អាមេរិក​ពន្យារ​ពន្ធ​ដែកថែប​លើ​សហភាព​អឺរ៉ុប កាណាដា និង ម៉ិ​ក​ស៊ិ​ក ៣០ ថ្ងៃ​

1928
ចែករម្លែក

​សេត​វិមាន​បានប្រកាសថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានសម្រេច​ចិត្ត​ពន្យារពេល​វាយ​ពន្ធ​ដែក​និង​អាលុយមីញ៉ូម​លើ​សហភាព​អឺរ៉ុប កាណាដា និង​ម៉ិ​ក​ស៊ិ​ក​រយៈពេល ៣០ ថ្ងៃ ដោយ​ទុក​ពេលវេលា​ឱ្យបាន​ច្រើន​បន្តិច​ដល់​សម្ព័ន្ធមិត្ត​សំខាន់ៗ​អំឡុងពេល​កំពុង​ចរចា​គ្នា​។​

​សេត​វិមាន​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏បាន​ឈានដល់ “​កិច្ចព្រមព្រៀង​ជាគោលការណ៍​” ជាមួយ​ប្រទេស​អា​ហ្ស​ង់​ទីន អូស្ត្រាលី និង​ប្រេ​ស៊ី​ល “​ដែល​ព័ត៌មាន​លម្អិត​នឹងត្រូវ​បង្ហើយ​ឱ្យ​រួច​ក្នុងពេល​ឆាប់ៗ​នេះ​”​។​

​ការសម្រេចចិត្ត​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​មុនពេល​ការលើកលែង​បណ្ដោះអាសន្ន​ផុត​កាលកំណត់​នៅ​ម៉ោង ១២:០១ នាទី​ព្រឹក​នៅ​ថ្ងៃ​អង្គារ ទី​១ ឧសភា​។​

​ត្រាំ​បានដាក់​ពន្ធ​ចំនួន ២៥ ភាគរយ​លើ​ការ​នាំចូល​ដែកថែប និង​ពន្ធ ១០ ភាគរយ​លើ​អាលុយមីញ៉ូម​កាលពី​ខែមីនា ប៉ុន្តែ​បាន​លើកលែង​បណ្តោះអាសន្ន​ដល់​កាណាដា ម៉ិ​ក​ស៊ិ​ក ប្រេ​ស៊ី​ល សហភាព​អឺរ៉ុប អូស្ត្រាលី និង​អា​ហ្ស​ង់​ទីន​។ លោក​ក៏បានផ្តល់​ការលើកលែង​ជា​អចិន្ត្រៃយ៍​លើ​ពន្ធ​ដែកថែប​ដល់​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស