អាមេរិក​ព្រមាន​ថា ជម្រើស​ទាំងអស់​បើកចំហ បន្ទាប់ពី​ការបាញ់​មី​ស៊ី​ល​ដោយ​កូរ៉េខាងជើង​

494

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា “​ជម្រើស​ទាំងអស់ ស្ថិតនៅលើ​តុ​ជាថ្មី​ម្តងទៀត​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​សីហា បន្ទាប់ពី​កូរ៉េខាងជើង​បានធ្វើ​ព្រងើយ​ចំពោះ​ការ​ខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​បញ្ចុះបញ្ចូល​ឱ្យ​ខ្លួន​ត្រឡប់​ចូល​តុ​ចរចា​វិញ ដោយ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ថ្មី​ដ៏​បង្កហេតុ ដែល​បាន​ហោះ​ពីលើ​ប្រទេស​ជប៉ុន​។​

​លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ចិត្ត​ដក​ចំណាត់ការ​វាយប្រហារ​ជាមុន​របស់​សហរដ្ឋអាមេរិក គឺ​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​បាន​សរសើរ​ខ្លួនឯង​ថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន ទំនងជា​ចាប់ផ្តើម​គោរព​ខ្លួន​តាមរយៈ​ការផ្អាក​ការបាញ់​មី​ស៊ី​ល ។​

​គីម ជុង អ៊ុន បាន​ឆ្លើយតប មិន​ត្រឹមតែ​ចាប់ផ្តើម​ការបាញ់​សាកល្បង​ឡើងវិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ជាង​មុន​ទៅទៀត ដោយ​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប ហោះ​ពីលើ​ប្រទេស​ជប៉ុន​ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដែលនាំឱ្យ​មាន​ភាព​តឹង​និង​ការព្រួយបារម្ភ​ខ្លាំង​ឡើង​នៅក្នុង​តំបន់​និង​ពិភពលោក​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​សេត​វិមាន​ថា “​សកម្មភាព​គំរាមកំហែង​និង​ការបង្ក​អស្ថិរភាព គឺ​វារឹតតែ​ធ្វើឱ្យ​ភាព​ឯកោ​របស់​របប​កូរ៉េខាងជើង កាន់តែ​ឯកោ​ឡើង នៅក្នុង​តំបន់​នៅ​ពិភពលោក ហើយ​ឥឡូវនេះ​ជម្រើស​ទាំងអស់ កំពុងស្ថិត​នៅលើ​តុ​”​។​

​ជប៉ុន និង​សហរដ្ឋអាមេរិក បាន​ហៅ​ការប្រជុំ​ជាបន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ទីក្រុង​ញូវយ៉ក ជាទី​ដែល​លោកស្រី នី​ក​គី ហេ​លី (Nikki Haley) ឯកអគ្គរដ្ឋទូត​អាមេរិក បាន​ព្រមាន​ថា “​ដល់ពេល​ហើយ​” និង​ថា​ចំណាត់ការ​ដ៏​ខ្លាំង ត្រូវ​ដាក់ចេញ​ក្នុងការ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​៕ ដោយ៖ សុខា

លោកស្រី នី​ក​គី ហេ​លី ឯកអគ្គរដ្ឋទូត​អាមេរិក