អាមេរិក​នឹង​បញ្ជូន​នាវាមុជទឹក​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក ដែលមាន​សមត្ថភាព​ផ្ទុក​គ្រាប់​នុយក្លេអ៊ែរ ជាច្រើន​គ្រឿង​ទៀ​តទៅ​ក្បែរ​ឧបទ្វីប​កូរ៉េ​

456

​ក្រុម​អ្នកតាក់តែង​ច្បាប់​កូរ៉េខាងត្បូង​មានការ​ងឿងឆ្ងល់​ថា​តើ​ការបែកបាក់​អាច​នឹង​លេចឡើង​ទេ នៅក្នុង​ចំណងទាក់ទង​រវាង​យោធា​អាមេរិក និង កូរ៉េខាងត្បូង នៅពេលដែល​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​មានការ​កើនឡើង ប៉ុន្តែ​ត្រូវបាន​ធានាថា សហរដ្ឋអាមេរិក​ពិត​ជាមាន​ផែនការ​បង្កើន​ចំនួន​សម្ភារៈ​យោធា “​យុទ្ធសាស្ត្រ​” របស់ខ្លួន​នៅក្នុង​តំបន់​របស់​ពួកគេ​នៅត្រឹម​ដំណាច់​ឆ្នាំនេះ​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់ លោក ជុង អ៊ីវ​យ៉ុង ប្រធានការិយាល័យ​សន្តិ​សុខ​ជាតិ​កូរ៉េខាងត្បូង​បាន​ប្រាប់​ក្រុម​សមាជិកសភា​ថា “​សហរដ្ឋអាមេរិក​បាន​សន្យា​ពង្រីក​ការដាក់​ពង្រាយ​នូវ​សម្ភារៈ​យោធា​យុទ្ធសាស្ត្រ​របស់ខ្លួន​នៅ​ជិត​ឧបទ្វីប​កូរ៉េ​”​។​

​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងត្បូង​នេះ​បាន​និយាយថា ឯកសារ​មួយ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​មន្ត្រី​យោធា​អាមេរិក ដោយ​បញ្ជាក់ថា សហរដ្ឋអាមេរិក​នឹង​ធ្វើតាម​ការសន្យា​របស់​ខ្លួន​។​

​កាសែត​កូរ៉េខាងត្បូង Chosun បាន​និយាយថា សម្ភារៈ​យោធា “​យុទ្ធសាស្ត្រ​” ទាំងនោះ​នឹងមាន​ដូចជា នាវា​ផ្ទុក​យន្តហោះ​មួយគ្រឿង នាវាមុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ​ប្រភេទ Ohio យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ B-2 Spirit និង​យន្តហោះ F-22 Raptors ដែលជា​យន្តហោះ​ចម្បាំង​ទំនើប​ផុត​លេខ​របស់​យោធា​អាមេរិក​បច្ចុប្បន្ន​។ នាវាមុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ​ប្រភេទ Ohio នីមួយៗ​ផ្ទុក​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ប្រភេទ D-5 Trident ចំនួន ២០ ដើម ហើយ​គ្រាប់ Trident មួយ​ដើម​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​រហូតដល់​ទៅ ១២ គ្រាប់​។​

​ទន្ទឹមនឹង​នេះដែរ យន្តហោះ B-2 នីមួយៗ​អាច​ផ្ទុក​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ១៦ គ្រាប់ នៅក្នុង​កន្លែង​ដាក់​គ្រាប់បែក​របស់ខ្លួន បន្ថែម​ពីលើ “​គ្រាប់បែក​កម្ទេច​លេណដ្ឋាន​” ដែលជា​សញ្ញា​មួយ​ប្រាប់​ទៅកាន់​កូរ៉េខាងជើង​ថា រូងភ្នំ និង​រូង​ក្រោម​ដី​មិនអាច​ត្រូវបាន​ចាត់ទុកថា​ជា​កន្លែង​លាក់ខ្លួន​បានទេ​។​

​លោក ហា​រ៉ា​ល់ ម៉ា​ម​ហ្គ្រេ​ន អតីត​ជំនួយការ​ប្រធានាធិបតី​អាមេរិក ច​ន កេ​ណ្ណី​ឌី លោក លីន​ដុន ច​ន​សុន លោក រី​ឆាត និក​សុន និង លោក ជើ​រ៉​ល ហ្វ​ត បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​តាមរយៈ​ធ្វី​ត​ធើ (Twitter) ថា “​នៅពេល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​អំពាវនាវ​ឱ្យ​ទម្លាក់​ម៉ែ​គ្រាប់បែក (MOAB) ចំណុច​សំខាន់​គឺ​ចង់​ផ្ញើ​សារ​មួយ​ទៅ​ប្រទេស​កូរ៉េខាងជើង ថា គ្មាន​រូង​ក្រោម​ដី​ឬ​ទីតាំង​យោធា​ក្រោម​ដី​ជ្រៅៗ​ណាមួយ​មាន​សុវត្ថិភាព​ឡើយ​”៕ ដោយ៖ កញ្ញាដាលីស

អាមេរិក​នឹង​បញ្ជូន​សម្ភារៈ​យោធា​ទំនើប​បំផុត​របស់ខ្លួន​ទៅ​ក្បែរ​ឧបទ្វីប​កូរ៉េ​នៅត្រឹម​ដំណាច់ឆ្នាំ​២០១៧