អាមេរិក​នឹង​ពិនិត្យ​លើ​ការដកចេញ​បំរាម​ទិដ្ឋាការ​ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា​

1475

.​មន្ត្រី​អាមេរិក​ថា ការបញ្ជូន​ពលរដ្ឋ​ម​កម្ពុជា​ដើម្បី​ធានាថា​ច្បាប់​ត្រូវបាន​អនុវត្ត​ហើយត្រូវអនុវត្តគ្រប់ប្រទេស

(​ភ្នំពេញ)៖បន្ទាប់ពី​ដំណើរការ​នៃ​ការបញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក​ត្រឡប់មក​កម្ពុជា​វិញ​បាន​ចប់សព្វគ្រប់​ហើយ​នោះ​សហរដ្ឋអាមេរិក​នឹង​ពិនិត្យ​ទៅលើ​ការដកចេញ​នៅ​បំរាម​ទិដ្ឋាការ​ទៅដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ខាល រី​ស​ឆ៍​ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​កុងស៊ុល នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង កាលពី​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​
​ ​
ដំណើរ​ទស្សនកិច្ច​រប​ស់​ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក ដើម្បី​ជួបពិភាក្សា​អំពី​កម្មវិធី នៃ​ការធ្វើ​មាតុភូមិនិវត្តន៍​ប្រជាពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក​មក​កាន់​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ផាត ផានិត អគ្គលេខាធិការរង និង​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​បាន​ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់​ពីស​វន​ការ​ចប់​ថា​នៅក្នុង​ជំនួប​ពិភាក្សា​សម្តេច​ក្រឡាហោម ស ខេង បាន​ប្រាប់​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​ថា ជាគោលការណ៍​កម្ពុជា​ឯកភាព​តាម​ការស្នើ​របស់​ភាគី​អាមេរិក ក្នុង​ការបន្ត​អនុវត្ត​នៅ​កា​រធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក ដោយ​ផ្អែកលើ​ស្មារតីនៃ​អនុស្សរណៈ​(MoU)​ឆ្នាំ​២០០២ និង​អនុស្សរណៈ​បំពេញបន្ថែម​ឆ្នាំ​២០០៣ ដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​ជាមួយគ្នា​។ ជា​បន្ត​បន្ទាប់មក​ភាគី​ទាំងពីរ​តែងតែ​ឆ្លើយឆ្លង​គ្នា ក្នុង​ការបន្ត​ពិនិត្យ​ជួប​សំភាសន៍​ដើម្បី​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ដែល​ត្រូវ​បញ្ជូនមក​កម្ពុជា​វិញ​។​

​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា កម្ពុជា​មិនមាន​ការ​គេចវេស​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការទទួល​ពលរដ្ឋ​របស់ខ្លួន​មកវិញ​នោះទេ ប៉ុន្តែ​អ្វីៗ​ត្រូវ​ឆ្លងកាត់​នៅ​ការពិនិត្យ​ពិភាក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ សម្តេច​ក៏បាន​ស្នើ​ដល់​ភាគី​សហរដ្ឋអាមេរិក ដោយ​បន្តធ្វើ​យ៉ាងណា​បង្កើន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​ពលរដ្ឋ​កម្ពុជា ដែល​ត្រូវធ្វើ​មាតុភូមិ​និវត្ត​មក​កម្ពុជា​វិញ​នោះ ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​ក្នុង​ការកសាង​ជីវិត​នៅ​កម្ពុជា និង​អាចធ្វើ​សមាហរណកម្ម​ទៅក្នុង​សង្គម​កម្ពុជា​វិញ​ប្រកបដោយ​ជោគជ័យ ពីព្រោះ​អ្នកខ្លះ​ពុំមាន​បងប្អូន​សាច់ញាតិ​នៅក្នុង​ប្រទេស​កម្ពុជា​។​តាមរយៈ​កិច្ចព្រមព្រៀង គឺ​សហរដ្ឋអាមេរិក​ផ្តល់ជំនួយ​តាមរយៈ​អង្គការក្រៅរដ្ឋាភិបាល​មួយ ដើម្បី​ទទួល​ពួកគាត់​ស្នាក់នៅ​បណ្តោះអាសន្ន​។​
​ ​
សម្តេច​ក្រឡាហោម​សង្ឃឹម​ជឿជាក់ថា បន្ទាប់ពី​អនុវត្ត​ប្រកបដោយ​ជោគជ័យ​កម្មវិធី​ធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​កម្ពុជា​មក​កម្ពុជា​វិញ សហរដ្ឋអាមេរិក​នឹង​ពិចារណា​ចំពោះ​ការដកចេញ​នៅ​បំរាម​ទិដ្ឋាការ​ទៅដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ដែល​សហរដ្ឋ​អាម​រិ​ក​បានដាក់​កន្លងមក​។ សម្តេច​លើកទឹកចិត្ត​ឲ្យ​ក្រុមការងារ​ទាំងពីរ​បន្ត​ខិតខំ​យ៉ាងណា​ពិភាក្សាគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​មិនទាន់មាន​ការព្រមព្រៀង​គ្នា ដើម្បី​ឈានទៅ​សម្រេចបាន​នៅ​លទ្ធផល​រួមមួយ ដើម្បី​បម្រើ​ដល់​ប្រយោជន៍​ទាំងសងខាង នៃ​ប្រជាពលរដ្ឋ និង​ប្រទេស​ទាំងពីរ​។​

