អាមេរិក​និយាយថា រុស្ស៊ី ចិន អ៊ីរ៉ង់ ព្យាយាម​រំខាន​ការបោះឆ្នោត​

714
ចែករម្លែក

​រដ្ឋាភិបាល​អាមេរិក​បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​តុលា​ថា​រុស្ស៊ី​ចិន​និង​អ៊ីរ៉ង់​កំពុង​ព្យាយាម​ដាក់​ឥទ្ធិពល​មកលើ​ការបោះឆ្នោត​សភា​នៅ​ខែក្រោយ ខណៈ​រដ្ឋអាជ្ញា​សហព័ន្ធ​បានបង្ហាញ​ការចោទប្រកាន់​ប្រឆាំងនឹង​ជនជាតិ​រុស្ស៊ី​ម្នាក់ ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​ចូលរួម​ក្នុង​គម្រោងការ​បែបនេះ​។​

​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​និង​អនុវត្ត​ច្បាប់​ចំនួន​៤​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​ថា ប្រតិ​ប​ត្ដិ​ការដាក់​ឥទ្ធិពល​ពី​បណ្តា​ប្រទេស​ទាំងនោះ​រួមមាន​ការប្រើ​បណ្តាញ​សង្គម​ដើម្បី​ពង្រីក​បញ្ហា​ឱ្យ​បែកខ្ញែក ចែកចាយ​ព័ត៌មាន​មិន​ពិត​អំពី​បេក្ខជន​នយោបាយ និង​ផ្សាយពាណិជ្ជកម្ម​អត្ថបទ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​អង់គ្លេស​។​

​ពួកគេ​បានចេញ​ការព្រមាន​កាលពី​ថ្ងៃ​សុក្រ​ខណៈ​រដ្ឋាភិបាល​អាមេរិក​បាន​ចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​ជនជាតិ​រុស្ស៊ី​ឈ្មោះ អេ​លី​ណា អា​ឡិ​ក​ស៊ី​វណា ឃូ​ស​យ៉ា​ណូ​វ៉ា អាយុ ៤៤ ឆ្នាំ​។ នាង​គឺជា​បុគ្គល​ដំបូង​គេ​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​រំខាន​នៅក្នុង​ការបោះឆ្នោត​អាមេរិក​ឆ្នាំ ២០១៨​។ នេះ​បើ​យោងតាម​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​ដែល​ដឹង​អំពី​បញ្ហា​នេះ​។​

​សេចក្តីថ្លែងការណ៍​ពី​ការិយាល័យ​នាយក​នៃ​ទីភ្នាក់ងារ​ស៊ើបអង្កេត​ជាតិ ក្រសួងយុត្តិធម៌ ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ និង​ក្រសួង​សន្តិសុខ​មាតុភូមិ​បានឱ្យដឹងថា “​ការជ្រៀតជ្រែក​ពី​បរទេស​នៅក្នុង​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​គឺជា​ការគំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​។ ការកំណត់​អត្តសញ្ញាណ​និង​ការទប់ស្កាត់​ការជ្រៀតជ្រែក​នេះ​គឺជា​អាទិភាព​កំពូល​របស់​រដ្ឋាភិបាល​សហព័ន្ធ​”​។​

​ទីភ្នាក់ងារ​ទាំងនោះ​បាន​និយាយថា​ពួកគេ​គ្មាន​ភស្តុតាង​ណាមួយ​ដែលថា​តួឯក​បរទេស​ណា​ម្នាក់​ព្យាយាម​លូកដៃ​ចូល​ប្រព័ន្ធ​បោះឆ្នោត​ក្នុង​គោលបំណង​រារាំង​ការបោះឆ្នោត ផ្លាស់ប្តូរ​លទ្ធផល ឬ​រារាំង​អាជ្ញាធរ​ពី​ការប្រមូល​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា​នៅ​ខែវិច្ឆិកា​ទេ​។​

​ទីភ្នាក់ងារ​ទាំង​៤​និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​គ្រប់គ្រង​កន្លែង​បោះឆ្នោត​បាន​រាយការណ៍​អំពី​ការប៉ុនប៉ង​ចូល​ប្រើ​បណ្តាញ​របស់​ពួកគេ​ប៉ុន្តែ​មន្ត្រី​អាច​ទប់ស្កាត់​ការចូល​នោះ​ឬ​បន្ថយ​ការប៉ុនប៉ង​ទាំងនេះ​បាន​យ៉ាង​ឆាប់រហ័ស​៕ ដោយ៖ កញ្ញាដាលីស

ការបោះឆ្នោត​ជាមុន​សម្រាប់​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​នៅ​អាមេរិក​បានធ្វើ​ឡើង​នៅ​ទីក្រុង​អា​ត្ល​ង់​តា កាលពី​ថ្ងៃទី ១៥ តុលា ២០១៨