សហរដ្ឋអាមេរិកបានប្រគល់យន្តហោះដ្រូនស៊ើបការណ៍ (យន្តហោះគ្មានមនុស្សបើក) ចំនួន៦គ្រឿងឱ្យទៅហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅថ្ងៃអង្គារទី១៣ខែមីនានេះ ដែលជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងបង្កើនសមត្ថភាពរបស់ខ្លួនដើម្បីប្រឆាំងការគំរាមកំហែងពីក្រុមជនសកម្មប្រយុទ្ធនិងដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ។
យន្តហោះដ្រូន “Boeing Insitu ScanEagle” ទាំង៦គ្រឿងនេះ ត្រូវបានចំណាយប្រាក់អស់ចំនួន១៣,៧លានដុល្លារដោយកម្មវិធីជំនួយយោធាបរទេសរបស់អាមេរិក។
ការផ្តល់នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់យន្តហោះស៊ើបការណ៍ចំនួន២គ្រឿងដល់ប្រទេសហ្វីលីពីនកាលពីឆ្នាំមុន។
ហ្វីលីពីនមានគម្រោងដាក់ពង្រាយយន្តហោះដ្រូនសម្រាប់ការឃ្លាំមើលក្រុមសកម្មប្រយុទ្ធនិងចោរសមុទ្រព្រមទាំងសម្រាប់ការតាមដានពិនិត្យមើលបន្ទាប់ពីគ្រោះមហន្តរាយផ្សេងៗ ដូចជាខ្យល់ព្យុះ ការរលំបាក់ដី និងការរញ្ជួយដី៕ ដោយ៖ សុខា