​ជាការ​ឆ្លើយតប​ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​ថ្លែងថា ទាក់ទង​ការ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​កម្ពុជា គឺ​ទុក​លទ្ធភាព​ឲ្យ​ក្រុមការងារ នៃ​ភាគី​ទាំងពីរ ក្នុងការ​ពិនិត្យ​ពិភាក្សាគ្នា​បន្ថែមទៀត ដើម្បី​ស្វែងរក​ចំណុចរួម​ពាក់ព័ន្ធ​ទៅ​និង​ភាព​មិនទាន់​ចុះសម្រុង​គ្នា ក៏ដូចជា​បញ្ហា​សំណូមពរ​ផ្សេងៗ​។​

​ទាក់ទង​ការស្នើ​របស់​សម្តេច​ក្រឡា​ហោម ស ខេង សហរដ្ឋអាមេរិក​នឹង​ពិចារណា​ចំពោះ​ការដកចេញ​បំរាម​ទិដ្ឋាការ​ទៅដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ដោយលោកឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បញ្ជាក់ថា ដរាបណា​នៃ​ការធ្វើ​កម្មវិធី​ការទទួល​ពលរដ្ឋ​កម្ពុជា ដំណើរការ​ទៅបាន​ល្អប្រសើរ ដែល​ស្របតាម​ការពេញចិត្តរ​បស់​ភាគី​ទាំងពីរ​ហើយ​នោះ គឺ​ជំហាន​បន្ទាប់​អាមេរិក​នឹង​ពិនិត្យ​ទៅលើ​ការដក​នៅ​បំរាម​ទិដ្ឋាការ​។​

​ក្នុង​ព្រឹត្តិការណ៍​ដោយឡែក​មួយទៀត លោក ខាល រី​ស​ឆ៍ បានបញ្ជាក់​ឡើងវិញ​អំពី​គោលជំហរ​របស់​រដ្ឋាភិបាល​អាមេរិក ចំពោះ​ការបញ្ជូន​ពលរដ្ឋ​កម្ពុជា​មក​ប្រទេស​កម្ពុជា​វិញ​ថា ” មិនមែន​ចំពោះតែ​ប្រទេស​កម្ពុជា​ឡើយ ប៉ុន្តែ​គឺ​សម្រាប់​ចំពោះ​គ្រប់​ប្រទេស​ទាំងអស់​ទូទាំង​ពិភពលោក​នៅពេលដែល​ជនណាម្នាក់​ត្រូវបាន​បញ្ជូន​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​របស់គេ​វិញ​នោះ គឺ​ដោយសារតែ​គេ​មាន​កំណត់ត្រា​នៃ​ការប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​កម្ម​អំឡុង​ពេលដែល​ពួកគេ​រស់នៅ​លើទឹក​ដី​អាមេរិក​។​ការធ្វើ​បែប​នោះ គឺ​ដើម្បី ឱ្យ​ប្រាកដថា ច្បាប់​របស់​អាមេរិក ត្រូវបាន​អនុវត្ត​តែប៉ុណ្ណោះ ហើយ​ការអនុវត្ត​ច្បាប់​នេះ មិន​ចំពោះ​ថា បុគ្គល​នោះ​ទទួលបាន​សញ្ជាតិ​អាមេរិក ហើយ​ឬ នៅទេ ” ។​​​ដោយៈ មុនី​រ័ត្ន​-​មេសា​

លោក ខាល រី​ស​ឆ៍ ជួបពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង (​រូប​ថ​តៈ មុនី​រ័ត្ន​)