អាមេរិក​បញ្ឈប់​ការចាក់​សាំង​ឱ្យ​យន្តហោះ​នៅលើ​អាកាស​នៅក្នុង​សង្គ្រាម​យេ​ម៉ែន​

818
ចែករម្លែក

កាសែតWashington Post បានរាយការណ៍កាលពីថ្ងៃសុក្រទី៩វិច្ឆិកាថាសហរដ្ឋអាមេរិកនឹងបញ្ឈប់ការចាក់សាំងនៅលើអាកាសឱ្យក្រុមយន្តហោះដែលពីក្រុមចម្រុះយោធាដែលដឹកនាំ ដោយអារ៉ាប៊ីសាអូឌីតដែលកំពុងទម្លាក់គ្រាប់បែក នៅប្រទេសយេម៉ែន។

ចំណាត់ការនេះកើតមានចំពេលមានការរិះគន់ជាបន្តបន្ទាប់ជាអន្តរជាតិទៅលើសកម្មភាពរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនៅប្រទេសយេម៉ែន ជាពិសេស បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ដោយចម្រុះនេះ បានសម្លាប់ជនស៊ីវិលជាច្រើន ដែលភាគច្រើនជាកុមារ។

ទោះជាយ៉ាងណា មន្ទីរបញ្ចកោណនឹងមិនបញ្ជាក់ការចុះផ្សាយរបស់កាសែតនេះទេ។

លោក Rebecca Rebarich អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណបាននិយាយថា “យើងបន្តការពិភាក្សាជាមួយប្រទេសអារ៉ាប៊ីសាអូឌីតហើយយើងគ្មានអ្វីត្រូវរាយការណ៍នៅពេលនេះទេ” ។

លោក Jim Mattis រដ្ឋមន្ត្រីការពារជាតិអាមេរិក កាលពីខែសីហាបានព្រមានថាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះក្រុមចម្រុះនេះគឺ មិនមានលក្ខខណ្ឌទេ ដោយកត់សម្គាល់ថាត្រូវតែធ្វើអ្វីៗតាមដែលអាចធ្វើទៅបានដើម្បីបញ្ចៀសការបាត់បង់ជីវិតជនស៊ីវិលគ្មានទោស។

បច្ចុប្បន្នមន្ទីរបញ្ចកោណ ផ្តល់ប្រេងសម្រាប់យន្តហោះចម្រុះប្រហែល២០ភាគរយនៃកងយន្តហោះរបស់ក្រុមចម្រុះនេះ នៅពីលើប្រទេសយេម៉ែន។

កាលពីខែមុន លោក Jim Mattisបានធ្វើការអំពាវនាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយអោយមានបទឈប់បាញ់គ្នានៅយេម៉ែនហើយបានអំពាវនាវឱ្យភាគីជម្លោះចូលធ្វើការចរចាក្នុងរយៈពេល៣០ថ្ងៃខាងមុខនេះ។

ឥឡូវនេះ អង្គការសហប្រជាជាតិបានជំរុញឱសានវាទនោះ ទៅដល់ដំណាច់ឆ្នាំនេះ។

អារ៉ាប៊ីសាអូឌីតនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្វើអន្តរាគមន៍នៅក្នុងជម្លោះរវាងប្រធានាធិបតីយេម៉ែនលោក Abedrabbo Mansour Hadi ដែលរដ្ឋាភិបាលរបស់លោកត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងក្រុមឧទ្ទាមHuthiនៅឆ្នាំ២០១៥។រហូតមកដល់ពេលនេះមនុស្សជិត១០.០០០ នាក់ត្រូវបានសម្លាប់ហើយពេលនេះប្រទេសនេះប្រឈមនឹងគ្រោះទុរ្ភិក្ស៕ដោយ៖សុខា/sn

យន្តហោះចាក់សាំងBoeing KC-135 របស់អាមេរិក នៅអំឡុងសមយុទ្ធមួយ