អាមេរិក​នឹងមិន​ចេញ​លុយ​លើស ២៥ ភាគរយ​ទៀត​នោះឡើយ​សម្រាប់​ការថែរក្សា​សន្តិភាព​របស់​អ​.​ស​.​ប​

913
ចែករម្លែក

​បេសកជន​របស់​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៨​មីនា​ថា សហរដ្ឋអាមេរិក​នឹង​លែង​ចំណាយ​ប្រាក់​ច្រើនជាង​មួយ​ភាគ​បួន​នៃ​ការចំណាយ​រាប់ពាន់​លាន​ដុល្លារ​នៃប្រតិបត្តិ​ការថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​តទៅទៀត​ហើយ​។​

​ឯកអគ្គរដ្ឋទូត​អាមេរិក លោកស្រី នី​ក​គី ហេ​លី បាន​និយាយ​នៅក្នុង​កិច្ចពិភាក្សា​របស់​ក្រុមប្រឹក្សាសន្តិសុខ​ស្តីពី​កំណែទម្រង់​រក្សា​សន្តិភាព​ថា “​ការថែរក្សា​សន្តិភាព​គឺជា​ការទទួលខុសត្រូវ​រួមគ្នា​។ យើងទាំងអស់គ្នា​មាន​តួនាទី​ត្រូវ​ដើរ ហើយ​យើងទាំងអស់គ្នា​ត្រូវតែ​បង្កើន​ការប្រឹងប្រែង​”​។​

​សហរដ្ឋអាមេរិក​គឺជា​អ្នក​រួមវិភាគទាន​ធំ​បំផុត​ចំពោះ​បេសកកម្ម​ថែរក្សា​សន្តិភាព​ចំនួន ១៥ របស់​អ​.​ស​.​ប​ទូទាំង​ពិភពលោក​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​បង់ប្រាក់​ប្រហែល ២៨,៥ ភាគរយ​នៃ​ថវិកា​ថែរក្សា​សន្តិភាព ៧,៣ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ ប៉ុន្តែ​លោកស្រី​ហេ​លី​និយាយថា ច្បាប់​របស់​អាមេរិក​ត្រូវបាន​សន្ម​ត់​ថា​នឹង​កំណត់​ការរួមវិភាគទាន​មិនឱ្យ​លើស ២៥ ភាគរយ​ឡើយ​។​

​ប្រទេស​ចិន​ដែលជា​អ្នក​រួមវិភាគទាន​ធំជាងគេ​ទី​២ បាន​ចំណាយ​ប្រា​ក់ជាង ១០ ភាគរយ​ប៉ុណ្ណោះ​។​

​រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ត្អូញត្អែរ​ពីមុន​ថា ថវិកា​និង​ចំណែក​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គឺ​ខ្ពស់​ពេក​ណាស់ ហើយ​ជំរុញ​ឱ្យ​កាត់បន្ថយ​ថវិកា​ឆ្នាំនេះ​។ ថវិកា​ដែល​បាន​បន្ថយ​នោះ​គឺមាន​ចំនួន ៥៧០ លាន​ដុល្លារ​ប៉ុណ្ណោះ គឺ​ទាប​ជាង​ថវិកា​ឆ្នាំមុន ដែលជា​ការថយចុះ​តិចតួច​ជាង​អ្វីដែល​អាមេរិក​ចង់បាន​។​

​លោកស្រី​ហេ​លី​និយាយ​នៅពេល​ការកាត់បន្ថយ​នេះ​ត្រូវ​បានអនុម័ត​កាលពី​ខែមិថុនា​ថា “​យើង​ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ​”​។ វា​បាន​ធ្វើឡើង​តាម​ការកាត់បន្ថយ​ចំនួន ៤០០ លាន​ដុល្លារ​កាលពី​ឆ្នាំមុន​មួយទៀត មុនពេល​រដ្ឋបាល​រប​ស់​ត្រាំ​កើតឡើង​ទៅទៀត​។​

​លោកស្រី​ហេ​លី​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​នឹង​ធ្វើការ​ដើម្បី​ធានាថា​ការកាត់បន្ថយ​ថវិកា​របស់ខ្លួន​ត្រូវបាន​ធ្វើឡើង “​ប្រកបដោយ​លក្ខណៈ​យុត្តិធម៌​និង​សមរម្យ​ដែល​ការពារ​ការថែរក្សា​សន្តិភាព​របស់​អ​.​ស​.​ប​”​។​

​មហាសន្និបាត​អ​.​ស​.​ប​នឹង​កំណត់​ថវិកា​និង​វិភាគទាន​រៀងៗ​ខ្លួន​តាមរយៈ​ការបោះឆ្នោត​។ អ្នកនាំពាក្យ​សម្រាប់​សន្និបាត​លោក មី​រ៉ូ​ស្លា​វ ឡា​ច​ខាក និង​អគ្គលេខាធិការ​អ​.​ស​.​ប លោក អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​សម្តី​របស់​លោកស្រី​ហេ​លី​ទេ ដោយ​កត់សម្គាល់ថា រដ្ឋ​ជា​សមាជិក​ចំនួន ១៩៣ របស់​អ​.​ស​.​ប នឹង​សម្រេចចិត្ត​អំពី​ថវិកា​។​

​ដោយ​ទាក់ទាញ​ទាហាន ប៉ូលិស​និង​បុគ្គលិក​ផ្សេងទៀត​ចំនួន ១០៥.០០០ នាក់​មកពី​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក បេសកកម្ម​ថែរក្សា​សន្តិភាព​បានធ្វើ​ប្រតិបត្តិការ​នៅក្នុង​ទីកន្លែង​នានា​ចាប់ពី​ប្រទេស​ហៃ​ទី​រហូតដល់​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​។ ភាគច្រើន​គឺ​នៅក្នុង​ទ្វីបអាហ្វ្រិក​។ បេសកកម្ម​ធំ​បំផុត​គឺ​នៅក្នុង​ប្រទេស​កុង​ហ្គោ កន្លែង​ដែល​ក្រុមប្រឹក្សាសន្តិសុខ​បាន​យល់ព្រម​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​រក្សា​កងកម្លាំង​ទ័ព​ចំនួន ១៦.០០០ នាក់​នៅនឹងកន្លែង​មួយឆ្នាំ​ទៀត​៕ ដោយ៖ កញ្ញាដាលីស

ឯកអគ្គរដ្ឋទូត​អាមេរិក លោកស្រី នី​ក​គី ហេ​លី និយាយ​អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ទីស្នាក់ការ​អ​.​ស​.​ប កាលពី​ថ្ងៃ​ពុធ