អាម៉េរិក​បដិសេធ​ទិដ្ឋាការ​សម្រាប់​សមាជិក​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ដែល​ស៊ើបអង្កេត​ទាហាន​អាម៉េរិក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

254
ចែករម្លែក
  • 59
    Shares

​សហរដ្ឋអាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា​ថា ​ខ្លួន​នឹង​បដិសេធ​ទិដ្ឋាការ​សម្រាប់​សមាជិក​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​(ICC)​ពាក់ព័ន្ធ​ក្នុង​ការស៊ើបអង្កេត​​សកម្មភាព​របស់​កង​ទ័ព​អាម៉េរិក​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ឬ​ប្រទេស​ដទៃទៀត​។​

​លោក ម៉ៃ ផ​ម​ផេវ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក បាន​និយាយថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ត្រៀម​ចាត់វិធានការ​បន្ថែមទៀត ដោយ​រួមទាំង​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច បើសិន​​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​អន្តរជាតិ​នេះ នៅ​តែ​ធ្វើ​ការស៊ើបអង្កេត​ទាហាន​អាម៉េរិក​ឬ​ទាហាន​សម្ព័ន្ធមិត្ត​។​

​លោក ម៉ៃ ផ​ម​ផេវ បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ” តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ​កំពុង​វាយប្រហារ​នីតិរដ្ឋ​អាម៉េរិក​។​វា​មិន​ទាន់​យឺត​ពេល​សម្រាប់​តុលាការ​នេះ​​ធ្វើ​ការផ្លាស់ប្តូរ​នោះ​។​យើង​ជំរុញ​ឱ្យ​តុលាការ​នេះ​ធ្វើ​ការផ្លាស់ប្តូរ​ជាបន្ទាន់​”​។​

​សហរដ្ឋអាម៉េរិក​មិន​ដែល​បាន​ចូលរួម​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ ដែល​រដ្ឋអាជ្ញា​លោក ហ្វា​ទូ ប៊ិន​ស៊ូ​ដា (Fatou Bensouda) បាន​ស្នើសុំ​ចៅក្រម​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ ដើម្បី​អនុញ្ញាត​ឱ្យ​បើក​ការស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​។​

​សេចក្តីប្រកាស​របស់ លោក ម៉ៃ ផ​ម​ផេវ អំពី​ការ​រឹតត្បិត​ទិដ្ឋាការ​នេះ គឺជា​សកម្មភាព​ជាក់ស្តែង​លើក​ទី​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​សហរដ្ឋអាម៉េរិក ប្រឆាំង​នឹង​តុលាការ​ICC​នេះ​ចាប់​តាំងពី​សេត​វិមាន​គំរាម​សងសឹក​ប្រឆាំង​តុលាការ​ICC​ដែល​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ នេះ កាលពី​ខែ​កញ្ញា​ឆ្នាំមុន​។​

​លោក ម៉ៃ ផ​ម​ផេវ បាន​និយាយថា​”​ខ្ញុំ​កំពុង​ប្រកាស​គោលនយោបាយ​ដាក់​កម្រិត​ទិដ្ឋាការ​អាម៉េរិក​លើ​បុគ្គល​ដែល​ទទួលខុសត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ការស៊ើបអង្កេត​របស់​តុលាការ​ICC លើ​ទាហាន​អាម៉េរិក​” ។​

​លោក​បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា នេះ​នឹង​រាប់បញ្ចូល​ទាំង​អ្នក​ដែល​ចាត់​ឬ​បាន​ចាត់​វិធានការ​ដើម្បី​ស្នើ​សុំ​ឬ​ស៊ើបអង្កេត​បន្ថែម​ទៀត​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា “​ប្រសិនបើ​អ្នក​ទទួលខុស ត្រូវ​ចំ​ពោះ​ការស៊ើបអង្កេត​របស់​តុលាការ ICC ដែល​បាន​ស្នើឡើង​ក្នុងការ​ស៊ើបអង្កេត​លើ​ទាហាន​អាម៉េរិក​ពាក់ព័ន្ធ​​នឹង​ស្ថានភាព​នៅ​អា​ហ្វ​ហ្កានី​ស្ថាន​នោះ ​អ្នក​មិន​គួរ​គិត​ថា​អ្នក​នៅ​តែ​មាន​ឬ​នឹង​ទទួលបាន​ទិដ្ឋាការ​ឬ​ថា​អ្នក​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​សហរដ្ឋអាម៉េរិក​នោះទេ​” ។ ទិដ្ឋាការ​ក៏​​អាច​ត្រូវបាន​ដកហូតពី​បុគ្គលិក​នៃ​តុលាការ​ICC ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ស៊ើបអង្កេត​ទៅលើ​សម្ព័ន្ធមិត្ត​អាម៉េរិក ជាពិសេស អ៊ីស្រាអែល​។​

​តុលាការ​ICC​និង អង្គការ​សិទ្ធិមនុស្ស បាន​ប្រតិកម្ម​ភ្លាមៗ​ទៅនឹង​ការលើកឡើង​របស់​លោក ម៉ៃ ផ​ម​ផេវ ។

​តុលាការ​អន្តរជាតិ​នេះ បាន​និយាយថា ” ICC ក្នុងនាម​ជា​តុលាការ​នៃ​ច្បាប់​នឹង​បន្តធ្វើ​កិច្ចការ​ឯករាជ្យ​របស់​ខ្លួន ទៅតាម​អាណត្តិ​របស់​ខ្លួន​និង​គោល​ការណ៍​ច្បាប់​”៕​ដោយ​៖​សុខា​/sn/Ha