អាមេរិក​នៅតែ​កំពុង​ពិចារណា​ប្រើ​ជម្រើស​យោធា​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

839
ចែករម្លែក

​រដ្ឋបាល​ត្រាំ​បានបញ្ចប់​រយៈពេល​ពេញ​មួយ​សប្តាហ៍​កន្លងមកនេះ​ជាមួយនឹង​ការ​គំរាម​ការឆ្លើយតប​យោធា​មិន​ទំនង​ទៅលើ​វិបត្តិ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ថ្ងៃ​សុក្រ​ទី​៣​ឧសភា​ជាមួយនឹង​កិច្ចប្រជុំ​មួយ​នៅ​មន្ទីរ​បញ្ច​កោណ​ដើម្បី​ពិចារណា​ពី​ជម្រើស​យោធា​របស់ខ្លួន បើទោះបីជា​មិនមាន​សញ្ញា​ថា សកម្មភាព​ណាមួយ​នឹងត្រូវ​ធ្វើឡើង​ឱ្យ​ប្រាកដ​ក៏ដោយ​។​

​ភ្លាម​បន្ទាប់ពី​នោះមក រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ស្តីទី​លោក​ផា​ទ្រី​ក សា​ណា​ហាន និង​មន្ត្រីជាន់ខ្ពស់​ដទៃទៀត​បា​ន​ពិនិត្យមើល​ឡើងវិញ​នូវ​ជម្រើស​នានា ដោយ​ផ្អែកលើ​កិច្ចប្រឹងប្រែង​បរាជ័យ​កាលពីដើម​សបា្ដហ៍​នេះ​ដោយ​មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក​ហ្វ័​ន ក្វា​យ​ដូ ដើម្បី​ជំរុញឱ្យមាន​ការបះបោរ​។ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​និយាយថា លោក​បាន​ពិភាក្សា​អំពី​ស្ថានភាព​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

​លោក​ត្រាំ ដែល​រដ្ឋបាល​របស់លោក​កំពុង​ព្យាយាម​ទម្លាក់​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​និង​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​លោក ហ្វ័​ន ក្វា​យ​ដូ ជា​ប្រធានាធិបតី បាន​និយាយថា លោក​និង​លោកពូ​ទីន​ចែករំលែក​គោលដៅ​តែមួយ​ក្នុង​ការបញ្ចប់​វិបត្តិ​ដោយ​សន្តិវិធី​។​

​លោក​ត្រាំ​បាន​ថ្លែងថា “​គាត់ (​ពូ​ទីន​) មិន​សម្លឹងមើល​លើ​ការចូលរួម​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​សោះឡើយ តែ​គាត់​ចង់ឃើញ​មាន​អ្វី​កើត​ឡើងជា​វិជ្ជមាន​សម្រាប់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ដូចគ្នា​ដែរ​។ យើង​ចង់​បញ្ជូន​ជំនួយ​មនុស្សធម៌​ខ្លះ ព្រោះ​ឥឡូវនេះ​មនុស្ស​កំពុងតែ​ឃ្លាន​ខ្លាំង​”​។​

​ការនិយាយ​យោង​របស់លោក​ត្រាំ​ចំពោះ​វិធីសាស្ត្រ​របស់​រុស្ស៊ី​ក្នុង​ការមិន​លូកដៃ​ក្នុង​រឿង​វ៉េ​ណេ​ស៊ុយ​អេ​ឡា គឺ​ផ្ទុយគ្នា​ស្រឡះ​ទៅនឹង​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក​ផ​ម ផេ​វ ថា រុស្ស៊ី​ជា​ផ្នែក​មួយ​នៃ​បញ្ហា​នៅ​ទីក្រុង​កា​រ៉ា​កាស​។ លោក​ផ​ម​ផេ​វ​បាន​និយាយ​កាលពីដើម​សប្តាហ៍​នេះ​ថា លោក​ម៉ា​ឌូ​រ៉ូ​ប៊ិះ​តែ​នឹង​ចាក​ចេញពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទៅហើយ តែ​ត្រូវបាន​រុស្ស៊ី​បញ្ចុះបញ្ចូល​ឱ្យ​គាត់​បន្ត​នៅក្នុង​ប្រទេស​។​

​នៅក្នុង​ការពណ៌នា​អំពី​ការសន្ទនា​រវាង​ត្រាំ​និង​ពូ​ទីន វិមាន​ក្រឹម​ឡាំង​បាន​និយាយថា​លោកពូ​ទីន​បាន​សង្កត់ធ្ងន់​លើ​ការចាំបាច់​ក្នុង​ការគោរព​សិទ្ធិ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដើម្បី​កំណត់​អនាគត​របស់​ពួកគេ​ដោយ​ខ្លួនឯង​។ លោក​បាន​ប្រា​ប់លោក​ត្រាំ​ថា ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ចូលទៅ​កិច្ចការ​ផ្ទៃក្នុង​និង​ការប៉ុនប៉ង​នានា​ក្នុងការ​ផ្លាស់ប្តូរ​របប​ដោយ​កម្លាំង​នៅក្នុង​ទីក្រុង​កា​រ៉ា​កាស នឹង​ធ្វើឱ្យ​អន្តរាយ​ដល់​លទ្ធភាព​ដោះស្រាយ​វិបត្តិ​នយោបាយ​៕ ដោយ៖ កញ្ញាដាលីស

អាមេរិក​នៅតែ​ពិ​ចា​ណា​រលើ​ការប្រើ​យោធា​ធ្វើ​អន្តរាគមន៍​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា