អាមេរិក​នឹង​បង្កើត​កងកម្លាំង​អវកាស​ដើម្បី​ត្រៀមខ្លួន​សម្រាប់ “​សមរភូមិ​អនាគត​”

613
ចែករម្លែក

​សេត​វិមាន​បានប្រកាស​ផែនការ​ដ៏​មហិច្ឆតា​ដើម្បី​បង្កើត​កងកម្លាំង​អវកាស​អាមេរិក ដែលជា​អង្គភាព​ប្រយុទ្ធ​ទី​៦​ដាច់ដោយឡែក​មួយទៀត​របស់​យោធា​នៅ​ឆ្នាំ ២០២០​។​

​សំណើ​នេះ​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ដ៏​យូរអង្វែង​របស់​សាធារណជន​អាមេរិក​អំពី​ទី​អវកាស តែ​ផ្តោត​សំខាន់​លើ​ផ្នែក​យោធា និង​ប្រឈមមុខ​នឹង​ឧបសគ្គ​ដ៏​គួរឱ្យ​ភ័យខ្លាច​ជាច្រើន​។​

​វា​តម្រូវឱ្យមាន​ការអនុម័ត​ពី​សភា​ហើយ​បាន​រង​នូវ​មន្ទិលសង្ស័យ​ពី​បណ្តា​មេដឹកនាំ​យោធា​និង​អ្នកជំនាញ​ជាច្រើនរូប ដែល​ចោទ​ជា​សំណួរ​អំពី​គំនិត​ក្នុងការ​បង្កើត​អង្គភាព​យោធា​ថ្មី​ដ៏​ថ្លៃ​និង​មាន​លក្ខណៈ​ការិយាធិបតេយ្យ​នេះ​។​

​អនុ​ប្រធានាធិបតី​លោក ម៉ៃ ផេ​ន បានប្រកាស​អំពី​កងកម្លាំង​ថ្មី​នេះ​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​នៅ​មន្ទីរ​បញ្ច​កោណ ដោយ​បង្ហើប​ឱ្យដឹងថា ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ខ្នះខ្នែង​ណាស់​នៅ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ខណៈដែល​លោក​បាន​ប្តេជ្ញា​ថា​នឹង​ធានា​ឱ្យ​អាមេរិក​រក្សា​ភាពខ្លាំង​នៅក្នុង​លំហ​អាកាស​។​

​លោក​ផេ​ន​បាន​ពិពណ៌នា​ទី​អវកាស​ថា​ជា​ដែន​លំហ​មួយ​ដែល​ធ្លាប់​តែមាន​សន្តិភាព​និង​គ្មាន​ការប្រកួតប្រជែង ប៉ុន្តែ​ឥឡូវនេះ​បានក្លាយ​ទៅជា​ចង្អៀត​ប៉ែស​និង​សម្បូរ​សត្រូវ​។​

​លោក​ផេ​ន​និយាយថា “​ឥឡូវនេះ​ពេលវេលា​បាន​មកដល់​ដើម្បី​សរសេរ​ជំពូក​ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​ដើម្បី​ត្រៀម​សម្រាប់​សមរភូមិ​អនាគត កន្លែង​ដែល​ការ​ប្រឹង​អស់ពី​លទ្ធភាព និង ភាពក្លាហាន​របស់​អាមេរិក​នឹងត្រូវ​កោះហៅ​ដើម្បី​ទប់ស្កាត់​និង​កម្ចាត់​ការគំរាមកំហែង​ជំនាន់​ថ្មី​មកលើ​ប្រជាជន​របស់​យើង និង​ប្រទេសជាតិ​របស់​យើង​”​។​

​លោក​ត្រាំ​បានកត់សម្គាល់​ការប្រកាស​របស់លោក​ផេ​ន​ជាមួយនឹង​ធ្វី​ត​មួយ​សរសេរថា “​កងកម្លាំង​អវកាស​កំពុង​ប្រព្រឹត្ត​ទៅហើយ​!”៕ ដោយ៖ កញ្ញាដាលីស

អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ ផេ​ន ប្រកាស​ផែនការ​បង្កើត​កងកម្លាំង​អវកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