន​ត្រូវបាន​ប្រើប្រាស់​ដោយ​ពួក​សកម្មប្រយុទ្ធ​នេះ​ដើម្បី​គំរាមកំហែង​ដល់​ពិភពលោក​ទាំងមូល​នោះឡើយ​។​

​លោក​មូ​ចា​ហ៊ី​ដ​បាន​និយាយថា “​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ដែល​ចំណុច​របៀបវារៈ​សំខាន់ៗ​ពីរ គឺ​ការដក​កងកម្លាំង​បរទេស​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ការទប់ស្កាត់​អា​ហ្វ​ហ្គា​នី​ស្ថាន​ពី​ការធ្វើឱ្យ​ប៉ះពាល់​ប្រទេស​ដទៃ គឺ​ត្រូវបានធ្វើ​រួច​ជា​ស្ថាពរ​”​។​

​លោក​បាន​និយាយថា “​នេះ​នឹង​បើកផ្លូវ​សម្រាប់​ការដោះស្រាយ​ទិដ្ឋភាព​ផ្សេងទៀត​នៃ​បញ្ហា​នេះ ហើយ​យើង​មិនអាច​ចូលទៅក្នុង​ប្រធានបទ​ផ្សេងទៀត​នៅមុន​រឿងនេះ​បានទេ​”​។​

​អ្នកការទូត​លោកខាងលិច​ម្នាក់​នៅ​ទីក្រុង​កា​ប៊ុល​បាន​និយាយថា នៅក្នុង​ការចរចា​ជុំ​នេះ លោក​ខា​លី​ល​ហ្សា​ដ​និង​គណៈប្រតិភូ​របស់គាត់​ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តោតលើ​ការប្រកាស​បទ​ឈប់​បាញ់ ដែលជា​ជំហាន​ដំបូង​ដើម្បី​បញ្ចប់​ការប្រយុទ្ធ​គ្នា​។​

​មន្ត្រី​ម្នាក់​ដែល​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​ខា​លី​ល​ហ្សា​ដ​បាន​និយាយថា​គាត់​ត្រូវគេ​រំពឹងថា​នឹង​លើកទឹកចិត្ត​ឱ្យ​ក្រុម​បះបោរ​ចូលរួម​ក្នុងការ​ចរចា​រវាង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់សង្គ្រាម ប៉ុន្ដែ​លោក​មូ​ចា​ហ៊ី​ដ​បាន​និយាយថា អ្នកតំណាង​អា​ហ្វ​ហ្គា​នី​ស្ថាន​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​រួម​ក្នុង​កិច្ចចរចា​ដែល​កំពុង​បន្ត​នេះ​ទេ​៕ ដោយ៖ កញ្ញាដាលីស

ពួក​សកម្មប្រយុទ្ធ​តា​លី​បង់
#