មន្ត្រីកងទ័ពជើងទឹកកំពូលម្នាក់បាននិយាយកាលពីថ្ងៃចន្ទទី២៩តុលាថា កងទ័ពជើងទឹកអាមេរិកនឹងបន្តល្បាតនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីនាវាពិឃាតចិនមួយគ្រឿងបានចូលមកកៀកយ៉ាងគ្រោះថ្នាក់ជិតនាវាចម្បាំងអាមេរិកអំឡុងពេលនៃការធ្វើដំណើរដើម្បី “សេរីភាពនាវាចរណ៍” នៅក្បែរថ្មប៉ប្រះទឹកដែលកាន់កាប់ដោយចិន។
ឧត្ដមនារីឯក លោក ចន រីឆាតសុន ដែលដឹកនាំប្រតិបត្តិការនាវាចម្បាំងរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយមន្ត្រីយោធាហ្វីលីពីននៅទីក្រុងម៉ានីលកាលពីថ្ងៃចន្ទថា ការល្បាតបែបនេះបានគូសបញ្ជាក់ពីជំហររបស់សហរដ្ឋអាមេរិកប្រឆាំងនឹង “ការអះអាងកាន់កាប់លើដែនសមុទ្រខុសច្បាប់”។
លោករីឆាតសុនបាននិយាយថា “យើងនឹងបន្តធ្វើកម្មវិធីប្រតិបត្តិការសេរីនាវាចរណ៍។ យើងធ្វើប្រតិបត្តិការជាច្រើននៅជុំវិញពិភពលោកដើម្បីបង្ហាញជំហររបស់យើងចំពោះការអះអាងនិងការទាមទារដែនសមុទ្រខុសច្បាប់”។
ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនបានអះអាងកាន់កាប់ផ្លូវទឹកយុទ្ធសាស្ត្រនេះ អាមេរិកបានប្រកាសថាសេរីភាពនៃការធ្វើនាវាចរណ៍និងដំណោះស្រាយសន្តិភាពនៃជម្លោះគឺស្ថិតនៅក្នុងផលប្រយោជន៍ជាតិអាមេរិក។ សហរដ្ឋអាមេរិកក៏បានចោទជាមន្ទិលអំពីការអះអាងកាន់កាប់របស់ចិនផងដែរ ដែលនាំឱ្យមានការប៉ះទង្គិចគ្នាជាមួយប៉េកាំង ខណៈដែលចំណងទាក់ទងរបស់ប្រទេសទាំង២កាន់តែយ៉ាប់យ៉ឺន។
នាវាពិឃាតចិនមួយគ្រឿងបានចូលមកជិតនាវា USS Decatur កាលពីចុងខែកញ្ញានៅក្នុង “សកម្មភាពមិនមានសុវត្ថិភាពនិងគ្មានជំនាញ” នៅជិតថ្មប៉ប្រះទឹកហ្គាវិននៅក្នុងសមុទ្រចិនខាងត្បូង ដោយបង្ខំឱ្យនាវាអាមេរិកបត់ចេញដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នា។ នេះបើយោងតាមកងទ័ពជើងទឹកអាមេរិក។
អ្នកនាំពាក្យកងនាវាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកលោកវរសេនីយ៍ឯក ធីម ហ្គ័រមែន បាននិយាយថា នាវាពិឃាតរបស់ចិនបានចូលមកកៀកក្នុងចម្ងាយប្រមាណ ៤១ ម៉ែត្រពីមុខនាវា Decatur ។ ចិនបាននិយាយថា នាវាពិឃាតមីស៊ីល Luoyang របស់ចិន ត្រូវបានដាក់ពង្រាយដើម្បីកំណត់អត្តសញ្ញាណនាវាចម្បាំងរបស់អាមេរិក និងបណ្តេញវាចេញឱ្យឆ្ងាយពីទឹកដីចិន។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងដាវ៉ាវ នៅហ្វីលីពីន បាននិយាយក្នុងសន្និសីទកាសែតដាច់ដោយឡែកមួយថា “ប្រទេសមិនមែននៅក្នុងតំបន់មួយចំនួន” កំពុងបង្កបញ្ហាក្នុងដែនទឹកជម្លោះ និង “កំពុងបង្ហាញកម្លាំងរបស់ខ្លួន”។
លោកវ៉ាងនិយាយថា ចិននិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍គួរការពារខ្លួនប្រឆាំងនឹងការជ្រៀតជ្រែក។
លោកវ៉ាងនិយាយថា “យើងគួរធ្វើការរួមគ្នាដោយប្រុងប្រយ័ត្នដើម្បីប្រឆាំងនិងទប់ទល់ការជ្រៀតជ្រែក និង ការរំខានដែលកើតចេញពីខាងក្រៅ ខណៈដែលចិននិងហ្វីលីពីនព្រមទាំងបណ្តារដ្ឋជាប់សមុទ្រចិនខាងត្បូងដទៃទៀតកំពុងសហការគ្នាដើម្បីរក្សាសន្តិភាពនិងកិច្ចសហប្រតិបត្តិការ”៕ ដោយ៖ កញ្ញាដាលីស