ពិភពលោកបែកបាក់ជាថ្មី ពេលនេះអំពីវេណេស៊ុយអេឡា។
ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានធ្វើឡើងកាលពីថ្ងៃ១០មករា ឆ្នាំ២០១៩នេះ តែក្រោយមកមិនដល់កន្លះខែផងនៅថ្ងៃ២៣មករាមេដឹកនាំប្រឆាំង ហ្ស័ន ក្វាយដូ អតីតវិស្វករវ័យទើប៣៥ឆ្នាំ បានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសសំបូរប្រេងមួយនេះ។
មេដឹកនាំប្រឆាំង ហ្ស័ន ក្វាយដូ និយាយក្នុងអំឡុងការជួបជុំមួយនៅក្រុងការ៉ាកាស កាលពីថ្ងៃ២៦មករា
ប្រជាជនមានការភ្ញាក់ផ្អើលដែលវេណេស៊ុយអេឡាមានប្រធានាធិបតីដល់ទៅ២ តែវាគ្មានតំលៃនឹងអបអរសាទរទេ។ជាការពិត វាតំណាងអោយការចាប់ផ្តើមនៃវិបត្តិថ្មីមួយសំរាប់ប្រជាជាតិសំបូរប្រេងតែក្រីក្រនៅអាមេរិកឡាទីនមួយនេះ។
មើលទៅអាមេរិកទំនងជាបានត្រៀមខ្លួនជាមុនបានល្អណាស់សម្រាប់វិបត្តិកាន់តែអាក្រក់ទៅនៅក្នុងប្រទេសក្រោមដែនឥទ្ធិពលរបស់ខ្លួន។នៅមួយថ្ងៃ មុនមេបក្សប្រឆាំងហ៊ានប្រកាសខ្លួនឯងជាប្រធានាធិបតី គឺថ្ងៃ២២មករា អនុប្រធានាធិបតីអាមេរិកលោកម៉ៃ ផេនស៍ បានប្រើសុន្ទរកថាតាមវីដេអូដើម្បីអំពាវនាវទៅកាន់ប្រជាជនវេណេស៊ុយអេឡាដោយផ្ទាល់អោយនាំគ្នាចេញមកតាមដងផ្លូវដើម្បីគាំទ្រប្រធានាធិបតីប្រកាសដោយខ្លួនឯងនេះ។
ផេនស៍ បាននិយាយថា«យើងនៅជាមួយអ្នកនិងយើងនឹងនៅជាមួយអ្នករហូតទាល់តែលទ្ធិប្រជាធិបតេយ្យត្រូវបានស្តារឡើងមកវិញនិងដណ្តើមបានមកវិញសិទ្ធិពីកំណើតគឺសេរីភាព»។
ភ្លាមៗបន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃ១១កញ្ញា ប្រធានាធិបតីអាមេរិកគ្រានោះ លោកចច ដាប់ប៊ឹលយូ ប៊ូស បាននិយាយថា«គ្រប់ប្រជាជាតិ នៅគ្រប់តំបន់ ឥឡូវមានការសំរេចចិត្តមួយត្រូវធ្វើ។មិនថាអ្នកនៅជាមួយអាមេរិក ឬនៅជាមួយពួកភេរវករ»។
ឥឡូវអាមេរិកមានបំណងបំបែកពិភពលោកជាថ្មី។ក្នុងការថ្លែងរបស់លោកនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីវេណេស៊ុយអេឡាកាលពីថ្ងៃ២៦មករា លោកម៉ៃ ផមផេវ រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយងថា« អាមេរិកឈរខាងប្រជាជនវេណេស៊ុយអេឡា។តាំងពីមុនមក ប្រជាជាតិជាច្រើនបានជ្រើសរើសធ្វើដូចគ្នា និងពួកគេក៏បានទទួលស្គាល់រដ្ឋាភិបាលស្របច្បាប់របស់ប្រធានាធិបតីបណ្តោះអាសន្ន ក្វាយដូ…ឥឡូវវាដល់ពេលប្រជាជាតិផ្សេងទៀតជ្រើសរើសភាគីដើម្បីគាំទ្រ។គ្មានត្រូវពន្យារពេលតទៅទៀត គ្មានការលេងហ្គេមបន្ថែម ។បើមិនឈរខាងកម្លាំងសេរីភាព អ្នកមុខជានៅខាងម៉ាឌូរ៉ូ និងសង្គមច្របូលច្របល់របស់គាត់»។
ទាំងលោកផេនស៍និងផមផេវ អះអាងថាអាមេរិកគាំទ្រប្រជាជនវេណេស៊ុយអេឡា។ទោះជាយ៉ាងណា ជាការពិតពួកគេភ្លេចគិតថា នីកូឡាស ម៉ាឌូរ៉ូត្រូវបានប្រជាជនវេណេស៊ុយអេឡា ជ្រើសរើសជាប្រធានាធិបតី។
នៅក្នុងលទ្ធិប្រជាធិបតេយ្យលោកខាងលិច ហិបឆ្នោតជាកន្លែងល្អបំផុតដើម្បីសម្តែងបំណងនិងក្តីសង្ឃឹមរបស់ប្រជាជន។ក្រុមប្រឆាំងវេណេស៊ុយអេឡាឈ្នះនៅសភាកាលពីថ្ងៃ៦ធ្នូ ឆ្នាំ២០១៥ តែពួកគេបានពហិការមិនចូលរួមការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃ២០ឧសភា ឆ្នាំ២០១៨។តើនរណាគួរបន្ទោសចំពោះពហិការនេះ?
បើក្រឡេកទៅក្រោយ ប្រជាជនវេណេស៊ុយអេឡាអាចសន្និដ្ឋានដោយងាយថា អាមេរិកនិងក្រុមប្រឆាំងវេណេស៊ុយអេឡា ជាអ្នកដឹកនាំរឿងល្ខោននេះទាំងមូល តាមចិត្តគេចង់ ដើម្បីទុកជាមោឃៈជោគជ័យនៃការបោះឆ្នោតប្រធានាធិបតីរបស់លោកម៉ាឌូរ៉ូ និងបើកផ្លូវអោយលោកក្វាយដូ ចូលជំនួស។
មួយក្នុងចំណោមគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ គឺមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ក្នុងយុគសកលូបនីយកម្មនេះ ខណៈពិភពលោកក្លាយជាភូមិសកលមួយ ការមិនជ្រៀតជ្រែកក្លាយជាទូទៅនិងកាន់តែសំខាន់ឡើង។
ចង់និយាយថា កិច្ចការរបស់វេណេស៊ុយអេឡា ត្រូវតែនិងអាចដោះស្រាយបានដោយប្រជាជនវេណេស៊ុយអេឡាខ្លួនឯងប៉ុណ្ណោះ។ដូច អ្នកនាំពាក្យក្រសួងការបរទេសចិនបានកត់សំគាល់នៅសន្និសីទកាសែតកាលពីថ្ងៃ២៥មករា ថា «ចិននៅតែរក្សាជំហរថា រាល់ប្រទេសគួរគោរពគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសបទដ្ឋានគ្រប់គ្រងទំនាក់ទំនងអន្តរជាតិនិងគោលការណ៍ច្បាប់អន្តរជាតិ ដូចជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីផងគ្នា និងមិនគំរាមប្រើកម្លាំង»។
ពេលនេះមិនថាអាមេរិកនឹងអន្តរាគមន៍ផ្តួលរំលំរដ្ឋាភិបាលវេណេស៊ុយអេឡាដោយប្រើកម្លាំងយោធាឬយ៉ាងណាទេ តែប្រជាជននៅអាមេរិកឡាទីនមិនបានភ្លេចទេថាយោធាអាមេរិកចូលអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋដូមីនិកនៅឆ្នាំ១៩៦៥ ហ្គ្រេណាដានៅឆ្នាំ១៩៨៣ និងប៉ាណាម៉ានៅឆ្នាំ១៩៨៩។
សំណាងហើយពេលនេះ ប្រទេសនៅអាមេរិកឡាទីនទាំងអស់ប្រឆាំងនឹងការចូលឈ្លានពានរបស់អាមេរិក ទោះជាការពិតគឺថា ពួកគេខ្លះគាំទ្រលោកក្វាយដូ និងខ្លះទៀតប្រឆាំង។
ពិតហើយ នៅ២ទសវត្សរ៍មកនេះ អតីតប្រធានាធិបតីសាវ៉េហ្ស៍ និងរដ្ឋការលោកម៉ាឌូរ៉ូ បានធ្វើកំហុសខ្លះនៅក្នុងវិស័យសេដ្ឋកិច្ចនិងនយោបាយ តែវាមិនគួរប្រើជាលេសសំរាប់អាមេរិកនិងអ្នកផ្សេងទៀតចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយនេះទេ។
យោងតាមតក្កវិជ្ជាអនុត្តរភាពនិយមនិងអ្វីបាននិងកំពុងកើតនៅក្នុងពិភពលោក វាហាក់ដូចជាថា ភាពត្រឹមត្រូវមិនមែនតែងតែជាអំណាចទេ តែសិទ្ធិអំណាចទេដែលជាភាពត្រឹមត្រូវ៕ប្រែសម្រួលដោយ៖វាសនា ពីCGTN