អាមេរិក​ព្រមាន​ថា នី​កា​រ៉ា​ហ្កា​កំពុង​ដើរ​តាម​វិថី​របស់​ស៊ី​រី​និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

605
ចែករម្លែក

​សហរដ្ឋអាមេរិក​បាន​ព្រមាន​ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​ពុធ​ទី​៥​កញ្ញា​ថា​នី​កា​រ៉ា​ហ្កា​កំពុង​ដើរ​តាមផ្លូវ​ដែលនាំឱ្យ​មាន​ជម្លោះ​ដូច​ក្នុងប្រទេស​ស៊ី​រី​និង​វិបត្តិ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​បាន​រាលដាល​នៅក្នុង​តំបន់ ប៉ុន្តែ​រុស្ស៊ី ចិន និង​បូ​លី​វី​បាន​និយាយថា នី​កា​រ៉ា​ហ្កា​មិន​បង្ក​ការគំរាមកំហែង​ជា​អន្តរជាតិ​ទេ ហើយ អង្គការសហប្រជាជាតិ​គួរតែ​កុំ​លូកដៃ​។​

​ការ​ផ្តោះផ្តង​សម្តី​ខ្លាំងៗ​ដាក់គ្នា​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​លើក​ទី​១​ដែល​ត្រូវបាន​កោះប្រជុំ​ដោយ​ឯកអគ្គរដ្ឋទូត​អាមេរិក លោកស្រី នី​ក​គី ហេ​លី ដែលជា​ប្រធាន​ក្រុមប្រឹក្សា​បច្ចុប្បន្ន ដើម្បី​ពិភាក្សា​អំពី​អ្វីដែល​អង្គការសហប្រជាជាតិ​និយាយថា​ជាការ​បង្ក្រាប​ហិង្សា​របស់​រដ្ឋាភិបាល​នី​កា​រ៉ា​ហ្កា​ទៅលើ​ការតវ៉ា​របស់​សិស្ស​និស្សិត និង​បាតុកម្ម​របស់​ក្រុមប្រឆាំង ដែល​បានសម្លាប់​មនុស្ស​ជាង ៣០០ នាក់​ចាប់តាំងពី​ពាក់កណ្តាល​ខែមេសា និង នាំឱ្យ​មនុស្ស​រាប់ពាន់នាក់​ភៀសខ្លួន​ចេញពី​ប្រទេស​។​

​លោកស្រី​ហេ​លី​បាន​និយាយថា “​រៀងរាល់ថ្ងៃ នី​កា​រ៉ា​ហ្កា​កំពុងធ្វើដំណើរ​កាន់តែ​ឆ្ងាយ​លើ​វិថី​ដដែល​។ វា​ជា​វិថី​ដែល​ស៊ី​រី​ធ្លាប់​ដើរ​។ វា​ជា​វិថី​ដែល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ធ្លាប់​ដើរ​”​។​

​លោកស្រី​បាន​និយាយថា ប្រធានាធិបតី​នី​កា​រ៉ា​ហ្កា លោក ដា​នី​ញែ​ល អ័​រ​តេ​ហ្កា (Daniel Ortega) និង​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ (Nicolas Maduro) “​គឺជា​ជន​ពុករលួយ​ដូចគ្នា​…​ហើយ​ពួកគេ​ទាំង​២​គឺជា​ជន​ផ្តាច់​ការដែល​រស់នៅ​ក្នុងកា​រ​ភ័យខ្លាច​ប្រជាជន​ខ្លួនឯង​”​។​

​ប៉ុន្តែ​លោកស្រី​បាន​និយាយថា​នៅតែ​មានឱកាស​សម្រាប់រ​ដ្ឋា​ភិ​បាល​នី​កា​រ៉ា​ហ្កា “​ដើម្បី​ទប់ស្កាត់​អំណាច​ផ្តាច់ការ​កុំឱ្យ​គំរាមកំហែង​ដល់​សន្តិភាព​និង​សន្តិសុខ​” ដោយ​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យមាន​សេរីភាព ការបញ្ចប់​របប​ផ្តាច់ការ និង​ការដោះលែង​អ្នក​តវ៉ា​ដែល​ជាប់គុក​យ៉ាង​អយុត្តិធម៌​។​

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អ​.​ស​.​ប លោក វ៉ាស​ស៊ី​លី ណេ​បិ​ន​ហ្សា បាន​តវ៉ា​ថា “​គោលនយោបាយ​វិទ្ធង្សនា​របស់​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​នី​កា​រ៉ា​ហ្កា​មាន​ប្រវត្តិ​វែងឆ្ងាយ​” ហើយ​កិច្ចប្រជុំ​ដែល​រដ្ឋាភិបាល​មូ​ស្គូ “​ជំទាស់​ប្រឆាំង​នេះ​” គឺ​តំណាងឱ្យ​ឧទាហរណ៍​ជាក់ស្តែង​និង​គួរឱ្យ​បារម្ភ​អំពី “​ការធ្វើអន្ដរាគមន៍​ពី​បរទេស​ដ៏​បំផ្លិចបំផ្លាញ​”​។​

​លោក ណេ​បិ​ន​ហ្សា បាន​និយាយថា វា​គឺ​ដើម្បី “​ព​ន្លឿ​ន​មហិច្ឆតា​ក្នុង​តំបន់​របស់​ពួក​មហាអំណាច​ធំៗ ដែល​ចង់​បំផ្លាញ​សេដ្ឋកិច្ច​នី​កា​រ៉ា​ហ្កា​ជា​អតិបរមា ជំរុញឱ្យមាន​ចលាចល​ក្នុងសង្គម និង​បង្កឱ្យមាន​កំហឹង​ក្នុងចំណោម​ប្រជាជន​ក្នុង​គោលបំណង​តែមួយគត់ គឺ​ដើម្បី​ផ្លាស់ប្តូរ​រដ្ឋាភិបាល​”​។​

​លោក​បាន​ព្រមាន​ថា “​បន្ទាប់ពី​ការពិភាក្សា​នា​ថ្ងៃនេះ ការ​បែកខ្ញែក​គ្នា​នៅក្នុង​ប្រទេស​នី​កា​រ៉ា​ហ្កា​នឹង​កាន់តែ​អាក្រក់​ឡើង​”​។​

​ការតវ៉ា​របស់​ប្រជាជន​ដែល​បានចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែមេសា​ត្រូវបាន​បង្កឡើង​ដោយ​ការកាត់បន្ថយ​ប្រព័ន្ធ​សន្តិសុខ​សង្គម​។ លោក​អ័​រ​តេ​ហ្គា​បាន​បញ្ឈប់​ការកាត់បន្ថយ​នោះ​វិញ ប៉ុន្តែ​បាតុកម្ម​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស ហើយ​បានប្រែក្លាយ​ទៅជា​ការអំពាវនាវ​ឱ្យ​គាត់​ចុះ​ចេញពី​តំណែង​។ គាត់​បាន​បដិសេធ​មិន​ចុះ​ចេញពី​អំណាច​មុនពេល​បោះឆ្នោត​ដែល​គ្រោងទុក​សម្រាប់​ឆ្នាំ ២០២១៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​នី​កា​រ៉ា​ហ្កា លោក ដា​នី​ញែ​ល អ័​រ​តេ​ហ្កា
#