អាមេរិក​ប្រើប្រាស់​បញ្ហា​ក្រុង​ព្យុងយ៉ាង​ជា​លេស​ដើម្បី​បន្តធ្វើ​យោ​ធូប​នីយកម្ម​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​

1611

​លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី​បាន​ពន្យល់​ពី​មូល​ហេតុដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រឹងប្រែង​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី លោក នី​កូ​ឡាយ ផា​ទ្រូ​សេវ (Nikolai Patrushev) និយាយ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​រុស្ស៊ី Argumenty i Fakty ថា “​វា​មិនមែនជា​ការសម្ងាត់​ចំពោះ​នរណាម្នាក់​ទេ ដែលថា​បញ្ហា​កាំជ្រួច​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ត្រូវបាន​គេ​ប្រើ​ជា​លេស​ដើម្បី​បន្តធ្វើ​យោ​ធូប​នីយកម្ម​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ទប់ទល់​នឹង​រុស្ស៊ី​និង​ចិន​”​។​

​យោងតាម​លោក នី​កូ​ឡាយ ផា​ទ្រូ​សេវ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន “​បានដាក់​ចេញ​ផែនការ​របស់ខ្លួន​ឥតឈប់ឈរ​ក្នុងការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​សកល​របស់ខ្លួន​នៅក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​”​។​

​លោក នី​កូ​ឡាយ ផា​ទ្រូ​សេវ បាន​បន្តទៀតថា នៅក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ សហរដ្ឋអាមេរិក​នឹងត្រូវ​គោរព​ជីវិត​ពលរដ្ឋ​អាមេរិក ដែល​កំពុង​រស់នៅ​កូរ៉េខាងត្បូង​។​

​លោក ផា​ទ្រូ​សេវ បាន​និយាយថា “​តាម​ប្រវត្តិសាស្ត្រ​បានបង្ហាញ​ស្រាប់ សហរដ្ឋអាមេរិក​មិនដែល​គោរព​ជីវិត​ប្រជាពលរដ្ឋ​ប្រទេស​ដទៃ​ទេ​ឱ្យតែ​សម្រេច​គោលដៅ​របស់ខ្លួន ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពិតជា​នឹង​យកចិត្តទុកដាក់​ចំពោះ​ជនជាតិ​អាមេរិក​ចំនួន ២៥០.០០០ នាក់ ដែល​កំពុង​រស់នៅ​កូរ៉េខាងត្បូង​”​។ ក្នុងករណី​ធ្វើ​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ឧបទ្វីប​កូរ៉េ ជីវិត​របស់​ពួកគេ​នឹង​ស្ថិតក្រោម​ការគំរាមកំហែង​។​

​លោក​និយាយថា “​ក្នុង​ភាសា​យោធា​នៃ​ប្រទេស​ទាំងអស់​លើ​សកលលោក ការបាត់​បង់ជីវិត​ច្រើន​បែបនេះ​ត្រូវបាន​ចាត់ទុកថា​មិនអាច​ទទួលយក​បានទេ​។ ទីតាំង​របស់​ប្រព័ន្ធ​មី​ស៊ី​ល ជាមួយ​មី​ស៊ី​ល​ប្រតិបត្តិការ​និង​យុទ្ធសាស្ត្រ កាំភ្លើង​ធំ និង​មី​ស៊ី​ល​ជាច្រើន​របស់​កូរ៉េខាងជើង គឺមាន​ចម្ងាយ​ប្រហែល ៥០ គីឡូម៉ែត្រ ពី​ទីក្រុង​សេ​អ៊ូ​ល​ប៉ុណ្ណោះ​”​។​

* ប្រើប្រាស់​រូបភាព​ប្រទេស​ដទៃ​ថា​ជា​ប្រទេស​ឈ្លានពាន​

​និយាយ​ទាក់ទិន​នឹង​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​អាមេរិក លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី​បាន​បកស្រាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ប្រើប្រាស់​រូបភាព​នៃ​បណ្តា​ប្រទេស​ឈ្លានពាន​ដទៃទៀត​សម្រាប់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​និង​សកម្មភាព​របស់ខ្លួន ដូចដែល​អាមេរិក​ធ្លាប់​បានធ្វើ​អំឡុង​សង្គ្រាមត្រជាក់ ដោយ​ហៅ​អ៊ីរ៉ង់​និង​កូរ៉េខាងជើង​ថា​ជា “​រដ្ឋ​ឯកា​” ខណៈ​សំដៅ​មក​រុស្ស៊ី​និង​ចិន​ថា​ជា “​មហាអំណាច​ផ្តាច់ការ​” ដែល​ប្រជែង​អំណាច​ជាមួយ​អាមេរិក​និង​ព្យាយាម​ធ្វើឱ្យ​អន្តរាយ​ដល់​សន្តិសុខ​របស់ខ្លួន​។ ឯកសារ​នេះ​កត់សម្គាល់ថា ក្នុងចំណោម​អាទិភាព​នៃ​គោលនយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក​គឺ “​ការពង្រឹង​សន្តិភាព​តាមរយៈ​ការប្រើ​កម្លាំង​និង​ការពង្រីក​ឥទ្ធិពល​អាមេរិក​”​។​

​លោក ផា​ទ្រូ​សេវ និយាយថា “​នៅ​ពីក្រោយ​រូបភាព​ប្រទេស​ឈ្លានពាន​ទាំងនោះ ដែល​កំណត់ដោយ​វ៉ាស៊ីនតោន គឺជា​ផលប្រយោជន៍​សេដ្ឋកិច្ច​ពិតប្រាកដ​និង​គំនិត​នៃ​ការពង្រីក​ឥទ្ធិពល​និយម​ដូច​ក្នុងសម័យ​សង្គ្រាមត្រជាក់ ដែល​មិនបាន​ផ្លាស់ប្តូរ​ជាច្រើន​ទសវត្សរ៍​មកហើយ​”​។​

​លោក​បាន​រំលឹកថា ថវិកា​យោធា​អាមេរិក​សម្រាប់​ឆ្នាំ ២០១៨ មាន​ចំនួន​ជិត ៧០០ ពាន់​លាន​ដុល្លារ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ថវិកា ៤,៦ ពាន់​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ទ្វីបអឺរ៉ុប ជាមួយ​ទឹកប្រាក់ ១០០ លាន​ដុល្លារ​ត្រូវបាន​ត្រៀម​បម្រុង​ទុក​ដើម្បី​ពង្រឹង​ការការពារ​បណ្តា​រដ្ឋ​នៅ​តំបន់​បាល់​ទិ​ក និង ៣៥០ លាន​ដុល្លារ​ទៀត​នឹង​ចំណាយ​លើ​ការផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន​។​

​លោក ផា​ទ្រូ​សេវ បាន​សរុបសេចក្តី​ថា “​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​សតវត្សរ៍​ទី ២០ មាន​ឧទាហរណ៍​ជាច្រើន​នៃ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ដែល​ការបញ្ចេញ​ថវិកា​ច្រើន​បែបនេះ​បាន​នាំមក ដោយសារតែ​បុព្វហេតុ​ក្រៅប្រទេស​”៕ ដោយ៖ កញ្ញាដាលីស