អាមេរិក​ផ្តល់​១៨៥​លាន​សំរាប់​ជំនួយ​ដល់​ជន​រ៉ូ​ហ៊ីង​យ៉ា

839
ចែករម្លែក

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទទី២៤កញ្ញាបានសន្យាផ្តល់ប្រាក់១៨៥លានដុល្លារ ដើម្បីជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ដែលបានភៀសខ្លួនចេញពីការបង្រ្កាបដោយយោធានៅមីយ៉ាន់ម៉ាកាលពីឆ្នាំមុន និងកំពុងរស់នៅតាមបណ្តាជំរំនៅក្នុងបង់ក្លាដែស។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ និកគី ហាលី បានប្រកាសផ្តល់ប្រាក់នេះសំរាប់ទិញស្បៀង ទឹកនិងការថែទាំសុខភាពព្រមទាំងជំនួយសំខាន់ៗផ្សេងទៀតនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីមួយស្តីពីវិបត្តិនៅមីយ៉ាន់​ម៉ា ក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក។

អង្គការសហប្រជាជាតិ រួមជាមួយអាមេរិកនិងបណ្តាសម្ពន្ធមិត្តលោកខាងលិច បានចោទប្រកាន់យោធា​មីយ៉ាន់​ម៉ា​ថាធ្វើយុទ្ធនាការបោសសម្អាតជាតិសាសន៍ប្រឆាំងនឹងជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា ដែលមិនត្រូវបានផ្តល់សញ្ជាតិនៅ​មីយ៉ាន់ម៉ា។

 tens of thousands of refugees flee over the border from Burma.

ជនរ៉ូហ៊ីងយ៉ាជាង៧០០.០០០នាក់បានភៀសខ្លួនទៅជ្រកកោននៅបង់ក្លាដែស ដោយខ្លាចមិនហ៊ានវិលមកកាន់ប្រទេសមីយ៉ាន់ម៉ាដែលមានអ្នកកាន់សាសនាព្រះពុទ្ធភាគច្រើន ទោះជាមានកិច្ចព្រមព្រៀងស្តីពីមាតុភូមិនិវត្តន៍រវាងប្រទេសទាំងពីរនិងគាំទ្រដោយអង្គការសហប្រជាជាតិក្តី។

ប្រមុខយោធាមីយ៉ាន់ម៉ា លោកមីន អ៊ុង ហ្លាំង ត្រូវបានកាសែតមួយស្រង់សម្តីកាលពីថ្ងៃចន្ទ នៅពេលលោកបានប្រាប់ទៅទាហានរបស់លោកថា គ្មានប្រទេសណាមួយអង្គការណាមួយឬក្រុមណាមួយ មានសិទ្ធិជ្រៀតជ្រែកនិងធ្វើការសំរេចចិត្តលើអធិបតេយ្យភាពរបស់ប្រទេសមួយបានទេ។

ការប្រកាសផ្តល់ជំនួយរបស់អាមេរិកកើតឡើងស្របពេលដែលរដ្ឋាភិបានអាមេរិកបានចេញរបាយការណ៍ស៊ើបអង្កេតមួយដែលបានរកឃើញថា យោធាមីយ៉ាន់ម៉ាបានធ្វើយុទ្ធនាការមានគំរោងទុក និងសហការគ្នាក្នុងការសម្លាប់មនុស្សទាំងហ្វូង ចាប់រំលោភបូកនិងអំពើព្រៃផ្សៃដទៃទៀតប្រឆាំងនឹងក្រុមជនជាតិភាគតិចអ៊ីស្លាមរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

របាយការណ៍របស់ក្រសួងការបរទេសនេះអាចប្រើជាសំអាងដើម្បីអាមេរិកដាក់ទណ្ឌកម្មឬចាត់វិធានការដាក់ពិ​ន័យ​លើអាជ្ញាធរមីយ៉ាន់ម៉ា នេះបើតាមមន្រ្តីអាមេរិក។

លទ្ធផលនៃការស៊ើបអង្កេតរបស់អាមេរិកនេះ ត្រូវបានបញ្ចេញនៅពេលជិត១ខែក្រោយពីក្រុមអ្នកស៊ើបអង្កេតសហប្រជាជាតិមួយបានចេញរបាយការណ៍ផ្ទាល់របស់ខ្លួនដោយចោទប្រកាន់យោធាមីយ៉ាន់ម៉ាថាប្រព្រឹត្តជាមួយនឹង​”បំណងប្រល័យពូជសាសន៍” និងបានអំពាវនាវអោយនាំមេយោធានិងពួកឧត្តមសេនីយ៥រូបនៃប្រទេសនេះទៅកាត់ទោសចំពោះកំហុសដឹកនាំប្រព្រឹត្តបទឧក្រិដ្ឋធំធេងបំផុតនៅក្រោមច្បាប់អន្តរជាតិ៕ដោយ៖វាសនា