អាមេរិក​ប្រកាស​ផ្តល់ប្រាក់​រង្វាន់​១​លាន​ដុល្លារ​ដើម្បី​ស្វែងរក​កូនប្រុស​របស់​ប៊ី​ន​ឡា​ដិ​ន​

505
ចែករម្លែក
  • 274
    Shares

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កុម្ភៈ​បានប្រកាស​ផ្តល់រ​ង្វាន់ ១ លាន​ដុល្លារ​សម្រាប់​ព័ត៌មាន​អំពី​កូនប្រុស​របស់​សព​មេដឹកនាំ​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ដោយសារ​មើលឃើញ​កូនប្រុស​ម្នាក់នេះ​ជា​មុខមាត់​ថ្មី​នៃ​ភាពជ្រុលនិយម​។​

​ទីតាំង​របស់លោក​ហាំ​ហ្សា ប៊ី​ន​ឡា​ដិ​ន (Hamza bin Laden) ដែល​ពេលខ្លះ​គេ​ដាក់​រហស្សនាម​ថា “​រជ្ជទាយាទ​ជី​ហាដ​” គឺជា​ប្រធានបទ​នៃ​ការសង្ស័យ​ជាច្រើន​ឆ្នាំ​មកហើយ ជាមួយ​របាយការណ៍​ជាច្រើន​ថា​គាត់​កំពុង​រស់នៅ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ី​រី ឬ​កំពុងស្ថិត​នៅក្រោម​ការឃុំ​ខ្លួន​ក្នុងផ្ទះ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​អាមេរិក​បាន​និយាយថា “​ហាំ​ហ្សា ប៊ី​ន​ឡា​ដិ​ន​គឺជា​កូនប្រុស​របស់​អតីត​មេដឹកនាំ​អាល់​កៃ​ដា​ស្លាប់ទៅ អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន និង​កំពុង​លេច​មុខជា​មេដឹកនាំ​នៅក្នុង​ក្រុម​អាល់​កៃ​ដា​”​។​

​ក្រសួងការបរទេស​បាន​និយាយថា ខ្លួន​នឹង​ផ្តល់ប្រាក់​រង្វាន់ ១ លាន​ដុល្លារ​សម្រាប់​ព័ត៌មាន​ដែល​នាំទៅ​រកឃើញ​ទីតាំង​របស់គាត់​នៅក្នុង​ប្រទេស​ណាមួយ​។​

​ហាំ​ហ្សា ប៊ី​ន​ឡា​ដិ​ន ដែល​យោងទៅតាម​អាមេរិក​គឺមាន​អាយុ​ប្រហែល ៣០ ឆ្នាំ បាន​គំរាម​វាយប្រហារ​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​ដើម្បី​សងសឹក​ការសម្លាប់​ឪពុក​ខ្លួន​ក្នុង​ឆ្នាំ ២០១១ ដែល​សម្ងំ​រស់នៅ​លាក់ខ្លួន​នៅ​ទីក្រុង​អា​បុ​ត​ថា​បាដ របស់​ប៉ា​គី​ស្ថាន​ពី​សំណាក់​កងកម្លាំង​ពិសេស​របស់​អាមេរិក​។​

​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នានា​របស់​អាមេរិក​មើលឃើញ​លោក​ប៊ី​ន​ឡា​ដិ​ន​វ័យក្មេង​នេះ​ជា​អ្នក​ស្នង​តំណែង​របស់​ឪពុក​គាត់​សម្រាប់​មុខមាត់​របស់​ក្រុម​ជី​ហាដ​នៅ​ទូទាំង​សកលលោក ជាពិសេស​នៅពេលដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​កំពុង​បាក់កម្លាំង​ខ្លាំង​នៅសល់តែ​ទឹកដី​ចុងក្រោយ​របស់ខ្លួន​មួយ​ដុំ​នៅក្នុង​ប្រទេស​ស៊ី​រី​៕ ដោយ៖ កញ្ញាដាលីស

ហាំ​ហ្សា ប៊ី​ន​ឡា​ដិ​ន