អាមេរិក​និង​រុស្ស៊ី​គំរាម​គ្នា​ទៅវិញទៅមក​អំពី​កាំជ្រួច​នុយក្លេអ៊ែរ បណ្តាលអោយ​អឺរ៉ុប​ភិតភ័យ​

805
ចែករម្លែក
  • 456
    Shares

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធទី៥ធ្នូបានគំរាមផលិតកាំជ្រួចនុយក្លេអ៊ែរហាមឃាត់នៅក្រោមសន្ធិសញ្ញាមួយជាមួយអាមេរិកបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនផ្តល់ពេលអោយរុស្ស៊ីសំរាប់អនុវត្តតាមកិច្ចព្រមព្រៀងត្រួតត្រាអាវុធដ៏សំខាន់។

ពូទីនគំរាមផលិតកាំជ្រួចនុយក្លេអ៊ែរហាមឃាត់ បើអាមេរិកហ៊ានផលិតកាំជ្រួចប្រទេសនេះ

ការគំរាមបែបគឃ្លើននេះកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ផមផេវ បាននិយាយថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងដកខ្លួនចេញពីសន្ធិសញ្ញាសង្រ្គាមត្រជាក់មួយដែលកំហិតអាវុធនុយក្លេអ៊ែរចម្ងាយមធ្យម ក្នុងរយៈពេល៦០ថ្ងៃខាងមុខ ប្រសិនបើរុស្ស៊ីមិនរំលាយចោលកាំជ្រួចណាដែលអាមេរិកអះអាងថារំលោភកិច្ចព្រមព្រៀង។

តែលោកពូទីន បានច្រានចោលការប្រកាសរបស់លោកផមផេវ ថាជាការលាក់បាំងការពិតនិងថាអាមេរិកបានសំរេចទាត់ចោលសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម(INF)រួចជាស្រេចទៅហើយ។

ប្រមុខវិមានក្រឹមឡាំងរូបនេះ បាននិយាយថា«ពួកគេគិតថាយើងអត់ដឹង តាមពិតក្រសួងការពារជាតិអាមេរិកបានត្រៀមផលិតកាំជ្រួចហាមឃាត់នេះរួចជាស្រេច។យើងប្រឆាំងនឹងការបំផ្លាញចោលសន្ធិសញ្ញានេះ​ តែបើវាកើតឡើង យើងនឹងឆ្លើយតបទៅតាមណឹងដែរ»។

លោកពូទីនបានបន្ថែមថា ប្រទេសមួយចំនួនឥឡូវផលិតកាំជ្រួចចម្ងាយមធ្យមបែបប្រភេទហាមឃាត់ក្នុងសន្ធិសញ្ញានេះដែរ។ ប្រហែលជាឥឡូវ«ដៃគូរបស់អាមេរិកជឿថាសភាពការណ៍បានផ្លាស់ប្តូរច្រើនដែលតំរូវអោយអាមេរិកគួរមានសព្វាវុធដូច្នេះ។តើចម្លើយរបស់យើងជាអ្វី?សាមញ្ញ យើងក៏នឹងធ្វើដូចគ្នាដែរ»។

នៅទីក្រុងព្រុចសែល ប្រធានការទូតអឺរ៉ុបលោកស្រីហ្វេដឺរីកា ម៉ុហ្កេរីនី បានអំពាវនាវរុស្ស៊ីនិងអាមេរិកអោយសង្រ្គោះសន្ធិសញ្ញានេះ ដោយព្រមានថា អឺរ៉ុបមិនចង់ក្លាយជាសមរភូមិសំរាប់គោលបំណងរបស់មហាអំណាចដូចកាលពីអំឡុងសង្រ្គាមត្រជាក់ជាថ្មីទេ។

លោកស្រីហ្វេដឺរីកា ម៉ុហ្កេរីនី បានព្រមានថាអឺរ៉ុបមិនចង់ក្លាយជាសមរភូមិសំរាប់គោលបំណងរបស់មហាអំណាចជាថ្មីទេ

ក្នុងពេលចូលរួមប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិកអង្គការណាតូ លោកស្រីបាននិយាយថា«សន្ធិសញ្ញានេះធានាសន្តិភាពនិងសន្តិសុខនៅទឹកដីអឺរ៉ុបអស់ពេល៣០ឆ្នាំមកហើយ»។

កាលពីខែតុលា ប្រធានាធិបតីអាមេរិក បានបង្កការព្រួយបារម្ភទូទាំងពិភពលោកដោយលោកប្រកាសថា អាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងខាងលើនិងស្ថាបនាឃ្លាំងអាវុធនុយក្លេអ៊ែរអាមេរិក តែប្រធានាធិបតីរុស្ស៊ីបានឆ្លើយតបភ្លាមថា ការបោះបង់ចោលសន្ធិសញ្ញានេះនឹងបង្កអោយមានការប្រឡងប្រណាំងសព្វាវុធ និងដាក់ទ្វីបអឺរ៉ុបក្នុងគ្រោះថ្នាក់។

រដ្ឋការត្រាំបានតវ៉ាថា ការដាក់ពង្រាយកាំជ្រួចNovator 9M729របស់រស្ស៊ី វារំលោភសន្ធិសញ្ញាខាងលើ ដោយសារវាអាចហោះបាន៥.៥០០គីឡូម៉ែត្រ។យោងតាមប្រភពយោធាណាតូ កាំជ្រួចបណ្តែតបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ីពិបាកចាប់និងសំគាល់ទីតាំងបានហើយវាអាចវាយប្រហារលើបណ្តាទីក្រុងនៅអឺរ៉ុបជាមួយនឹងការព្រមានជាមុនតែបន្តិច គ្មានការព្រមានតែម្តង៕ដោយ៖វាសនា

#