អាមេរិក​លែងចេញ​ទិដ្ឋាការ​ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា​,​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចាត់ទុកជា​«​អំពើ​យង់ឃ្នង និង​ជាការ​ប្រឆាំង​សិទ្ធិមនុស្ស​»

387

(​ភ្នំពេញ​)៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែកញ្ញា បានប្រកាសថា​អាមេរិក​នឹង​ផ្អាក​លែងចេញ​ទិដ្ឋាការ​ប្រ​ភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួងការបរទេស​កម្ពុ​ជា ដែលមាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូត​​ដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួងការបរទេស និង​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ ដោយមាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ​ដោយសារ​​តែ​កម្ពុជា​បដិសេធ​មិន​ព្រម​ទទួលយក​ពលរដ្ឋ​អាមេរិក​ដើមកំណើត​កម្ពុជា​ដែលមាន​ទោស​នៅ​អាមេរិក​ហើយ​ត្រូវ​បណ្តេញ​ចេញមក​ប្រទេស​​កំណើត​។​

លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​

​ជុំវិញ​ករណីនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​បញ្ជាក់ថា​ក្រសួង​កំពុងតែ​ពិនិត្យមើល​ករ​ណី​នេះ​។​រីឯ​អ្នកនាំពាក្យ​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា បាន​ហៅ​ការប្រកាស​របស់​ស្ថានទូត​អាមេរិក​ថា ជា​ករណី​យង់ឃ្នង និង​ជាការ​ប្រឆាំង​សិទ្ធិមនុស្ស​។​

​លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកញ្ញា ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុងតែ​ពិនិត្យ​លើ​បញ្ហា​នេះ​។​

​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​

​ចំណែក​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា ដែរ​ថា​ការប្រកាស​របស់​ស្ថានទូត​ងា​មេ​រិ​កបាន​​បង្ហាញ​អំពី​ករណី​យង់ឃ្នង និង​ប្រឆាំង​សិទ្ធិមនុស្ស និង​បង្ហាញ​ពិភពលោក​ថា កម្ពុជា​មិនដែល​បោះបង់ចោល​កិច្ចសហការ​ជាមួយនិង​​សហរដ្ឋអាមេរិក ចំពោះ​រឿង​បញ្ជូន​ប​បោះបង់​អ្នក​ដែល​សញ្ជាតិ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ឲ្យ​វិល​ត្រឡប់មក​កម្ពុជា​វិញ​នោះទេ​។​ហើយ​កម្ពុជា​​មិនដែល​មិន​សហការ​ទេ គឺ​សហការ ក៏ប៉ុន្តែ​កម្ពុជា​លើក​អំពី​ចំណុច​សិទ្ធិមនុស្ស​។ តើ​នៅក្នុង​សម័យកាល​នេះហើយ​ហេតុដូចម្តេច​ចំណាត់​ការ​បែបនេះ ក្លាយទៅជា​ការដាក់ទណ្ឌកម្ម អមនុស្សធម៌ មិន​គោរព​សិទ្ធិមនុស្ស ដែល​បណ្តេញ​មនុស្ស​ចាកចេញ​ពី​ក្រុមគ្រួសារ​របស់គេ​។ នេះ​ជា​រឿង​មួយ​ដែល​ពិបាក​នឹង​ទទួលយក ហើយក៏​ជា​ឧទាហរណ៍​សម្រាប់​ប្រាប់​ពិភពលោក​ថា​សហរដ្ឋអាមេរិក​មិន​ឲ្យ​តម្លៃ​ទៅលើ​​មនុស្សធម៌​ចៀស​ជាង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់គេ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ នៅក្នុង​ឆ្នាំ​២០១៦ កម្ពុជា​បានទទួល​ប្រជាពលរដ្ឋ​ខ្មែរ​មាតុភូមិនិវត្តន៍​ពី​សហរដ្ឋអាមេរិក ចំនួន​២៥​លើក មនុស្ស​៤១​នាក់​។ សរុបមក​ដល់ពេលនេះ ប្រជាពលរដ្ឋ​ខ្មែរ បានធ្វើ​មាតុភូមិនិវត្តន៍​មកពី​សហរដ្ឋអាមេរិក​មាន​ចំនួន​២២៦​លើក មនុស្ស​៥៤៤​នាក់ ស្រី​១៤​នាក់​។ ក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំងនេះ មាន​២៦​នាក់ បាន​ស្លាប់​ដោយ​យ​សារ​ជំងឺ​និង​មូលហេតុ​​ផ្សេងៗ និង​១៣​នាក់ កំពុង​ជាប់ពន្ធនាគារ​៕​ដោយៈ មុនី​រ័ត្ន​/sn