អាមេរិក​ព្រមាន​អាល្លឺម៉ង់​ថា កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​Huawei អាច​ប៉ះពាល់​ដល់​ការចែករំលែក​ព័ត៌មាន​សម្ងាត់​

383
ចែករម្លែក
  • 32
    Shares

​សហរដ្ឋអាមេរិក​បាន​ប្រាប់​ប្រទេស​អាល្លឺម៉ង់​ថា​ខ្លួន​នឹង​កាត់បន្ថយ​ការចែករំលែក​ព័ត៌មាន​សម្ងាត់ ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៊ែរ​ឡាំង​ប្រសិនបើ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​Huawei របស់​ចិន ចូលរួម​ក្នុង​បណ្តាញទូរស័ព្ទ​ចល័ត​5G របស់ខ្លួន​នោះ​។​

​ការព្រមាន​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​លិខិត​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ពី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​អាល្លឺម៉ង់ ដែល​សារព័ត៌មាន​Wall Street Journal ទទួលបាន​។​

​សហរដ្ឋអាមេរិក​បាន​បញ្ចុះបញ្ចូល​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន​ឱ្យ​ធ្វើ​ពហិការ​ចំពោះ​ក្រុមហ៊ុន Huawei ដោយសារ​តែ​ហានិភ័យ​ផ្នែក​សន្តិសុខ​ជាតិ​។​តែ​ក្រុមហ៊ុន​នេះ​បដិសេធ​​ការអះអាង​ដែលថា​ខ្លួន​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ហើយ​បាន​ប្តឹង​រដ្ឋាភិបាល​អាមេរិក​។​

​លោក Richard Grenell ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អាល្លឺម៉ង់​បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​មិន​អាច​រក្សា​កម្រិត​ដូចគ្នា​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភ្នាក់ងារ​សន្តិសុខ​​អាឡឺម៉ង់​បានទេ ប្រសិនបើ​អាល្លឺម៉ង់​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​Huawei ឬ​ក្រុមហ៊ុន​ចិន​ដទៃទៀត ចូលរួម​ក្នុង​បណ្តាញទូរស័ព្ទ​ចល័ត 5G ជំនាន់​ក្រោយ​របស់​ខ្លួន​នោះ​។​នេះ​បើ​យោង​​តាម​កាសែត Wall Street Journal ។​

​ការព្រមាន​នេះ បង្ហាញ​ការ​ខំ​ប្រឹងប្រែង​ខ្លាំង​ឡើង​របស់​រដ្ឋបាល​របស់ លោក ដូ​ណា​ល់ ត្រាំ ប្រធាន​ធិបតី​អាមេរិក​ក្នុង​ការ​បញ្ចុះបញ្ចូល​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ឱ្យ​ធ្វើ​ពហិការ​ចំពោះ​​ផលិតផល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ដ៏​ធំ​នេះ​។​

​ក្រុមហ៊ុន Huawei បានចាប់ផ្តើម​យុទ្ធសាស្ត្រ​ថ្មី​បន្ថែម​ទៀត​នៅក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដើម្បី​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​យល់ឃើញថា​ជា​យុទ្ធនាការ “​បង្ខូច​ឈ្មោះ​” របស់​សហរដ្ឋអាមេរិក​។​

​កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន​នេះ​បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ចំពោះ​បម្រាម​មួយ​ដែល​ដាក់​កំហិត​ដល់​ភ្នាក់ងារ​សហព័ន្ធ​ពី​ការប្រើប្រាស់​ផលិត​​ផល​របស់​ខ្លួន​ដោយ​និយាយថា វា​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​៕​ប្រែ​សម្រួល​៖​សុខា​/sn

អាមេរិក​មិន​ត្រឹមតែ​មិន​ប្រើ​ផលិតផល​Huawei​តែឯង តែ​នៅ​កៀរគរ​សម្ពន្ធមិត្ត​អោយ​កុំ​ប្រើ​ផងដែរ ដែល​នេះ​សរ​បញ្ជាក់​អំពី​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​​ក្នុងការ​ទប់​ឥទ្ធិពល​ចិន