អាមេរិក​លក់​ប្រព័ន្ធ​កាំជ្រួច​Patriot​តំលៃ​៣,៥​ពាន់​លាន​ដុល្លារ​ទៅអោយ​តួ​ក​គី​

655
ចែករម្លែក

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​ទី​១៩​ធ្នូ​បាន​និយាយថា ខ្លួន​បានអនុម័ត​ការលក់​កាំជ្រួច​តំលៃ​៣,៥​ពាន់​លាន​ដុល្លារ​ទៅអោយ​តួ​ក​គី បន្ទាប់ពី​អាមេរិក​ព្រមាន​សម្ពន្ធមិត្ត​អង្គការ​​ណា​តូ​នេះ​អំពី​ផែន​ការទិញ​ប្រព័ន្ធ​កាំជ្រួច​ប្រជែង​មកពី​រុស្ស៊ី​។​

​ទម្រ​បាញ់​កាំជ្រួច​Patriot របស់​អាមេរិក​ត្រូវ​បានដាក់​តាំងនៅ​មូលដ្ឋាន​យោធា​តួ​ក​គី​នៅ​ហ្កា​ហ្ស៊ី​យ៉ាន​តេ​ប​កាលពី​ឆ្នាំ​២០១៣​ក្រោយពី​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ស្នើសុំ​ជំនួយ​​ទល់នឹង​កាំជ្រួច​មកពី​ស៊ី​រី​

​ការប្រកាស​នេះ​បានកើត​ឡើងខណៈ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​និយាយថា កងកម្លាំង​អាមេរិក​នឹង​ដក​ចេញពី​ប្រទេស​ស៊ី​រី ជាការ​សំរេចចិត្ត​ដែល​បានធ្វើអោយ​តួ​ក​គី​​សប្បាយចិត្ត​ខណៈ​ខ្លួន​កំពុង​វាយ​ប្រយុទ្ធ​បណ្តេញ​យុទ្ធជន​ឃឺ​ត​នៅ​ស៊ី​រី​ដែល​អាមេរិក​គាំទ្រ​។​

​ការទិញ​លក់​កាំជ្រួច​តំលៃ​រាប់ពាន់​លាន​នេះ​ក៏​កើតឡើង​ចំពេល​មាន​ព័ត៌មាន​ថា​ប្រធានាធិបតី​អាមេរិក​សន្យា​ពិនិត្យមើល​សំណើរ​របស់​សម​ភាគី​តួ​ក​គី អំពី​ការធ្វើ​បត្យាប័ន​​លោក​ហ្វេ​ធូ​ឡា ហ្គូ​ឡិន បព្វជិត​ដ៏​មាន​ឥទ្ធិពល​ម្នាក់​រស់នៅ​រដ្ឋ​ផេ​ន​ស៊ីន​វេ​នៀ ដែល​អាជ្ញាធរ​តួ​ក​គី​ចោទប្រកាន់ថា​ជា​មេក្លោង​នៃ​រដ្ឋប្រហារ​មិនបាន​សំរេច​កាលពី​ឆ្នាំ​២០១៦​។​

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា ខ្លួន​បាន​ជូន​ព័ត៌មាន​ទៅ​សភា​អំពី​ផែន​ការលក់​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ​ដែល​រួមមាន​កាំជ្រួច​Patriot៨០​ដើម កាំជ្រួច​​ស្ទាក់​កំទេច​PAC-3​ចំនួន​៦០​ដើម​និង​គ្រឿង​បរិក្ខារ​ពាក់ព័ន្ធ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា «​ការលក់​នេះ​នឹង​បង្កើន​សមត្ថភាព​ការពារ​របស់​យោធា​តួ​ក​គី​ដើម្បី​ការពារ​ទល់នឹង​ការឈ្លានពាន​បង្ករឿង​និង​ការពារ​សម្ពន្ធមិត្ត​ណា​តូ​​ដែល​អាច​ហ្វឹកហាត់​ឬ​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ព្រំដែន​តួ​ក​គី​»​។​

​សូម​រំលឹកថា កាល​ពីមួយ​ឆ្នាំមុន រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា បានប្រកាស​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​S-400 មកពី​រុស្ស៊ី ជាហេតុ​នាំអោយ​បណ្តា​សម្ពន្ធមិត្ត​​អង្គការ​ណា​តូ​របស់ខ្លួន​រិះគន់​។​មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយថា តួ​ក​គី​ធ្វើអោយប៉ះពាល់​កម្មវិធី​យោធា​អាមេរិក គឺ​យន្តហោះ​បំបាំងកាយ​ធុន F-35​បើ​តួ​ក​គី​នៅតែ​បន្ត​​ទិញ​S-400 ហើយ​អាច​ប្រឈម​នឹង​ទណ្ឌកម្ម​នៅក្រោម​ច្បាប់​អាមេរិក​៕​ដោយ​៖​វាសនា​