អាមេរិក​រង​ការចោទប្រកាន់ថា រារាំង​កិច្ចពិភាក្សា​អាកាសធាតុ​នៅ​បាងកក ចំពេល​មានការ​ប្រឆាំង​តវ៉ា​

2759
ចែករម្លែក

សហរដ្ឋអាមេរិក ទោះជាបានដកខ្លួនចេញពីកិច្ចព្រមព្រៀងទប់ស្កាត់ការឡើងកំដៅរបស់ពិភពលោក ក៏កំពុងរារាំងកិច្ចពិភាក្សាដ៏សំខាន់របស់អង្គការសហប្រជាជាតិមួយអំពីវិធីផ្តល់មូលនិធិដល់បណ្តាប្រទេសក្រីក្រ ខណៈពួកគេកំពុងតស៊ូនឹងផលបង្កឡើងពីការឡើងកំដៅនៃភពផែនដី,នេះបើតាមមន្រ្តីចរចាម្នាក់បាននិយាយប្រាប់អ្នកកាសែត។

សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានបង្កកំហឹងអន្តរជាតិដោយសារតែលោកបញ្ជាអោយអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសកាលពីឆ្នាំមុន តែប្រទេសរបស់លោកនៅតែអនុវត្តតាមផែនទីផ្លូវរបស់កិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុឆ្នាំ២០១៥ បានសន្យាផ្តល់ប្រាក់១០០ពាន់លានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២០ដល់ប្រទេសក្រីក្រ ដើម្បីដោះស្រាយជាមួយនឹងទឹកជំនន់ កំដៅនិងការឡើងកំរិតទឹកសមុទ្រ បង្កឡើងពីការឡើងកំដៅភពផែនដី។តែវានៅជាការជជែកគ្នានៅឡើយអំពីថាតើលុយនេះគួរត្រូវផ្តល់របៀបណា ព្រមទាំងថាតើប្រទេសម្ចាស់ជំនួយនឹងជួយម្នាក់ៗប៉ុណ្ណា ដោយរបៀបណាជាដើម។

ប្រភពស្និទ្ធនឹងកិច្ចពិភាក្សាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងកាលពីថ្ងៃសៅរិ៍ទី៨កញ្ញាថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់សំណើមួយដែលមានការគាំទ្រពីជប៉ុននិងអូស្រ្តាលី ដែលស្វះស្វែងដកខច្បាប់ដែលចែងអំពីការទទួលខុសត្រូវរបស់ប្រទេសអ្នកមានសម្រាប់ការផ្តល់មូលនិធិ។

ពួកអ្នកសង្កេតការណ៍នៅក្រុងបាងកកបាននិយាយថាអាមេរិកនិងបណ្តាប្រទេសអភិវឌ្ឍន៍ដទៃទៀតក៏មិនព្រមពិភាក្សាបញ្ហាអំពីថាតើប្រទេសអ្នកមានជូនដំណឹងទៅបណ្តារដ្ឋដទៃទៀតរបៀបណាអំពីផែនការផ្តល់ហិរញ្ញវត្ថុនាពេលអនាគតរបស់គេ។

ជំហររបស់អាមេរិកខុសគ្នាពីជំហររបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលនៅតែចង់បានផែនការហិរញ្ញវត្ថុមានតម្លាភាពនិងអាចព្យាករណ៍បានសំរាប់ធ្វើផែនការវិនិយោគខាងបច្ចេកវិទ្យានិងការកាត់បន្ថយការបញ្ចេញកាបោន។

អ្នកចរចាអាកាសធាតុម្នាក់បានប្រាប់សារព័ត៌មានថាគណៈប្រតិភូអាមេរិកនៅបាងកកកំពុងបំពុលកិច្ចពិភាក្សាដែលមានបំណងបង្កើតផែនទីផ្លូវច្បាស់លាស់មួយសំរាប់អនុវត្តអ្វីដែលប្រជាជាតិនានាបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសនិងថា”អាមេរិកលែងជាអ្នកលេងក្នុងហ្គេមនេះ តែនៅតែដាក់ចេញច្បាប់ទម្លាប់”។

កិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ២០១៥ បានបំណងកំហិតការឡើងសីតុណ្ហភាពពិភពលោកមកនៅក្រោម២អង្សាសេនៅត្រឹមឆ្នាំ២១០០។កិច្ចពិភាក្សានៅក្រុងបាងកកដែលត្រូវបញ្ចប់នៅថ្ងៃអាទិត្យទី៩កញ្ញា មានបំណងបំព្រួញជំរើសដែលត្រូវដាក់ជូនរដ្ឋមន្រ្តីនិងប្រមុខរដ្ឋនៅជំនួបកំពូលCOP 24 ដែលនឹងត្រូវធ្វើឡើងនៅខែធ្នូនៅប្រទេសប៉ូឡូញ។

ពួកអ្នកជំនាញព្រមានថា ពិភពលោកកំពុងអស់ពេលក្នុងការរារាំងការឡើងកំដៅដ៏អន្តរាយ។ពួកអ្នកប្រឆាំងតវ៉ាមកពីជុំវិញពិភពលោក កាលពីថ្ងៃសៅរិ៍ទី៨កញ្ញាបានអំពាវនាវអោយមេដឹកនាំបង្កើនកិច្ចខិតខំដោះស្រាយការប្រែប្រួលអាកាសធាតុ។

នៅក្រុងបាងកក ពលករនិងអ្នកនេសាទរាប់រយនាក់មកពីឈូងសមុទ្រថៃ ដែលការរស់នៅរបស់គេរងការគំរាមដោយការឡើងកំរិតទឹកសមុទ្រនោះ បាននាំគ្នាធ្វើបាតុកម្មនិងថ្កោលទោសប្រធានាធិបតីអាមេរិកនៅក្រៅស្នាក់ការអង្គការសហប្រជាជាតិ៕ដោយ៖វាសនា

សកម្មជនពាក់ម៉ាសមុខត្រាំ ចូលរួមក្នុងបាតុកម្មនៅមុខស្នាក់ការអង្គការសហប្រជាជាតិនៅក្រុងបាងកក