អាមេរិក​បង្កើន​ប្រតិបត្តិ​ការទម្លាក់​គ្រាប់បែក​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

350

កងទ័ពអាកាស​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ជា​មធ្យម​ចំនួន ១៦ គ្រាប់​ក្នុង​មួយថ្ងៃ​នៅក្នុង​ខែសីហា​បន្ទាប់ពី​ផែនការ​របស់​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​ដើម្បី​វាយប្រហារ “​សត្រូវ​របស់​អាមេរិក​” នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើ​យោងតាម​ទិន្នន័យ​ចុងក្រោយ​បំផុត​របស់​មន្ទីរ​បញ្ច​កោណ​ស្តីពី​គ្រាប់​ដែល​បាន​ដឹក​មកដល់​ប្រទេស​នេះ​។​

​យោងតាម​ទិន្នន័យ​របស់​ទីបញ្ជាការ​កណ្ដាល​អាមេរិក​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ៣១ ខែសីហា​បានឱ្យដឹងថា យន្តហោះ​ចម្បាំង​របស់​ទ័ពអាកាស​អាមេរិក រាប់ទាំង​ធុន F-16 “Viper” យន្តហោះ​ដ្រូ​ន MQ-9 Reaper និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 Stratofortress បាន​ទម្លាក់​គ្រាប់បែក​ចំនួន ១.៩៨៤ គ្រាប់ ពី​ខែមករា​ដល់​ខែកក្កដា​ឆ្នាំនេះ​។​

​ដូច្នេះ​វេ​ប​សាយ Sputnik News បាន​គណនា​ឃើញថា ក្នុង​៧​ខែ​ដំបូង​នៃ​ឆ្នាំនេះ យន្ដហោះ​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ជា​មធ្យម ២២៧ គ្រាប់​ក្នុង​មួយខែ​។ ក្នុង​ខែសីហា គ្រាប់បែក​ជាង​ពីរដង​ត្រូវបាន​ទម្លាក់​លើដី​អា​ហ្វ​ហ្កា​នី​ស្ថាន គឺ​ច្រើនជាង​គ្រាប់បែក​ទម្លាក់​ជា​មធ្យម​ក្នុង​មួយខែ​ទៅទៀត ពោលគឺ​ទម្លាក់​ចំនួន ៥០៣ គ្រាប់​ឯណោះ​។​

​លោក ដេវីត ហ្គោល​ហ្វេ​ន អគ្គសេនាធិការ​កងទ័ព​អាកាស​អាមេរិក​បាន​ប្រាប់​វេ​ប​សាយ Military.com ថា​ការបង្កើន​ការ​វាយឆ្មក់​ទម្លាក់​គ្រាប់បែក​មិន​តម្រូវឱ្យ​កេណ្ឌ​យន្តហោះ​បន្ថែម​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ​ដោយសារតែ​យើង​មិនដែល​ត្រឡប់មកវិញ​បន្ទាប់ពី​បាន​មកដល់​ច្រើន​ឆ្នាំ​មកនេះ​។ លោក​បាន​កត់សម្គាល់ថា លោក​មិន​មើលឃើញ​ការចាំបាច់​ត្រូវ​បន្ថែម​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ​។​

​យោងតាម​ទិន្នន័យ​មន្ទីរ​បញ្ច​កោណ​បានឱ្យដឹងថា សហរដ្ឋអាមេរិក​បាន​ផ្តល់នូវ​ការចំណាយ​បន្ថែម​ជា​រៀងរាល់ខែ​ដើម្បី​កំណត់​គោលដៅ​វាយកម្ទេច​ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ជា​មធ្យម ២២៧ គ្រាប់​ក្នុង​មួយខែ​ក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន