អាមេរិក​បញ្ជូន​នាវា​ពេទ្យ​ទៅ​ជួយ​ជនភៀសខ្លួន​វេនេ​ស៊ុយអេ​ឡា​

684
ចែករម្លែក

​នាវា​ពេទ្យ​មួយ​របស់​អាមេរិក នឹង​ចេញ​ដំណើរ​សំរាប់​បេសកកម្ម​មនុស្សធម៌​មួយទៀត​ដើម្បី​ជួយ​បណ្តា​ប្រទេស​ដែល​ប្រឈម​ដោះស្រាយ​ជាមួយនឹង​ការហូរចូល​ជនភៀសខ្លួន​​វេនេ​ស៊ុយអេ​ឡា​និង​វិបត្តិនយោបាយ នេះ​បើ​តាម​ការប្រកាស​របស់​រដ្ឋការ​ត្រាំ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​ឧសភា​។​

​អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃ ផេ​នស៍ បាន​និយាយថា នាវា​The USNS Comfort នឹង​ចាកចេញ​នៅ​ខែ​មិថុនា​សំរាប់​បេសកកម្ម​៥​ខែ​ទៅ​កាន់​អាមេរិក​ខាងត្បូង អា​​មេ​រិកកណ្តាល​និង​តំបន់​ការ៉ា​អ៊ីព​ដើម្បី​ជួយ​បណ្តាប្រទេស​នានា​ដែល​ជួ​ប​ការហូរចូល​នៃ​ជនភៀសខ្លួន​ជាង​៣​លាន​នាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​វេនេ​ស៊ុយអេ​ឡានៅ​ប៉ុន្មាន​​ឆ្នាំ​មកនេះ​។​

​លោក​អនុ​ប្រធានាធិបតី​បានបញ្ជាក់​ថា «​ការកើនឡើង​នៃ​ទុក្ខសោក​នៅ​វេនេ​ស៊ុយអេ​ឡា​បង្ក​អោយ​មាន​ការហូរ​ចេញ​ទាំង​ហ្វូងៗ ដែល​យើង​មិន​ធ្លាប់​ដែល​បាន​ជួបប្រទះ​នៅ​អ​ឌ្ឍ​​គោល​ខាងលិច​»​។​

​ដំណើរ​ចុងក្រោយ​របស់​Comfort នៅ​អាមេរិក​ខាងត្បូង បាន​ផ្តល់​ជំនួយ​វេជ្ជសាស្ត្រ​នៅក្នុង​ប្រទេស​កូឡុំប៊ី​និង​ប្រទេស​ជាច្រើន​ដែល​ទទួ​ល​ជនភៀសខ្លួន​វេនេ​ស៊ុយអេ​ឡា​។​

​លោក​ផេន​ស៍​និង​មន្ត្រី​អាមេរិក​បាន​ព្រមាន​ថា មនុស្ស​២​លាន​នាក់​ទៀត​ត្រូវ​រំពឹងថា​នឹង​ភៀសខ្លួន​ចេញពី​វេនេ​ស៊ុយអេ​ឡានៅ​យ៉ាងយូរ​ត្រឹម​ដំណាច់ឆ្នាំ បើ​វិបត្តិ​នៅតែ​បន្ត​នៅក្នុង​​ប្រទេស​ដែល​ធ្លាប់តែ​ស​ប្បូរ​សប្បាយ​មួយ​នេះ​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​អាមេរិក​បាន​និង​កំពុង​បន្ថែម​សម្ពាធ​និង​វិធានការ​ការទូត​រួម​ទាំង​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ ដោយ​សង្ឃឹម​បង្ខំ​អោយ​​លោក​ម៉ា​ឌូ​រ៉ូ ចុះចេញ​ពី​អំណាច​។​

​អាមេរិក​និង​ប្រទេស​ជាង​៥០​ទៀត​និយាយ​ថា ការ​ជាប់ឆ្នោត​ជា​ថ្មី​របស់​ម៉ា​ឌូ​រ៉ូ កាលពី​ឆ្នាំមុន​មាន​ជាប់​ការសង្ស័យ​អំពី​ការលួចបន្លំ និង​ថា មេដឹកនាំ​ប្រឆាំង​លោក​ហ្ស័ន ក្វាយ​ដូ​​ជា​ប្រធានាធិបតី​ស្របច្បាប់​នៅក្រោម​រដ្ឋធម្មនុញ្ញ​របស់​វេនេ​ស៊ុយអេ​ឡា​៕​ដោយ​៖​វាសនា​

ផេ​នស៍ បានបញ្ជាក់​សាជាថ្មី​ថា រាល់​ជំរើស​ស្ថិត​នី​លើ​តុ ខណៈ​រដ្ឋាភិបាល​អាមេរិក​កំពុង​ថ្លឹងថ្លែង​រក​ចំណាត់ការ​បន្ថែម​