អាមេរិក​បង្កើន​ផែនការ​ការពារ​ផែនដី​ពី​ផលប៉ះពាល់​របស់​អាចម៍​ផ្កាយ​

1518
ចែករម្លែក

​រដ្ឋាភិបាល​អាមេរិក​កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ភពផែនដី​ពី​អាចម៍ផ្កាយ ដែល​អាច​បំផ្លាញ​តំបន់​មួយ​ទាំងមូល​ឬ​សូម្បី​ទ្វីប​ជាច្រើន​។​

​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​ជាតិ​បានចេញ​ផ្សាយ​របាយការណ៍​កម្រាស់ ២០ ទំព័រ​កាលពី​ថ្ងៃ​ពុធ​ទី​២០​មិថុនា ដោយ​អំពាវនាវ​ឱ្យ​ជំរុញ​ប្រសើរឡើង​នូវ​ការស្វែងរក តាមដាន និង ផ្លាស់ប្តូរ​ទិសដៅ​របស់​អាចម៍ផ្កាយ​។​

​គំនិត​ផ្តួចផ្តើម​ដែល​គាំទ្រ​ដោយ​អង្គការ​ណា​សា មន្ត្រី​គ្រាអាសន្ន​សហព័ន្ធ និង​សេត​វិមាន គឺមាន​គោលបំណង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខ​ដើម្បី​ស្វែងរក​និង​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ដែល​អាច​កើត​មាននៅ​តំបន់​ជុំវិញ​ផែនដី ប្រសិនបើ​អាចម៍ផ្កាយ​ទាំងនោះ​កើតឡើង​។​

​អង្គការ​ណា​សាបាន​ពន្យល់ថា វត្ថុ​នៅ​ជិត​ផែនដី (NEOs) គឺ​រួមបញ្ចូល​អាច​ម៌​ផ្កាយ​និង​ផ្កាយដុះកន្ទុយ ដែល​ធ្វើ​គោចរ​ជុំវិញ​ផែនដី​ក្នុង​ចម្ងាយ ៤៨ លាន​គីឡូម៉ែត្រ​។​

​ខណៈ​លទ្ធភាព​ដែល​អាចម៍ផ្កាយ​បុក​ទង្គិច​នឹង​ផែនដី​មាន​ទាប ផលប៉ះពាល់​របស់​វា​អាចមាន​ទំហំ​ធំ​។

​សម្រាប់​ឥឡូវនេះ អ្នកវិទ្យាសាស្ដ្រ​មិនដឹងថា​អាចម៍ផ្កាយ​ឬ​ផ្កាយដុះកន្ទុយ​កំពុងធ្វើដំណើរ​តាមផ្លូវ​ឆ្ពោះ​មករក​យើង​ឬ​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​អាចមាន​អាចម៍ផ្កាយ​មួយ​បោះពួយ​មករក​យើង​ដោយ​មិនដឹង​ខ្លួន ដូច្នេះហើយ​ទើប​រដ្ឋាភិបាល​អាមេរិក​ចង់បាន​ផែនការ​ល្អប្រសើរ​មួយ​ដើម្បី​ទប់ស្កាត់​វា​។​

​មន្ត្រី​ការពារ​ភពផែនដី​របស់​ណា​សា លោកស្រី លីន​លី ច​ន​សុន និយាយថា ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​វត្ថុ​នៅ​ជិត​ផែនដី​ដែលមាន​អង្កត់ផ្ចិត ១ គីឡូ​មែត្រ ឬ ធំ​ជាង​នេះ​ដល់​ទៅ ៩៥ ភាគរយ ។​

​ប៉ុន្តែ​គេ​នៅតែ​កំពុង​បន្ត​តាមរក​ថ្ម​អវកាស ៥ ភាគរយ​ទៀត ដែល​អាច​បង្ក​ផលប៉ះពាល់​ធំ​ដល់​ផែនដី​៕ ដោយ៖ កញ្ញាដាលីស