អាមេរិក​ប្រាប់​អោយ​ពលរដ្ឋ​ខ្លួន​ចាកចេញ​ពី​វេ​ណេ​ស៊ុយអេ​ឡា នៅមុន​បាតុកម្ម​ធំ​នៅ​ថ្ងៃ​សៅរ៍​នេះ​

407
ចែករម្លែក
  • 28
    Shares

​ពលរដ្ឋ​អាមេរិក​និង​អ្នកស្រុក​នៅវេ​ណេ​ស៊ុយអេ​ឡា ត្រូវ​បាន​អំពាវនាវ​អោយ​ចាកចេញ​ពី​ប្រទេស​នេះ​នៅមុន​បាតុកម្ម​គាំទ្រ​និង​ប្រឆាំង​រដ្ឋាភិបាល​នៅ​ថ្ងៃ​សៅរ៍​ទី​៦​មេសា ចំពេល​​មានកា​រដាច់​ចរន្ត​អគ្គិសនី​រាប់​សប្តាហ៍​មក​ហើយ​។​

​សេចក្តីណែនាំ​របស់​ស្ថានទូត​អាមេរិក​នៅ​ក្រុង​កា​រ៉ា​កាស បាន​និយាយថា​« ចាកចេញ​ខណៈ​នៅមាន​យន្តហោះ​ពាណិជ្ជកម្ម​។​បើ​ជ្រើសរើស​បន្ត​នៅ ត្រូវ​ធានា​ថា​អ្នក​មាន​គ្រឿង​ផ្គ​ត់​​ផ្គង់​គ្រប់គ្រាន់​»​។​

​វា​បាន​បន្តថា ការផ្គត់ផ្គង់​ទឹក សេវា​ទូរស័ព្ទ​និង​អ៊ិន​ធឺ​ណិ​ត សេវា​គ្រាអាសន្ន​តាម​មន្ទីរពេទ្យ​និង​សេវា​សាធារណៈ​ដទៃ​ទៀត កាន់តែ​មិនអាច​ពឹងពាក់​បាន​ដោយសារ​តែ​ការ​ដាច់​​ចរន្រអគ្គិសនី​ជាប់​។​

​បាតុកម្ម​ជាន់​គ្នា​រវាង​អ្នកគាំទ្រ​ប្រធានាធិបតី នី​កូឡាស ម៉ា​ឌូ​រ៉ូ និង​មេដឹកនាំ​ប្រឆាំង ហ្ស័​ន ក្វាយ​ដូ បាន​ក្លាយ​ជា​សាមញ្ញ​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ តែ​បាតុកម្ម​នៅ​ថ្ងៃ​៦​មេសា​​នេះ​ត្រូវ​រំពឹង​ថា​ធំ​និង​ត្រូវបាន​ធ្វើឡើង​ក្រោយ​ពី​អាជ្ញាធ​រវេ​ណេ​ស៊ី​ស៊ុយអេ​ឡា ចាប់ផ្តើម​ចាត់វិធានការ​លើ​មេដឹកនាំ​ប្រឆាំង​ហើយ​អាមេរិក​ព្រមាន​ជា​ចំហ​។​

​ក្នុងពេល​ជាមួយគ្នា អនុ​រដ្ឋមន្ត្រីការបរទេស​វេ​ណេ​ស៊ុយអេ​ឡា បានប្រកាសថា រដ្ឋាភិបាល​ត្រៀម​រារាំង​ការឈ្លានពាន​ណាមួយ​មក​លើ​ប្រទេស​លោក ទាំង​ក្នុងស្រុក​និង​មក​ពី​បរទេស​។​​លោក​ថា ការគាំទ្រ​សំរាប់​ក្វាយ​ដូ​បាន​ថយចុះ ដោយ​មនុស្ស​មក​ចូលរួម​ការជួបជុំ​បាតុកម្ម​របស់​ក្រុមប្រឆាំង​កាន់តែ​តិច​ទៅ​។​

​ការអះអាង​របស់​មន្ត្រី​វេ​ណេ​ស៊ុយអេ​ឡានេះ បាន​កើតឡើង​ខណៈ​មេដឹកនាំ​ប្រឆាំង ក្វាយ​ដូ ត្រៀម​«​ប្រតិបត្តិការ​សេរីភាព​»​ដែល​នឹង​នាំ​ដល់​ការផ្លាស់ប្តូរ​អំណាច​នៅក្នុង​ប្រទេស​។​​តែ​លោក​មិន​បាន​បញ្ជាក់​អោយ​ច្បាស់​ថា​អ្វី​នឹង​អាច​កើតមាន​ពិតប្រាកដ​នោះ​ទេ​។​

​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​នៅ​អាមេរិក​ខាងត្បូង​មួយ​នេះ​បាន​ផ្ទុះឡើង​កាលពី​ខែ​មករា ពេល​មេដឹកនាំ​ប្រឆាំង​ដែល​គាំទ្រ​ដោយ​អាមេរិក ក្វាយ​ដូ បានប្រកាស​ខ្លួនឯង​ជា​​ប្រធានាធិបតី​បណ្តោះអាសន្ន ក្រោយ​បដិសេធ​ការជាឆ្នោត​ជា​ថ្មី​របស់​លោក​ម៉ា​ឌូ​រ៉ូ​កាលពី​ខែ​ឧសភា​។​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ប្រញាប់ប្រញាល់​ប្រកាស​​គាំទ្រ​ក្វាយ​ដូ និង​អំពាវនាវ​អោយ​លោក​ម៉ា​ឌូ​រ៉ូ​ចុះចេញ​ពី​តំណែង​។​​ម៉ា​ឌូ​រ៉ូ បាន​ចោទប្រកាន់​អាមេរិក​ថា ព្យាយាម​ធ្វើ​រដ្ឋប្រហារ ដើម្បី​លើក​បន្តុប​«​អាយ៉ង​ក្វាយ​ដូ​»​។​រុស្ស៊ី ចិន គុយបា បូ​លី​វី តួ​ក​គី​និង​ប្រទេស​មួយចំនួន​ទៀត​មិន​ទទួល​ស្គាល់ក្វាយ​ដូ​​ហើយ​បន្ត​គាំទ្រ​ម៉ា​ឌូ​រ៉ូ ជា​មេដឹកនាំ​ស្របច្បាប់​របស់វេ​ណេ​ស៊ុយអេ​ឡា​៕ដោយ៖វាសនា