អាម៉េរិក​យល់ព្រម​ជា​មួយ​រុស្ស៊ី​និង​ចិន​អំពី​លក្ខខណ្ឌដក​កងទ័ព​ចេញ​ពី​អា​ហ្វ​ហ្គានី​ស្ថាន​

445
ចែករម្លែក

​សហរដ្ឋអាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​មេសា​ បាន​មាន​ការគាំទ្រ​ពី​គូប្រជែង​រុស្ស៊ី​និង​ចិន​លើ​ចំណុច​សំខាន់​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ដែល​ខ្លួន​កំពុង​ចរចា​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ​គឺ​ការដក​កងទ័ព​ចេញ​ដើម្បី​ជា​ថ្នូរ​ជាមួយនឹង​ក្រុម​តា​លី​បង់​ដែល​សន្យា​មិន​ស្វាគមន៍​ពួក​ជ្រុលនិយម​បរទេស​។​

​លោក Zalmay Khalilzad បេសកជន​អាម៉េរិក​ដែល​ធ្វើ​កិច្ចចរចា​ចុងក្រោយ​ជាមួយ​ក្រុម​តា​លី​បង់​នេះ បាន​ហៅ​ការមូល​មតិ​គ្នា​នេះ​ថា​ជា “​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​”​នៃ​កិច្ច​​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ បន្ទាប់ពី​លោក​បាន​ជួប​ក្រុម​អ្នកតំណាង​រុស្ស៊ី​និង​ចិន​នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី​។​

​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​ដែល​ធ្វើ​ដោយ​ប្រទេស​ទាំង​៣​នេះ បាន​អំពាវនាវ​ឱ្យមាន​ដំណើរការ​សន្តិភាព​ដែល​ដឹកនាំ​ដោយ​អា​ហ្វ​ហ្គានី​ស្ថាននិង​បាន​លើក​ឡើងចំណុច​សំខាន់​​ដែល​គ្រោង​នឹង​បង្ហាញ​នៅក្នុង​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ​។​

​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ក្រសួង​ការបរទេស​អាម៉េរិក​នេះ បាន​និយាយថា “​ភាគី​ទាំង​៣ អំពាវនាវ​ឱ្យ​មាន​ការដក​កងទ័ព​បរទេស​ចេញពី​អា​ហ្វ​ហ្គានី​ស្ថាន​ដោយមាន​​បទបញ្ជា​និង​ការទទួលខុសត្រូវ​ដែលជា​ផ្នែក​មួយ​នៃ​ដំណើរការ​សន្តិភាព​ទាំងមូល​” ។​

​ពួកគេ​ក៏​បាន​និយាយ​ផងដែរ​ថា​ក្រុម​តា​លី​បង់​បាន​ធ្វើ​ការប្តេជ្ញាចិត្ត ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​ជ្រុលនិយម​និង​កាត់ផ្តាច់​ទំនាក់ទំនង​ជា​មួយក្រុម​អាល់​កៃ​ដា​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា ក្រុម​តា​លី​បង់​បាន​សន្យា​ដោយ​ធានា​ថា​តំបន់​ដែល​ពួកគេ​គ្រប់គ្រង​នឹង​មិន​ត្រូវបាន​ប្រើ​ដើម្បី​គំរាមកំហែង​ដល់​ប្រទេស​ណាមួយ​ទេ​។ ​សេចក្តីថ្លែងការណ៍​នេះ បាន​អំពាវនាវ​ឱ្យ​ពួកគេ​រារាំង​មិនឱ្យ​មាន “​ការជ្រើសរើស​ទ័ព​ការបណ្តុះបណ្តាល និង​ការផ្តល់​មូលនិធិ​ភេរវកម្ម​” ៕​ដោយ​៖​សុខា​/sn/Ha

កងទ័ព​អាមេរិក អ៊ីតាលី និង អា​ហ្វ​ហ្គានី​ស្ថាន រៀបចំ​គ្រឿង​អាវុធ​ក្នុងពេល​ហ្វឹកហាត់​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ នៅ​ខេត្ត​Herat ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន