អាមេរិក​ប្រាប់​ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត​ថា ឃាតករ​សម្លាប់​លោក​ខា​សូក​ជី​ត្រូវតែ​ទទួលខុសត្រូវ​

714
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេ​វ បាន​ប្រាប់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ កាលពី​ថ្ងៃអាទិត្យ​ទី​១១​វិច្ឆិកា​ថា អាមេរិក​នឹង​ចាប់​ឱ្យទទួល​ខុសត្រូវ​ទាំងអស់​ចំពោះ​ជន​ណា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងការ​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់ នៅក្នុង​ការហៅ​តាម​ទូរស័ព្ទ​ដ៏​ទូលំទូលាយ​មួយ ដែល​និយាយ​អំពី​ជម្លោះ​នៅ​យេ​ម៉ែន​ផងដែរ​។​

​ពលរដ្ឋ​អាមេរិក​លោក ចា​ម៉ា​ល់ ខា​សូក​ជី ត្រូវបាន​គេ​ធ្វើឃាត​នៅក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃទី ២ ខែតុលា​ហើយ​ព្រះអង្គម្ចាស់​ស្នងរាជ្យ​សាល់​ម៉ាន់ ត្រូវបាន​គេ​ចោទប្រកាន់ថា​បានរៀបចំ​ការសម្លាប់​នេះ ដែល​បានធ្វើឱ្យ​សម្ព័ន្ធភាព​ចាស់វស្សា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រី​យ៉ា​ដ​មាន​ភាព​តានតឹង​។​

​អ្នកនាំពាក្យ​ម្នាក់​ឈ្មោះ ហ៊ី​ដ​ឌ័​រ នូ​អឺត បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​លោក​រដ្ឋមន្ត្រីការបរទេស​បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​នឹង​ចាប់​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​លោក ចា​ម៉ា​ល់ ខា​សូក​ជី ឱ្យទទួល​ខុសត្រូវ ហើយ​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវតែ​ទទួលខុសត្រូវ​ដូចគ្នា​”​។​

​អ្នកការទូត​អាមេរិក​កំពូល​រូបនេះ​កាលពីមុន​ធ្លាប់បាន​និយាយថា ការសម្លាប់​លោក​ខា​សូក​ជី គឺ “​រំលោភ​លើ​វិធាន​ច្បាប់​អន្តរជាតិ​” ហើយ​ថា​សហរដ្ឋអាមេរិក​កំពុង​ពិនិត្យមើល​ទណ្ឌកម្ម​ដែល​អាចទៅរួច​ដើម្បី​ដាក់​លើ​បុគ្គល​ដែល​ត្រូវបាន​កំណត់ថា​ជាប់​ពាក់ព័ន្ធ​។​

​ក៏ប៉ុន្តែ​លោក​ផ​ម​ផេ​វ​និង​លោក​ត្រាំ​ក៏បាន​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម យុទ្ធសាស្ត្រ និង​សន្តិសុខ​ជាតិ​សំខាន់ៗ​របស់​អាមេរិក​ជាមួយ​រដ្ឋ​សម្បូរ​ប្រេងកាត​មួយ​នេះ​ផងដែរ​។​

​លោកស្រី​នូ​អឺត​បាន​និយាយថា លោក​ខា​សូក​ជី ដែលជា​អ្នកសរសេរ​អត្ថបទ​វិភាគ​ឱ្យ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ គឺជា​អ្នក​រិះគន់​ព្រះអង្គម្ចាស់​ម៉ូ​ហា​ម៉េ​ត និង​ការធ្វើអន្តរាគមន៍​រប​ស់​ប្រទេស​នេះ​នៅក្នុង​ប្រទេស​យេ​ម៉ែន ដែលជា​ជម្លោះ​មួយ​ត្រូវបាន​លើក​មក​និយាយ​ផងដែរ​ក្នុងអំឡុង​ការហៅ​តាម​ទូរស័ព្ទ​។​

​លោកស្រី​នូ​អឺត​និយាយថា លោក​ផ​ម​ផេ​វ​បានបញ្ជាក់​ជាថ្មី​ម្តងទៀត​នូវ​ការអំពាវនាវ​របស់​ស​ហ​រដ្ឋ​អាមេរិក​ឱ្យ​បញ្ឈប់​ការប្រទូសរ៉ាយ​នានា​និង​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ទាំងអស់​ចូលមក​តុ​ចរចា​ដើម្បី​រក​ដំណោះស្រាយ​សន្តិភាព​ចំពោះ​ជម្លោះ​។​

​លោក​ផ​ម​ផេ​វ​ធ្លាប់បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ការឈ្លានពាន​នៅក្នុង​រដ្ឋ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​នេះ (​យេ​ម៉ែន​) ដោយ​សង្កត់ធ្ងន់​ទៅលើ​តម្រូវការ​សម្រាប់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​បញ្ឈប់​ការវាយប្រហារ​នៅក្នុង​តំបន់​ដែលមាន​ប្រជាជន​ច្រើន​។​

​ព្រះអង្គម្ចាស់​ម៉ូ​ហា​ម៉េ​ត​បាន​ត្រួតពិនិត្យ​កិច្ចប្រឹងប្រែង​សង្គ្រាម​យេ​ម៉ែន​របស់​អារ៉ាប៊ីសាអ៊ូឌីត ដែលជា​ការធ្វើអន្តរាគមន៍​ដ៏​ចម្រូងចម្រាស់​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​របស់លោក អា​បេ​ដ្រាប​បូ ម៉ាន់​សួ ហា​ឌី (Abedrabbo Mansour Hadi) ដែល​កំពុង​ប្រឈម​នឹង​ការបះបោរ​ពី​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​។​

​តាំងពី​ពេលនោះ​មក មនុស្ស​ជិត ១០.០០០ នាក់​ត្រូវបាន​សម្លាប់ ហើយ​ឥឡូវនេះ​ប្រទេស​នេះ​កំពុង​ជិត​ធ្លាក់​ក្នុង​គ្រោះ​ទុរ្ភិក្ស​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេ​វ
#