អាមេរិក​រឹតបន្តឹង​ទិដ្ឋាការ​ចំពោះ​មន្ត្រីជាន់ខ្ពស់​កម្ពុជា និង​ក្រុមគ្រួសារ

1156

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃទី​៦ ខែធ្នូ​ឆ្នាំ​២០១៧ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រសួងការបរទេស​​អាមេរិក​នឹង​រឹតបន្តឹង​ទិដ្ឋាការ ចំពោះ​មន្ត្រី​ជាន់​កម្ពុជា និង​ក្រុមគ្រួសារ​ចូល​អាមេរិក ជាការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​នានា ដែល​ខ្លួន​ចាត់ទុកថា រាជរដ្ឋាភិបាល​កម្ពុជា បាន​រំលោភបំពាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយបាន​ចាប់ខ្លួន​មេដឹកនាំ​ប្រឆាំង ក៏ដូចជា​ការរំលាយ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​
​ ​
​លោកស្រី Heather Nauert អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បានបញ្ជាក់​តាមរយៈ​សេចក្ដីថ្លែងការណ៍​ថា​៖​ឆ្លើយតប​ទៅនឹង​សកម្ម​ភាពជា​បន្តបន្ទាប់ របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ “​យើង​សូម​ប្រកាសថា ក្រសួងការបរទេស​អា​មេ​រិ​ក នឹង​រឹតបន្តឹង​ទិដ្ឋាការ ចំពោះ​បុគ្គល​ទាំងឡាយណា ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ នៅក្នុង​កាលៈទេសៈ​នេះ​សមាជិក​​ក្រុមគ្រួសារ នៃ​បុគ្គល​ទាំងនោះ នឹង​រឹតបន្តឹង​ដូចគ្នា​ផងដែរ​”​។​
​ ​
​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ផងដែរ​ថា “​យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វិលត្រឡប់​មករ​កស​ភាព​ដើម​វិញ ឲ្យ​មាន​បក្សប្រឆាំង  ​ដោះលែង​លោក កឹម សុខា និង​អនុញាតិ​ឲ្យ​សង្គម​ស៊ីវិល ក៏ដូចជា​បន្ត​ឡើងវិញ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ យោងតាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ដើម្បី​​រួច​ផុតពី​ការដាក់​បំរាម​ទិដ្ឋាការ​នេះ ជាពិសេស​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៨ ទទួលបាន​នូវ​នីត្យានុកូលភាព “​។​
​ ​
​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​មហាអំណាច​ពិភពលោក​រូបនេះ អះអាង​ទៀតថា ខ្លួន​នឹង​តាមដាន​ស្ថានការណ៍​បន្តទៀត​ព្រមទាំង​ចាត់វិធានការ​​បន្ថែមទៀត ប្រសិនបើ​ចាំ​ចាច់​នឹង​បន្ត​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​មានប្រសាសន៍ថា​ ​សហរដ្ឋអាមេរិក​មិនមែន​ដាក់​បម្រាម​​នោះទេ ប៉ុន្តែ​គ្រាន់តែ​ធ្វើការ​រឹតបន្តឹង​។ លោក​អះអាងថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹងមាន​សេចក្តី​ថ្លែង​​ការណ៍​មួយ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីប្រកាស​របស់ សហរដ្ឋអាមេរិក​៕​ដោយ​៖​វិបុល​-វាសនា