អាមេរិក​នឹង​បង្កើន​ការដាក់ទណ្ឌកម្ម​ប្រសិនបើ កូរ៉េខាងជើង​មិន​រំលាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​

363
ចែករម្លែក
  • 106
    Shares

​លោក ច​ន បុល​ថុន (John Bolton )​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​មីនា ថា​សហរដ្ឋអាមេរិក​នឹង​ពិនិត្យ​​មើល​ការបង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​មិន​លុបចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​លោក ច​ន បុល​ថុន បាន​ប្រាប់ សារព័ត៌មាន​Fox Business Network ថា​បន្ទាប់​ពី​កិច្ច​ជំនួប​កំពូល​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​​ខាងជើង លោក គីម ជុង​អ៊ុន មក​នោះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ពិនិត្យមើល​ថា​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ប្តេជ្ញា​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​អ្វីៗ​ទាំងអស់​ដែល​​ពាក់ព័ន្ធ​នឹង​ខ្លួន​ដែរ​ឬទេ​។​

​លោក បាន​និយាយថា ” ប្រសិន​បើ​ពួកគេ​(​កូរ៉េខាងជើង​)​មិន​មាន​ឆន្ទៈ​ធ្វើ​វា​នោះ​ទេ​ខ្ញុំ​គិតថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គឺ ច្បាស់​ណាស់ …​ថា ពួកគេ​នឹង​មិន​ទទួលបាន ការ​បន្ធូរ​​បន្ថយ​ទណ្ឌកម្មសេដ្ឋកិច្ច​ដ៏​តឹងរឹង​ហើយ​ជា​ការពិត​នោះ យើង​នឹង​ពិនិត្យមើល ការបង្កើន​ការដាក់ទណ្ឌកម្ម​ទាំងនោះ​”​។​

​ការអត្ថាធិប្បាយ​របស់​លោក​ច​ន បុល​ថុន បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ជំនួប​កំពូល​ស្តីពី​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​រវាង លោក ដូ​ណា​ល់ ត្រាំ​លោក គីម ជុង​អ៊ុន កាលពី​ថ្ងៃ​​ទី​២៧​ដល់​២៨​ខែ​កុម្ភៈ បាន​ទទួល​បរាជ័យ​ដោយសារ​ការខ្វែងគំនិត​គ្នា​អំពី​ថា​តើ​កូរ៉េ​ខាងជើង​មាន​ឆន្ទៈ​យ៉ាងណា​ក្នុង​ការកំណត់​កម្រិត​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​ររបស់​ខ្លួន​និង​កម្រិត​​នៃ​ឆន្ទៈ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​៕ដោយ៖សុខា/sn

លោក ច​ន បុល​ថុន ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ព្រមាន​កូរ៉េខាងជើង​

#