អាមេរិក​និង​អឺរ៉ុប​នៅតែ​រឹងទទឹង​ដូចគ្នា​មិន​ព្រម​ចុះ​ញ​ម​រៀងៗ​ខ្លួន​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​

624
ចែករម្លែក

​យោងតាម​សេចក្តីព្រាង​នៃ​សេចក្តីថ្លែងការណ៍​មួយ​បានឱ្យដឹងថា ចំពេល​មានការ​ជាប់គាំង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប ពួក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារកណ្តាល​មកពី​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​២០​របស់​ពិភពលោក​ដែល​ប្រជុំគ្នា​នៅ​អា​ហ្ស​ង់​ទីន​បាន​និយាយថា ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​និង​ភាព​តានតឹង​ផ្នែក​នយោបាយ​បាន​បង្កើន​ហានិភ័យ​ដល់​កំណើនសេដ្ឋកិច្ច​សក​ល​លោក​។​

​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​កលោក​ស្តេ​វិ​ន អេ​ម​ញូ​ជីន កាលពី​ថ្ងៃ​សៅរ៍​ទី​២១​កក្កដា​បាន​បដិសេធ​មិន​រួញរា​លើ​ការទាមទារ​ឱ្យមាន​សម្បទាន​នៅក្នុង​ការបើក​ការវាយប្រហារ​របស់លោក​នៅឯ​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ​។​

​លោក​បាន​ទទូច​ដល់​ប្រទេស​ចិន​និង​សហភាព​អឺរ៉ុប​ឱ្យ​គោរព “​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី យុត្តិធម៌ និង​ស្មើភាព​គ្នា​” ចំពេល​មានការ​ពិភាក្សា​អំពី​ជម្លោះ​ពាណិជ្ជកម្ម​សកលលោក​ដែល​កំពុង​កើនឡើង ប៉ុន្តែ​សម​ភាគី​បារាំង​របស់គាត់​បាន​វាយបក​វិញ​ថា សហរដ្ឋអាមេរិក​ត្រូវតែ “​វិលត្រឡប់​មករក​ហេតុ​ផល​វិញ​”​។​

​លោក​អេ​ម​ញូ​ជីន​មិនមាន​ភាពបត់បែន​បានទេ​ក្នុង​វិធីសាស្ត្រ​របស់លោក​ចំពោះ​សហភាព​អឺរ៉ុប បន្ទាប់ពី​មាន​វិធានការ​វាយ​ពន្ធ​ទៅវិញទៅមក ដោយ​ចាប់​ផ្តើមចេញពី​ការសម្រេចចិត្ត​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្នុងការ​វាយ​ពន្ធ​លើ​ការនាំ​ចូល​ដែក​និង​អាលុយមីញ៉ូម​។​

​លោក​អេ​ម​ញូ​ជីន​បាន​និយាយថា “​សារលិខិត​របស់ខ្ញុំ​គឺ​ច្បាស់​ណាស់ វា​ជា​សារ​ដូចគ្នា​ដែល​ប្រធានាធិបតី​បានផ្តល់​ឱ្យនៅ​កិច្ចប្រជុំ G-7​។ ប្រសិនបើ​អឺរ៉ុប​ជឿជាក់​លើ​ការធ្វើ​ពាណិជ្ជកម្ម​សេរី យើង​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដោយ​គ្មាន​ពន្ធគយ គ្មាន​របាំង និង​គ្មាន​ឧបត្ថម្ភ​ធន​។ វា​ត្រូវតែមាន​ទាំង​៣​នេះ​”​។​

​ការណ៍​នេះ​បានធ្វើឱ្យ​មានការ​ឆ្លើយតប​យ៉ាង​មោះមុត​ពី​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​បារាំង លោក​ព្រូ​ណូ ឡេ​មែរ នៅក្នុង​កិច្ចប្រជុំ G20​។​

​លោ​កឡេ​មែរ​បាន​និយាយថា “​យើង​បដិសេធ​មិន​ចរចា​ជាមួយ​កាំភ្លើង​ភ្ជង់​នឹង​ក្បាល​នោះទេ​។ សហរដ្ឋអាមេរិក​ទៅវិញ​ទេ ដែល​ត្រូវ​ចាត់វិធានការ​មុនគេ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​” ។​

​គាត់​បាន​និយាយថា​គាត់​រំពឹងថា​នឹងមាន “​ការផ្លាស់ប្តូរ​ឥរិយាបថ​” ពី​លោក​ត្រាំ បើ​មិន​ដូច្នេះ​ទេ “​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការសង​សឹក​នោះឡើយ​”​។​

​ប្រធាន​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) លោកស្រី គ្រីស្ទី​ន ឡា​ហ្គា​ត បាន​បើក​កិច្ចប្រជុំ​កំពូល​នេះ​ដោយ​រំលឹក​ពី​ការព្រួយបារម្ភ​របស់លោក​ស្រី​ថា ការ​រឹតបន្តឹង​លើ​ការធ្វើ​ពាណិជ្ជកម្ម​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ផលិតផល​ក្នុងស្រុក​សរុប​លើ​សកលលោក​។​

​ប៉ុន្តែ​លោក​អេ​ម​ញូ​ជីន​មិនបាន​បង្ហាញ​ឆន្ទៈ​ណាមួយ​របស់​អាមេរិក​ក្នុង​ការដកថយ​នោះឡើយ​។​

​នៅពេល​សួរ​អំពី​ការគំរាមកំហែង​របស់​លោក​ត្រាំ​ដើម្បី​វាយ​សំពង​ប្រទេស​ចិន​ជាមួយនឹង​ការ​វាយ​ពន្ធ​លើ​ទំនិញ​សរុប​ចំនួន ៥០០ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ចិន​នាំ​ចេញទៅ​អាមេរិក លោក​អេ​ម​ញូ​ជីន​បាន​និយាយថា “​វា​ជា​លទ្ធភាព​ជាក់ស្តែង ដូច្នេះ​ខ្ញុំ​នឹងមិន​សម្រាល​លទ្ធភាព​មួយ​នេះ​ទេ​”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​កលោក​ស្តេ​វិ​ន អេ​ម​ញូ​ជីន