អាមេរិក​ប៉ះទង្គិច​ជាមួយ​ចិន​នៅ​អង្គការ​សហប្រជាជាតិ​ អំពី​ការដាក់​មេដឹកនាំ​នៃ​ក្រុម​អ៊ិស្លាម​និយម​JeM​ក្នុង​បញ្ជីខ្មៅ​

330
ចែករម្លែក
  • 24
    Shares

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មីនា ​បាន​ដាក់​សេចក្តីព្រាង​នៃ​សេចក្តីសម្រេច​ចិត្ត​មួយ​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ដែល​នឹង​ដាក់​បញ្ចូល​មេដឹកនាំ​​នៃ​ក្រុម​អ៊ិស្លាម​និយម​ដែល​មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន ទៅក្នុង​បញ្ជីខ្មៅ​ភេរ​វជន ដោយ​នាំឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ខ្លាំង​ជាមួយ​ចិន​អំពី​ការដាក់​ចូល​ក្នុង​បញ្ជីខ្មៅ​នេះ​។​

​កាលពីដើម​ខែ​នេះ ចិន​បាន​ធ្វើ​ការពន្យារពេល​លើ​សំណើ​មួយ​ដែល​ស្នើ​ដាក់​Masood Azhar មេដឹកនាំ​ក្រុម​អ៊ិស្លាម​និយម​Jaish-e-Mohammad (JeM)​ក្នុង​បញ្ជី​ដាក់​ទណ្ឌ​​កម្ម​របស់​អង្គការសហប្រជាជាតិ ចំពោះ​ទំនាក់ទំនង​របស់​ក្រុម​នេះ​ជាមួយ​ក្រុម​Al-Qaeda​។​

​សំណើ​នោះ បាន​ជាប់គាំង​នៅ​គណៈកម្មាធិការ​ទណ្ឌកម្ម​សហប្រជាជាតិ ដែលនាំឱ្យ​សហរដ្ឋអាម៉េរិក ដាក់​សំណើ​របស់​ខ្លួន​ផ្ទាល់​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​​ដើម្បី​ដាក់​Masood Azhar ក្នុង​បញ្ជីខ្មៅ​នេះ​។​

​ក្រុម​អ៊ិស្លាម​និយម​JeM​នេះ បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ​នៅ​តំបន់​កា​ស្មៀរ ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌា​៤០​នាក់​និង​នាំឱ្យ​​មាន​ភាព​តានតឹង​ឡើង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​។​

​វា​នៅតែ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ នៅពេលណា​ដែល​ការបោះឆ្នោត​មួយ​នឹង​ត្រូវបាន​ធ្វើឡើង​នៅ​លើ​សេចក្តីព្រាង​នៃ​សេចក្តីសម្រេចចិត្ត​នេះ ដែល​អាច​ប្រឈម​នឹង​ការបោះឆ្នោត​​វ៉េតូ​ប្រឆាំង​ពី​ចិន ដែល​ជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​៥​ជាមួយ អង់គ្លេស បារាំង រុស្ស៊ី និង សហរដ្ឋអាម៉េរិក​៕ដោយ៖សុខា/sn/Ha

អ៊ីស្លាម​ឥណ្ឌា​ច្រើន​នាក់ កាន់​រូបថត​Masood Azhar នៅ​អំឡុង​ការតវ៉ា​មួយ​នៅ​ទីក្រុង​មុំ​បៃ បន្ទាប់​ពី​ការ​វាយប្រហារ​លើ​ទាហាន​ឥណ្ឌា​នៅ​តំបន់​កា​ស្មៀរ​