អាមេរិក​បញ្ជូន​នាវា​ទៅ​ជំទាស់​នឹង​ការអះអាង​ត្រួតត្រា​ច្រក​សមុទ្រ​តៃវ៉ាន់​ពី​សំណាក់​ចិន​

470

ភាពតានតឹងកំពុងកើនឡើងរវាងចិននិងសហរដ្ឋអាមេរិក បន្ទាប់ពីនាវាអាមេរិក២គ្រឿងបានបើកកាត់ច្រកសមុទ្រតូចមួយនៅជិតកោះតៃវ៉ាន់កាលពីថ្ងៃចន្ទទី២២តុលាដើម្បីប្រឆាំងនឹងការអះអាងអធិបតេយ្យភាពទាំងស្រុងលើផ្លូវទឹកតូចមួយនេះពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង។

នាវាUSS Curtis Wilbur ជានាវាមួយដែលបានបើកកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃ២២តុលា

ការធ្វើដំណើររបស់នាវានេះមុខជានឹងធ្វើអោយទំនាក់ទំនងចិន-អាមេរិកតានតឹងបន្ថែមទៀត តែនៅតៃវ៉ាន់យល់ឃើញថាវាជាការគាំទ្ររបស់រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ខណៈកោះជាតិនិយមមួយនេះប្រឈមការគំរាមខ្លាំងឡើងពីមហាចិនដីគោក។

អ្នកនាំពាក្យរងនៃកងនាវាប៉ាស៊ីហ្វិកអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា« ការឆ្លងកាត់របស់នាវាតាមច្រកសមុទ្រតៃវ៉ាន់បង្ហាញការតាំងចិត្តរបស់អាមេរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហមួយ។កងទ័ពជើងទឹកអាមេរិកនឹងបន្តហោះហើរ បើកនាវានិងធ្វើប្រតិបត្តិការនៅកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាតិ»។

នៅមិនទាន់មានការឆ្លើយតបភ្លាមៗពីចិននៅឡើយទេចំពោះការបើកកាត់របស់នាវាអាមេរិកលើកនេះ តែកាលពីខែកក្កដារដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានអោយអាមេរិក«ចៀសវាងការធ្វើអោយសន្តិភាពនិងស្ថិរភាពនៅក្នុងច្រកសមុទ្រយុទ្ធសាស្រ្តនេះជួបគ្រោះថ្នាក់»។

សូមបញ្ជាក់ថា កងទ័ពជើងទឹកអាមេរិកបានធ្វើបេសកកម្មដូចគ្នាមួយនៅច្រកសមុទ្រនេះកាលពីខែកក្កដា ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនមានទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ទេ តែមានច្បាប់ជួយការពារកោះប្រជាធិបតេយ្យនេះនិងក៏ជាប្រភពលក់សព្វាវុធរបស់ខ្លួនផងដែរ។ក្រសួងការពារជាតិអាមេរិក និយាយថា រដ្ឋាភិបាលអាមេរិកបានលក់អោយតៃវ៉ាន់នូវសព្វាវុធតំលៃជាង១៥ពាន់លាន​ដុល្លារចាប់តាំងពីឆ្នាំ២០១០។

ចិនចាត់ទុកតៃវ៉ាន់ជាខេត្តផ្តាច់ខ្លួនមួយរបស់ខ្លួននិងកាន់តែដាក់សម្ពាធដើម្បីអះអាងអធិបតេយ្យភាពលើកោះនេះ ហើយក៏មិនដែលច្រានចោលការប្រើកម្លាំងដើម្បីនាំវាមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដែរ។

នៅមុននាវាបើកកាត់ច្រកសមុទ្រនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោកជីម ម៉ាតទីស បានប្រាប់សមភាគីចិនកាលពីសប្តាហ៍មុនថា គោលនយោបាយទូទៅរបស់អាមេរិកចំពោះតៃវ៉ាន់មិនផ្លាស់ប្តូរទេ៕ដោយ៖វាសនា