អាមេរិក​បើក​យន្តហោះ​ស៊ើបការណ៍​នៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​រុស្ស៊ី​រឹបអូស​យក​នាវា​កងទ័ព​ជើង​ទឹក​អ៊ុយ​ក្រែ​ន​៣​គ្រឿង​

201

​ក្រុមមន្ត្រី​បាន​និយាយថា​យន្តហោះ​ស៊ើបការណ៍​របស់​កងទ័ព​អាកាស​អាមេរិក​បាន​ហោះហើរ​នៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ធ្នូ​នៅក្នុង​បេសកកម្ម​មួយ​ដើម្បី​បង្ហាញ​ការគាំទ្រ​របស់​អាមេរិក​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ បន្ទាប់ពី​រុស្ស៊ី​បាន​រឹបអូស​យក​នាវា​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​ចំនួន ៣ គ្រឿង​នៅ​សមុទ្រ​អា​ហ្សូ​វ (Azov)​។​

​ការប្រឈមមុខគ្នា​កាលពី​ថ្ងៃទី ២៥ វិច្ឆិកា​គឺជា​ឧបទ្ទវហេតុ​យោធា​បើកចំហ​លើកទីមួយ​រវាង​រដ្ឋាភិបាល​ក្រុង​កៀវ​និង​មូ​ស្គូ ចាប់តាំងពី​ឆ្នាំ ២០១៤ នៅពេលដែល​រុស្ស៊ី​បាន​កាត់​យក​ឧបទ្វីប​គ្រី​មេ ហើយ​ជម្លោះ​បាន​ផ្ទុះឡើង​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ថ្ងៃនេះ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​បានធ្វើ​ការហោះហើរ​វិសាមញ្ញ​មួយ​ក្រោម​សន្ធិសញ្ញា​ផ្ទៃមេឃ​បើកទូលាយ​។ ពេលវេលា​គាប់​ជួន​នៃ​ការហោះហើរ​នេះ​គឺ​ដើម្បី​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​អ៊ុយ​ក្រែ​ន​និង​ប្រទេស​ជា​ដៃគូ​ដទៃទៀត​”​។​

​សន្ធិសញ្ញា​ផ្ទៃមេឃ​បើកទូលាយ​គឺ​សំដៅ​ជំរុញ​តម្លាភាព​ខាង​យោធា​តាមរយៈ​ការហោះហើរ​អង្កេត​តាមដាន​មិន​ប្រដាប់អាវុធ​នៅលើ​ផ្ទៃដី​នៃ​ប្រទេស​ហត្ថលេខី​ចំនួន​៣៤​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា កង​យោធា​អ៊ុយ​ក្រែ​ន​បាន​ស្នើសុំ​ជើងហោះហើរ​នេះ ដែល​ស្ថិតនៅលើ​យន្តហោះ​ស៊ើបការណ៍ OC-135 ហើយ​មាន​អ្នកសង្កេតការណ៍​មកពី​សហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ បារាំង អង់គ្លេស រ៉ូ​ម៉ា​នី និង​អ៊ុយ​ក្រែ​ន​ជិះ​លើ​នោះ​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា នេះ​ជាការ​ហោះហើរ “​វិសាមញ្ញ​” ដំបូង​ក្រោម​សន្ធិសញ្ញា​ផ្ទៃមេឃ​បើកទូលាយ​ចាប់តាំងពី​ឆ្នាំ ២០១៤​។ ការហោះហើរ​បែបនេះ​កើតមានឡើង​នៅក្រៅ​កាលវិភាគ​នៃប្រតិបត្តិ​ការធម្មតា​ដែល​គ្រោងទុក នៅពេល​មាន​ស្ថាន​ភាពមិនប្រក្រតី​កើតឡើង​។​

​បន្ទាប់ពី​ឧបទ្ទវហេតុ​កាលពី​ខែ​មុន រុស្សី​បាន​ចាប់ឃុំខ្លួន​នាវិក​អ៊ុយ​ក្រែ​ន ២៤ នាក់​។ នាវិក​ទាំងនោះ​ត្រូវបាន​នាំខ្លួន​ឡើងទៅ​តុលាការ​នៅ​ទីក្រុង​ស៊ីម​ហ្វេ​រ៉ូ​ប៉ូល (Simferopol) ដែលជា​ទីក្រុង​ធំ​មួយ​នៅ​តំបន់​គ្រី​មេ និង​បាន​បង្គាប់​ឱ្យ​ឃុំឃាំង​មុន​កាត់ក្តី​រយៈពេល​២​ខែ​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា “​ការវាយប្រហារ​ដ៏​ភ្ញាក់ផ្អើល​របស់​រុស្ស៊ី​ទៅលើ​នាវា​កងទ័ពជើងទឹករ​បស់​អ៊ុយ​ក្រែ​ន​នៅ​សមុទ្រ​ខ្មៅ​ក្បែរ​ច្រក​សមុទ្រ​កឺ​ច (Kerch) គឺជា​ការបង្កើន​ជម្លោះ​ដ៏​គ្រោះថ្នាក់​មួយ​នៅក្នុង​ទម្រង់​នៃ​សកម្មភាព​បង្ករឿង​និង​គំរាមកំហែង​កាន់តែខ្លាំង​ឡើង​។ សហរដ្ឋអាមេរិក​ស្វែងរក​ទំនាក់ទំនង​ល្អជា​មួយ​រុស្ស៊ី ប៉ុន្តែ​រឿងនេះ​មិនអាច​កើតឡើង​បានទេ​ខណៈដែល​សកម្ម​ភាពខុស​ច្បាប់​និង​អស្ថិរភាព​របស់ខ្លួន​នៅតែ​បន្ត​មាននៅ​អ៊ុយ​ក្រែ​ន​និង​នៅ​កន្លែង​ផ្សេងទៀត​នោះ​”៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ស៊ើបការណ៍ OC-135 បើក​លើ​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​រុស្ស៊ី​រឹបអូស​យក​នាវា​អ៊ុយ​ក្រែ​ន ៣ គ្រឿង​កាលពី​ថ្ងៃទី​២៥​វិច្ឆិកា