អាម៉េរិក​វាយប្រហារ​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​របស់​ចិន​ នៅ​អង្គការសហប្រជាជាតិ​

160
ចែករម្លែក
  • 520
    Shares

​សហរដ្ឋអាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា ​បាន​ប៉ះទង្គិច​ជាមួយ​ចិន​នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ស្តីពី​គំនិត​ផ្តួចផ្តើម​អំពី​ខ្សែក្រវាត់​និង​ផ្លូវ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយ​និយាយថា គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​មាន “​បញ្ហា​ដែល​គេ​បានដឹង​” ជាមួយនឹង​អំពើពុករលួយ​និង​ការបារម្ភ​អំពី​បំណុល​។​

​ជម្លោះ​រវាង​អាម៉េរិក​និង​ចិន​បានធ្វើ​ឱ្យមាន​ភាព​តានតឹង​លើ​ការ​ការចរចា​ស្តីពី​សេចក្តីសម្រេចចិត្ត​អំពី​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​បង្ខំ​ឱ្យ​ក្រុមប្រឹក្សា​នេះ​ទទួលយក​បេសកកម្ម​ជា​បណ្តោះអាសន្នរ​បស់​អង្គការសហប្រជាជាតិ​នៅ​ទីនោះ​រយៈពេល​៦​ខែ​ជំនួស​ឱ្យ​មួយឆ្នាំ​។​

​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​របស់​ទីក្រុង​ប៉េកាំង ដែលមាន​បំណង​បង្កើត​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​តាមរយៈ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដូចជា​អាកាសយានដ្ឋាន​និង​ផ្លូវថ្នល់ ត្រូវបាន​ពួក​អ្នក​រិះគន់​ពណ៌នា​ថា​ជាការ​វាទទី​និយម​របស់​ចិន​។​

​ឯកអគ្គរដ្ឋទូត​ស្តីទី​អាម៉េរិក​លោក​ចូ​ណា​ថា​ន ខូ​ហិន (Jonathan Cohen) បាន​ចោទប្រកាន់​ចិន​ថា​បានទាមទារ​ឱ្យ​សេចក្តីសម្រេចចិត្ត​នេះ​គូសបញ្ជាក់​ផង​អំពី​គំនិត​ផ្តួចផ្តើម​អំពី​ខ្សែក្រវាត់​និង​ផ្លូវ “​ទោះបីជា​ពុំមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​មាន​បញ្ហា​ដែល​គេ​ដឹង​ជាច្រើន​អំពី​អំពើពុករលួយ ក្តីកង្វល់​អំពី​បំណុល ការខូចខាត​បរិស្ថាន និង​កង្វះ​តម្លាភាព​”​។​

​លោក​ខូ​ហិន ​បាន​ចោទប្រកាន់​ចិន​ថា​បាន​យក​ការចរចា​របស់​អ​.​ស​.​ប​ធ្វើជា​ចំណាប់ខ្មាំង “​ដោយនិយាយ​តែ​អំពី​អាទិភាព​នយោបាយ​ជាតិចិន​ជាជាង​ផលប្រយោជន៍​របស់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​”​។​

​ចិន​បាន​វាយបក​មកវិញ ជាមួយ​លោក​ឯកអគ្គរដ្ឋទូតរ​ង វូ ហៃ​តាវ (Wu Haitao) បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ថា សម្តី​របស់លោក​ខូ​ហិន គឺ “​ខុសពី​ការពិត​និង​បង្កប់​ដោយ​ភាព​រើសអើង​”​។​

​លោក​វូ​បាន​និយាយថា “​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ​និង​ភាពរុងរឿង​រួមគ្នា​។ វា​គ្មានអ្វី​ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ​ទេ​”​។​

​ជម្លោះ​នេះ​បាន​កើតឡើង​ខណៈដែល​ស​ហ​រដ្ឋ​អាម៉េរិក​និង​ចិន​កំពុង​ចរចា​គ្នា​ដើម្បី​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម ដែល​បណ្តាលឱ្យ​ក្រុមហ៊ុន​ជាច្រើន​ជួប​បញ្ហា​ជាមួយ​ពន្ធ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​លើ​បេសកកម្ម​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បញ្ចូល​ភាសា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​គំនិត​ផ្តួចផ្តើម​អំពី​ខ្សែក្រវាត់​និង​ផ្លូវ​តាំងពី​ឆ្នាំ ២០១៦​។​

​សហរដ្ឋអាម៉េរិក​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឱ្យ​ដក​គំនិត​ផ្តួចផ្តើម​នេះ​ចេញពី​សេចក្តីសម្រេច​អ​.​ស​.​ប បន្ទាប់ពី​មានការ​រិះគន់​យ៉ាងខ្លាំង​កាលពី​ឆ្នាំមុន​ដោយ​អនុ​ប្រធានាធិបតី​អាម៉េរិក ម៉ៃ ផេ​ន ដែល​បាន​និយាយថា​កម្មវិធី​នេះ​បាន​បណ្តាលឱ្យ​ប្រទេស​ជាច្រើន​ផុង​ក្នុង​បំណុល​៕ ដោយ៖ កញ្ញាដាលីស/Ha

លោក​ឯកអគ្គរដ្ឋទូត​រង វូ ហៃ​តាវ ក្នុងពេល​ប៉ះទង្គិច​ជាមួយ​អាមេរិក​នៅ​អ​.​ស​.​ប