អាមេរិក​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ើបការណ៍​សម្ងាត់​ទៅ​ទី​អវកាស​

1292

​រ៉ុក្កែត​មួយ ដែល​ផ្ទុក​ទិន្នន័យ​សម្ងាត់​កំពូល​បំផុត ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​វ៉ាន់​ដេ​ន​បឺ​កនៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ដោយ​ដឹក​ផ្កាយរណប​របស់​ការិយាល័យ​ស៊ើបការណ៍​ជាតិ​អាមេរិក (NRO) ដែល​ស្ទើរតែ​គ្រប់​ទិដ្ឋភាព​ទាំងអស់​ត្រូវបាន​ចាត់ទុក​ជាការ​សម្ងាត់​។​

​ពន្លឺ​ភ្លើងពណ៌​ទឹកក្រូច​បានបង្ហាញ​ខ្លួន​នៅលើ​មេឃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ខណៈដែល​ផ្កាយរណប ដែលមាន​ឈ្មោះថា National Reconnaissance Office Launch 42 (NROL-42) បានចាប់ផ្តើម​ហោះ បន្ទាប់ពី​ម៉ោង ១១ យប់ នៅលើ​ខ្នង​នៃ​រ៉ុក្កែត​ឈ្មោះ Atlas 5 របស់​ក្រុមហ៊ុន United Launch Alliance​។​

​ការិយាល័យ NRO មិនបាន​បញ្ចេញ​នូវ​ព័ត៌មាន​ច្រើន​អំពី​ផ្កាយរណប​របស់ខ្លួន​ទេ ព្រោះ​ត្រឹមតែ​ឈ្មោះ​របស់​វា គេ​អាច​ពន្យល់​ប្រាប់​យើង​ច្បាស់​ណាស់​ថា វា​ជា​ផ្កាយរណប​ស៊ើបការណ៍​សម្ងាត់​។ សេចក្តីថ្លែងការណ៍​ពី​លោក​វរសេនីយឯក ហ្គ្រេ​ហ្គោ​រី វូដ (Gregory Wood) មេបញ្ជាការរង​នៃ​អង្គភាព​អវកាស​ទី ៣០ របស់​កងទ័ពអាកាស​នៅ​វ៉ាន់​ដេ​ន​បឺ​ក បានផ្តល់​ព័ត៌មាន​លម្អិត​ខ្លះ​ដែរ​។​

​លោក វូដ បាន​និយាយថា “​ការបាញ់​បង្ហោះ​នេះ​គឺជា​លទ្ធផល​ចុងក្រោយ​នៃ​ការងារ​ជាច្រើន​ខែ​ដោយ​ក្រុមហ៊ុន United Launch Alliance (ULA) ការិយាល័យ​ស៊ើបការណ៍​ជាតិ​អាមេរិក និង​អង្គភាព​អវកាស​ទី ៣០ ។ សមាជិក​ក្រុម​វ៉ាន់​ដេ​ន​បឺ​ក (Team Vandenberg) ទាំងអស់ ប្តេជ្ញា​ទទួលបាន​ជោគជ័យ​នៅក្នុង​បេសកកម្ម និង​មាន​មោទនភាព​ក្នុងការ​ចូលរួមចំណែក​ក្នុង​ការផ្តល់​សមត្ថភាព​ទាំងនេះ​ដល់​ប្រទេស​របស់​យើង​” ។​

​អនុប្រធាន​ក្រុមហ៊ុន ULA លោកស្រី ឡូ​រ៉ា ម៉ា​ហ្គី​ន​នី​ស (Laura Maginnis) និយាយថា “​សូម​អបអរសាទរ​ចំពោះ​ក្រុមការងារ​ទាំងមូល​ចំពោះ​ការ​ជម្នះ​លើ​បញ្ហា​ប្រឈម​ជាច្រើន​នៅក្នុង​យុទ្ធនាការ​នេះ​។ ពី​ការផ្តោត​សំខាន់​លើ​ការតាមដាន​ផលប៉ះពាល់​របស់​ព្យុះសង្ឃរា​អៀ​ម៉ា​រហូតដល់​ការជំនួស​ជើង​ទម្រ​បាញ់​រ៉ុក្កែត​នៅ​ដំណាក់កាល​ដំបូង​នៅ​សប្តាហ៍​នេះ ក្រុមការងារ​បាន​រក្សា​ការ​ផ្តោតអារម្មណ៍​ច្បាស់លាស់​ទៅលើ​ជោគជ័យ​នៃ​បេសកកម្ម​នេះ​”៕ ដោយ៖ កញ្ញាដាលីស

អាមេរិក​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ើបការណ៍ NROL-42 កាលពី​ថ្ងៃ​សៅរ៍