អាមេរិក​និង​បារាំង​អំពាវនាវ​ឱ្យ​បញ្ឈប់​សង្គ្រាម​នៅ​យេ​ម៉ែន​

2639
ចែករម្លែក

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី៣០តុលាបានអំពាវនាវឱ្យមានកិច្ចចរចាឈប់បាញ់និងសន្តិភាពនៅប្រទេសយេម៉ែនស្របពេលដែល ក្រុមចម្រុះយោធាដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានបញ្ជូនទាហានថ្មីជាង១០.០០០នាក់ទៅកាន់ទីក្រុងកំពង់ផែដ៏សំខាន់មួយ ដែលកាន់កាប់ដោយឧទ្ទាមនៅមុនការវាយប្រហារជាថ្មី។

ប្រមុខដឹកនាំមន្ទីរបញ្ចកោណ លោក Jim Mattis បាននិយាយថាសហរដ្ឋអាមេរិកបាន ឃ្លាំមើលជម្លោះនេះអស់រយៈពេលជាយូរមកហើយ ដោយបន្ថែមថាប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលស្ថិតនៅក្នុងក្រុមចម្រុះយោធាដែលគាំទ្រដោយសហរដ្ឋអាមេរិកហើយដែលកំពុងប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមHuthi នេះ គឺត្រៀមខ្លួនសម្រាប់ការចរចា។

លោក Jim Mattis បាននិយាយនៅវិទ្យាស្ថានសន្តិភាពអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ថា “យើងត្រូវឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងសន្តិភាពមួយហើយយើងមិនអាចនិយាយថាយើងនឹងធ្វើវាបាននៅពេលណាមួយទេនៅពេលអនាគត។ យើងត្រូវធ្វើកិច្ចការនេះក្នុងរយៈពេល៣០ថ្ងៃទៀត”។

លោកបាននិយាយថាសហរដ្ឋអាមេរិកកំពុងអំពាវនាវឱ្យភាគីជម្លោះទាំងអស់ ជួបជាមួយលោក Martin Griffiths ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ុយអ៊ែតនៅខែវិច្ឆិកា ហើយរួមគ្នារកដំណោះស្រាយ”។

ទំនាក់ទំនងសហរដ្ឋអាមេរិច-អារ៉ាប៊ីសាអូឌីត បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីការសម្លាប់អ្នកកាសែត លោក Jamal Khashoggi​ ដែលជាអ្នករិះគន់ដ៏លេចធ្លោ ប្រឆាំងអាណាចក្រអារ៉ាប៊ីសាអូឌីតអភិរក្សនិយមនេះដែលបានធ្វើឱ្យប៉ះពាល់ ដល់មុខមាត់របស់ព្រះអង្គម្ចាស់ Mohammed bin Salman​។

អារ៉ាប៊ីសាអូឌីតនិងសម្ពន្ធមិត្តរបស់ខ្លួនបានធ្វើអន្តរាគមន៍នៅក្នុងជម្លោះនេះរវាងប្រធានាធិបតីយេម៉ែនលោក Abedrabbo Mansour Hadi ដែលរដ្ឋាភិបាលរបស់លោក ត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងក្រុមឧទ្ទាមHuthi កាលពីឆ្នាំ២០១៥។

រហូតមកដល់ពេលនេះ មនុស្សជិត១០.០០០ នាក់ត្រូវបានសម្លាប់ ហើយ ឥឡូវនេះ ប្រទេសនេះ កំពុងប្រឈមមុខនឹងគ្រោះទុរ្ភិក្ស។

ចំណែករដ្ឋមន្រ្តីការពារជាតិបារាំងលោកFlorence Parlyបាននិយាយថា «សង្រ្គាមយេម៉ែនត្រូវតែបញ្ចប់។វាហួសពីពេលដែលសង្រ្គាមនេះត្រូវបញ្ចប់និងក៏សំខាន់ដែរដែលស្ថានភាពមនុស្សធម៌ត្រូវតែធ្វើអោយបានប្រសើរឡើងនិងជំនួយមនុស្សធម៌ត្រូវតែត្រូវបានអនុញ្ញាតអោយចូលទៅដល់ជនរងគ្រោះ»៕ដោយ៖សុខា/SN

ទាហាននៃក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ឈរយាមនៅជិតនាវាដែលចតនៅកំពង់ផែAden ប្រទេសយេម៉ែន

មនុស្សជិត១០.០០០ នាក់ត្រូវបានសម្លាប់ ហើយ ឥឡូវនេះ ប្រទេសនេះ កំពុងប្រឈមមុខនឹងគ្រោះទុរ្ភិក្ស