អាមេរិក​ផ្អាក​ការហោះហើរ​នៃ​កង​យន្តហោះ​ចម្បាំង​បំបាំងកាយ​F-35 នៅ​ទូទាំង​ពិភពលោក​បន្ទាប់ពី​មានការ​ធ្លាក់​យន្តហោះ​

610
ចែករម្លែក

មន្ទីរបញ្ចកោណបានផ្អាកការហោះហើរនៃកងយន្តហោះចម្បាំងបំបាំងកាយF-35 នៅទូទាំងពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ទី១១តុលាដើម្បីឱ្យក្រុមវិស្វករអាចធ្វើការត្រួតពិនិត្យជាបន្ទាន់ បន្ទាប់ពីមានការធ្លាក់យន្តហោះដ៏ថ្លៃប្រភេទនេះ ជាលើកទីមួយនៅក្នុងប្រវត្ដិសាស្ដ្ររបស់ខ្លួនមកនោះ។

ក្រុមមន្ត្រីបាននិយាយថា តាមទិន្នន័យជាបឋមពីយន្តហោះបំាំងកាយF-35B មួយគ្រឿងរបស់កងទ័ពម៉ារីន ដែលត្រូវបានបំផ្លាញទាំងស្រុងនៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅនៅរដ្ឋ South Carolina កាលពីខែមុននោះ បានបង្ហាញអំពីបញ្ហាជាមួយបំពង់ប្រេងមួយរបស់យន្តហោះនោះ។

លោក Joe DellaVedova​ អ្នកនាំពាក្យកងយន្តហោះអាមេរិកF-35 បាននិយាយថា “សេវាកម្មអាមេរិកនិងដៃគូអន្តរជាតិបានផ្អាកប្រតិបត្តិការហោះហើរជាបណ្តោះអាសន្ននៃយន្តហោះF-35 ខណៈពេលក្រុមវិស្វករធ្វើការត្រួតពិនិត្យបំពង់ប្រេងនៅក្នុងម៉ាស៊ីនយន្តហោះ F-35 ទាំងអស់ ” ។

លោកបានបន្ថែមថា បំពង់ប្រេងសង្ស័យមានបញ្ហា នឹងត្រូវដកចេញនិងដាក់ជំនួសថ្មីមកវិញ។ ប្រសិនបើបំពង់ប្រេងល្អៗត្រូវបានដំឡើងរួចហើយនោះ យន្តហោះទាំងនោះនឹងត្រូវបានដាក់ឱ្យធ្វើប្រតិបត្តិការឡើងវិញ។

តាមតួលេខពីមន្ទីរបញ្ចកោណបានឱ្យដឹងថា យន្តហោះប្រភេទF-35 ចំនួន៣២០គ្រឿង ត្រូវបានផ្តល់ឱ្យដល់ប្រទេសជាច្រើននៅទូទាំងពិភពលោក ជាពិសេស​សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអង់គ្លេសព្រមទាំង ប្រទេសជាដៃគូមួយចំនួនទៀត៕ដោយ៖សុខា/sn

រូបថតពីកងទ័ពជើងទឹកអាមេរិក បង្ហាញយន្តហោះចម្បាំងF-35B Lightning II