អាមេរិក​ព្យាយាម​កាត់ផ្តាច់​ប្រភព​ប្រាក់ចំណូល​របស់លោក​ម៉ា​ឌូ​រ៉ូ និង​ផ្តល់ជំនួយ​ដល់​មេបក្ស​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

310
ចែករម្លែក

​មន្ត្រី​អាមេរិក​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​មករា​ថា​សហរដ្ឋអាមេរិក​កំពុង​ស្វះស្វែង​ធានាថា​ប្រាក់ចំណូល​ប្រេង​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នឹង​បាន​ទៅ​មេដឹកនាំ​ប្រឆាំង​និង​ប្រធានាធិបតី​បណ្តោះអាសន្ន​ដែល​ប្រកាស​ដោយ​ខ្លួនឯង លោក ហ្វ័​ន ក្វា​យ​ដូ (Juan Guaido) និង​កាត់ផ្តាច់​ប្រាក់ចំណូល​ទាំងស្រុង​ពី​ប្រធានាធិបតី​កាន់តែ​ឯកោ លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ (Nicolas Maduro)​។​

​ទោះបីជា​ខ្វះ​ព័ត៌មាន​លម្អិត​ក្តី ក៏ប៉ុន្តែ​សេចក្តីប្រកាស​នេះ​បង្ហាញថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ឆន្ទៈ​ហួស​ពី​វិធានការ​ការទូត​ប្រពៃណី​ហើយនឹង​ព្យាយាម​បង្ហូត​លុយ​ចេញពី​រដ្ឋាភិបាល​របស់​លោក​ម៉ា​ឌូ​រ៉ូ​ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​មិន​ធ្លាប់មាន​ពីមុនមក​។​

​ចំណាត់ការ​បែបនេះ​នឹង​ពង្រឹង​ដល់​កណ្តាប់ដៃ​របស់លោក​ក្វា​យ​ដូ ដែល​បាន​ស្បថ​ធ្វើជា​ប្រមុខរដ្ឋ​បណ្តោះ​អាសន្នកាល​ពីថ្ងៃ​ពុធ ជាមួយនឹង​ការគាំទ្រ​ពី​វ៉ាស៊ីនតោន​និង​បណ្ដា​ប្រទេស​នៅ​ជុំវិញ​តំបន់​។​

​លោក​ច​ន បូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅឯ​សេត​វិមាន​ថា “​អ្វីដែល​យើង​កំពុង​ផ្តោតលើ​ថ្ងៃនេះ​គឺ​ការផ្ដាច់​របប​ម៉ា​ឌូ​រ៉ូ​ខុសច្បាប់​ពី​ប្រភព​ចំណូល​របស់គាត់​។ យើង​គិត​ស្រប​ជាមួយនឹង​ការទទួលស្គាល់​របស់​យើង​ចំពោះ​លោក​ហ្វ័​ន ក្វា​យ​ដូ ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​រដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ថា ប្រាក់ចំណូល​ទាំងនោះ​គួរតែ​បាន​ទៅ​រដ្ឋាភិបាល​ស្របច្បាប់​”​។​

​លោក​បូល​តុ​ន​បាន​បន្ថែមថា ដំណើរការ​នេះ “​មាន​ភាពស្មុគស្មាញ​ខ្លាំង​” ហើយ​ថា​ក្រុមមន្ត្រី​កំពុងតែ​សិក្សា​អំពី​របៀប​ដែល​វា​នឹង​ដំណើរការ​។​

​ក្រសួង​ព័ត៌មាន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការបំភ្លឺ​ទេ​។ លោក​ក្វា​យ​ដូ​ក៏​មិនបាន​ឆ្លើយតប​នឹង​សារ​របស់​អ្នកសារព័ត៌មាន ដែល​ចង់បាន​ការអត្ថាធិប្បាយ​នោះដែរ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​លោក​ម៉ា​ឌូ​រ៉ូ